8. ដ្បិតទូលបង្គំនៅក្រោមអំណាចគេដែរ ក៏មានទាហាននៅក្រោមឱវាទទូលបង្គំ ទូលបង្គំប្រាប់ទៅម្នាក់ថា ទៅវាក៏ទៅ ប្រាប់ទៅម្នាក់ទៀតថា មក វាក៏មក ហើយប្រាប់ទៅបាវថា ធ្វើការនេះចុះ នោះវាក៏ធ្វើតាម
9. កាលព្រះយេស៊ូវបានឮសេចក្ដីទាំងនោះ ទ្រង់ក៏មានសេចក្ដីអស្ចារ្យនឹងមេទ័ពនោះណាស់ រួចទ្រង់បែរទៅ មានព្រះបន្ទូលនឹងមនុស្សទាំងប៉ុន្មានដែលតាមទ្រង់ថា ខ្ញុំប្រាប់អ្នករាល់គ្នាថា ខ្ញុំមិនដែលឃើញសេចក្ដីជំនឿណាជាខ្លាំងដល់ម៉្លេះទេ ទោះបើនៅសាសន៍អ៊ីស្រាអែលក៏ដោយ
10. ឯពួកអ្នកដែលលោកបានចាត់ឲ្យមក គេក៏ត្រឡប់ទៅផ្ទះវិញ ឃើញបាវដែលឈឺនោះបានជាហើយ។
11. ដល់ថ្ងៃក្រោយមក ទ្រង់យាងទៅឯក្រុង១ហៅថា ណាអ៊ីន មានទាំងពួកសិស្ស និងមនុស្សសន្ធឹកទៅដែរ
12. កាលចូលទៅជិតដល់ទ្វារកំផែងក្រុង នោះឃើញគេសែងខ្មោចចេញមក ជាខ្មោចកូនតែ១ ដែលម្តាយនៅមេម៉ាយ ហើយមានមនុស្សក្រុងនោះជាច្រើនហែមកជាមួយនឹងគាត់
13. កាលព្រះអម្ចាស់បានឃើញ នោះទ្រង់មានព្រះហឫទ័យក្តួលអាណិតអាសូរដល់គាត់ណាស់ ក៏មានព្រះបន្ទូលថា កុំយំអី
14. រួចទ្រង់យាងចូលទៅពាល់ក្តារមឈូស ឯពួកអ្នកសែងក៏ឈប់ ហើយទ្រង់មានព្រះបន្ទូលថា អ្នកកំឡោះអើយ ខ្ញុំបង្គាប់អ្នកថា ចូរក្រោកឡើង
15. អ្នកដែលស្លាប់នោះ ក៏ក្រោកឡើងអង្គុយ ហើយចាប់តាំងនិយាយ រួចទ្រង់ប្រគល់ដល់ម្តាយវិញ
16. មនុស្សទាំងអស់គ្នាកើតមានសេចក្ដីស្ញែងខ្លាច ក៏សរសើរដំកើងដល់ព្រះ ដោយពាក្យថា មានហោរា១ធំបានកើតឡើងក្នុងពួកយើង ហើយថា ព្រះបានប្រោសរាស្ត្រទ្រង់ហើយ
17. ពាក្យគេថ្លែងពីទ្រង់នេះ បានឮសុសសាយពេញទួទៅក្នុងស្រុកយូដា និងស្រុកនៅជុំវិញទាំងអស់។
18. ពួកសិស្សយ៉ូហាន ក៏ទៅប្រាប់គាត់ពីគ្រប់ការទាំងនេះ
19. រួចយ៉ូហានហៅសិស្សគាត់២នាក់មក ប្រើឲ្យទៅទូលសួរព្រះយេស៊ូវថា តើទ្រង់ជាព្រះដែលត្រូវមកពិត ឬត្រូវឲ្យយើងខ្ញុំនៅចាំ១អង្គទៀត
20. កាលអ្នកទាំង២នោះមកដល់ ក៏ទូលទ្រង់ថា លោកយ៉ូហាន-បាទីស្ទបានចាត់យើងខ្ញុំឲ្យមកសួរទ្រង់ថា តើទ្រង់ជាព្រះដែលត្រូវមកពិត ឬត្រូវឲ្យយើងខ្ញុំនៅចាំ១អង្គទៀត
21. នៅវេលានោះឯង ទ្រង់បានប្រោសមនុស្សជំងឺ មនុស្សវេទនា និងមនុស្សអារក្សអសោចចូលជាច្រើនឲ្យបានជា ហើយមនុស្សខ្វាក់ជាច្រើនឲ្យភ្លឺដែរ
22. រួចទ្រង់ក៏ឆ្លើយថា ចូរទៅប្រាប់យ៉ូហានពីការដែលអ្នកបានឃើញហើយឮចុះ គឺមនុស្សខ្វាក់បានភ្លឺ មនុស្សខ្វិនដើរបាន មនុស្សឃ្លង់បានជាស្អាត មនុស្សថ្លង់ស្តាប់ឮ មនុស្សស្លាប់រស់ឡើងវិញ ហើយមនុស្សទាល់ក្រក៏បានឮដំណឹងល្អ
23. មានពរហើយ អ្នកណាដែលមិនរវាតចិត្តដោយព្រោះខ្ញុំ។
24. កាលសិស្សដែលយ៉ូហានចាត់ឲ្យមក បានចេញទៅហើយ នោះទ្រង់ចាប់តាំងមានព្រះបន្ទូលនឹងបណ្តាមនុស្សពីយ៉ូហានថា តើអ្នករាល់គ្នាបានទៅមើលអ្វីនៅទីរហោស្ថាន បានទៅមើលដើមត្រែងរញ្ជួយ និងខ្យល់ឬអី