1. ក្រោយនោះមកទៀត ទ្រង់យាងទៅប្រដៅក្នុងគ្រប់ក្រុងគ្រប់ភូមិជាមួយនឹងពួក១២នាក់ ព្រមទាំងប្រាប់ដំណឹងល្អពីនគរព្រះ
2. ក៏មានស្ត្រីខ្លះដែលបានជាពីអារក្សអសោច ហើយពីជំងឺផ្សេងៗបានទៅជាមួយដែរ គឺមានម៉ារា ហៅថាអ្នកស្រុកម៉ាក់ដាឡា ដែលមានអារក្ស៧ចេញពីនាង១
3. និងយ៉ូអាន់ ជាប្រពន្ធឃូសា មហាតលិកស្តេចហេរ៉ូឌ១ ស៊ូសាន១ ហើយស្ត្រីឯទៀតៗជាច្រើនដែរ ដែលយកទ្រព្យខ្លួនមកជួយទ្រង់។
4. កាលមានមនុស្សមកពីគ្រប់ស្រុក ប្រជុំគ្នាឯទ្រង់ជាណែនណាន់តាន់តាប់ហើយ នោះទ្រង់មានព្រះបន្ទូលដោយពាក្យប្រៀបប្រដូចថា
5. «មានអ្នកព្រោះពូជម្នាក់ចេញទៅព្រោះ កំពុងដែលគាត់ព្រោះ នោះមានខ្លះធ្លាក់ចុះតាមផ្លូវ ត្រូវគេដើរជាន់ ហើយសត្វហើរលើអាកាសក៏មកចឹកស៊ី
6. ខ្លះទៀតធ្លាក់ទៅលើថ្ម កាលពន្លកឡើង នោះក៏ក្រៀមស្វិតទៅ ពីព្រោះគ្មានធាតុសើមសោះ
7. មានខ្លះទៀតធ្លាក់ទៅកណ្តាលបន្លា បន្លាក៏ដុះឡើងជាមួយ ហើយរួបខ្ទប់វា
8. មានខ្លះទៀតធ្លាក់ទៅក្នុងដីល្អ ក៏ពន្លកដុះឡើង បង្កើតផលផ្លែបាន១ជា១រយភាគ» កាលទ្រង់មានព្រះបន្ទូលសេចក្ដីទាំងនោះស្រេចហើយ នោះក៏បន្លឺវាចាថា «អ្នកណាដែលមានត្រចៀកសំរាប់ស្តាប់ ឲ្យស្តាប់ចុះ»។
9. ពួកសិស្សទូលសួរទ្រង់ថា ពាក្យប្រៀបនេះមានន័យដូចម្តេច
10. ទ្រង់ឆ្លើយថា ឯអ្នករាល់គ្នា ព្រះបានប្រទានឲ្យស្គាល់អស់ទាំងការអាថ៌កំបាំងរបស់នគរទ្រង់ហើយ តែបានសំដែងដល់អ្នកឯទៀត ដោយពាក្យប្រៀបប្រដូចវិញ ដើម្បីកាលណាគេឃើញ នោះមិនឃើញវិញ ហើយកាលណាគេឮ នោះមិនយល់ឡើយ
11. រីឯពាក្យប្រៀបប្រដូចនេះ គឺស្រាយយ៉ាងនេះថា ពូជនោះ គឺព្រះបន្ទូល
12. ឯពួកអ្នកដែលទទួលតាមផ្លូវ គឺជាអស់អ្នកដែលបានឮ រួចអារក្សមកឆក់យកព្រះបន្ទូលពីចិត្តគេចេញទៅ ក្រែងគេជឿ ហើយបានសង្គ្រោះ
13. ឯពួកអ្នកដែលទទួលនៅលើថ្ម គឺអស់អ្នកដែលកាលណាឮព្រះបន្ទូលហើយ នោះក៏ទទួលដោយអំណរ តែគ្មានចាក់ឫសសោះ គេជឿនៅតែ១ស្របក់ប៉ុណ្ណោះ លុះកើតមានសេចក្ដីល្បួង នោះគេរសាយចិត្តទៅវិញ
14. ឯពូជដែលធ្លាក់ទៅក្នុងបន្លា គឺអស់អ្នកដែលបានឮ រួចចេញទៅ នោះសេចក្ដីខ្វល់ខ្វាយ និងទ្រព្យសម្បត្តិ ហើយនឹងសេចក្ដីស្រើបស្រាលនៅជីវិតនេះ ក៏ចូលមកខ្ទប់ជិត មិនឲ្យបង្កើតផលផ្លែដ៏ពេញលេញបានឡើយ