លូកា 8:1-12 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ក្រោយ​នោះ​មក​ទៀត ទ្រង់​យាង​ទៅ​ប្រដៅ​ក្នុង​គ្រប់​ក្រុង​គ្រប់​ភូមិ​ជា​មួយ​នឹង​ពួក​១២​នាក់ ព្រម​ទាំង​ប្រាប់​ដំណឹង​ល្អ​ពី​នគរ​ព្រះ

2. ក៏​មាន​ស្ត្រី​ខ្លះ​ដែល​បាន​ជា​ពី​អារក្ស‌អសោច ហើយ​ពី​ជំងឺ​ផ្សេងៗ​បាន​ទៅ​ជា​មួយ​ដែរ គឺ​មាន​ម៉ារា ហៅ​ថា​អ្នក​ស្រុក​ម៉ាក់‌ដាឡា ដែល​មាន​អារក្ស​៧​ចេញ​ពី​នាង​១

3. និង​យ៉ូអាន់ ជា​ប្រពន្ធ​ឃូសា មហា‌តលិក​ស្តេច​ហេរ៉ូឌ​១ ស៊ូសាន​១ ហើយ​ស្ត្រី​ឯ​ទៀតៗ​ជា​ច្រើន​ដែរ ដែល​យក​ទ្រព្យ​ខ្លួន​មក​ជួយ​ទ្រង់។

4. កាល​មាន​មនុស្ស​មក​ពី​គ្រប់​ស្រុក ប្រជុំ​គ្នា​ឯ​ទ្រង់​ជា​ណែន‌ណាន់‌តាន់‌តាប់​ហើយ នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ដោយ​ពាក្យ​ប្រៀប​ប្រដូច​ថា

5. «មាន​អ្នក​ព្រោះ​ពូជ​ម្នាក់​ចេញ​ទៅ​ព្រោះ កំពុង​ដែល​គាត់​ព្រោះ នោះ​មាន​ខ្លះ​ធ្លាក់​ចុះ​តាម​ផ្លូវ ត្រូវ​គេ​ដើរ​ជាន់ ហើយ​សត្វ​ហើរ​លើ​អាកាស​ក៏​មក​ចឹក​ស៊ី

6. ខ្លះ​ទៀត​ធ្លាក់​ទៅ​លើ​ថ្ម កាល​ពន្លក​ឡើង នោះ​ក៏​ក្រៀម​ស្វិត​ទៅ ពី​ព្រោះ​គ្មាន​ធាតុ​សើម​សោះ

7. មាន​ខ្លះ​ទៀត​ធ្លាក់​ទៅ​កណ្តាល​បន្លា បន្លា​ក៏​ដុះ​ឡើង​ជា​មួយ ហើយ​រួប​ខ្ទប់​វា

8. មាន​ខ្លះ​ទៀត​ធ្លាក់​ទៅ​ក្នុង​ដី​ល្អ ក៏​ពន្លក​ដុះ​ឡើង បង្កើត​ផល​ផ្លែ​បាន​១​ជា​១​រយ​ភាគ» កាល​ទ្រង់​មាន​ព្រះ‌បន្ទូល​សេចក្ដី​ទាំង​នោះ​ស្រេច​ហើយ នោះ​ក៏​បន្លឺ​វាចា​ថា «អ្នក​ណា​ដែល​មាន​ត្រចៀក​សំរាប់​ស្តាប់ ឲ្យ​ស្តាប់​ចុះ»។

9. ពួក​សិស្ស​ទូល​សួរ​ទ្រង់​ថា ពាក្យ​ប្រៀប​នេះ​មាន​ន័យ​ដូច​ម្តេច

10. ទ្រង់​ឆ្លើយ​ថា ឯ​អ្នក​រាល់​គ្នា ព្រះ​បាន​ប្រទាន​ឲ្យ​ស្គាល់​អស់​ទាំង​ការ​អាថ៌‌កំបាំង​របស់​នគរ​ទ្រង់​ហើយ តែ​បាន​សំដែង​ដល់​អ្នក​ឯ​ទៀត ដោយ​ពាក្យ​ប្រៀប​ប្រដូច​វិញ ដើម្បី​កាល​ណា​គេ​ឃើញ នោះ​មិន​ឃើញ​វិញ ហើយ​កាល​ណា​គេ​ឮ នោះ​មិន​យល់​ឡើយ

11. រីឯ​ពាក្យ​ប្រៀប​ប្រដូច​នេះ គឺ​ស្រាយ​យ៉ាង​នេះ​ថា ពូជ​នោះ គឺ​ព្រះ‌បន្ទូល

12. ឯ​ពួក​អ្នក​ដែល​ទទួល​តាម​ផ្លូវ គឺ​ជា​អស់​អ្នក​ដែល​បាន​ឮ រួច​អារក្ស​មក​ឆក់​យក​ព្រះ‌បន្ទូល​ពី​ចិត្ត​គេ​ចេញ​ទៅ ក្រែង​គេ​ជឿ ហើយ​បាន​សង្គ្រោះ

លូកា 8