36. មានពួកផារីស៊ីម្នាក់ទូលសូមទ្រង់ ឲ្យសោយជាមួយនឹងគាត់ ទ្រង់ក៏យាងចូលទៅគង់នៅតុ ក្នុងផ្ទះគាត់
37. ហើយមើលនៅក្រុងនោះមានស្ត្រីម្នាក់ដែលមានបាប នាងបានដឹងថា ទ្រង់គង់នៅតុក្នុងផ្ទះអ្នកផារីស៊ីនោះ ក៏យកដបថ្មកែវដាក់ប្រេងក្រអូបមក
38. នាងឈរពីខាងក្រោយ ទៀបព្រះបាទទ្រង់ទាំងយំ ចាប់តាំងសំរក់ទឹកភ្នែកទទឹកព្រះបាទទ្រង់ រួចយកសក់ក្បាលនាងជូត ក៏ថើបព្រះបាទ ដោយស្រឡាញ់ ហើយយកប្រេងក្រអូបលាបផង
39. កាលពួកផារីស៊ីម្នាក់ដែលអញ្ជើញទ្រង់មក បានឃើញដូច្នោះ ក៏គិតក្នុងចិត្តថា បើអ្នកនេះជាហោរាមែន នោះនឹងស្គាល់ស្ត្រីដែលពាល់ខ្លួន ហើយដឹងថាជាមនុស្សយ៉ាងណា ព្រោះនាងជាមនុស្សមានបាប
40. ព្រះយេស៊ូវក៏មានព្រះបន្ទូលថា ស៊ីម៉ូនអើយ ខ្ញុំចង់និយាយនឹងអ្នកបន្តិច គាត់ក៏ឆ្លើយថា សូមលោកគ្រូមានប្រសាសន៍មកចុះ
41. ទ្រង់មានព្រះបន្ទូលថា មាន២នាក់ជំពាក់អ្នកចងការម្នាក់ អ្នក១ ជំពាក់១០០រៀល អ្នក១ទៀត១០រៀល
42. ដោយព្រោះគេគ្មានអ្វីនឹងសង បានជាគាត់លែងទារពីអ្នកទាំង២ទៅ ដូច្នេះក្នុង២នាក់នោះ តើអ្នកណាស្រឡាញ់គាត់ជាជាង
43. ស៊ីម៉ូនទូលឆ្លើយថា ខ្ញុំស្មានថាជាអ្នកមួយដែលជំពាក់ច្រើនជាងនោះឯង ទ្រង់ក៏មានព្រះបន្ទូលតបថា អ្នកស្មានត្រូវហើយ
44. រួចទ្រង់បែរទៅឯស្ត្រីនោះ តែមានព្រះបន្ទូលនឹងស៊ីម៉ូនថា អ្នកឃើញស្ត្រីនេះឬទេ ខ្ញុំបានចូលមកក្នុងផ្ទះអ្នក អ្នកមិនបានឲ្យទឹកសំរាប់លាងជើងខ្ញុំទេ តែនាងបានសំរក់ទឹកភ្នែកទទឹកជើងខ្ញុំ ហើយយកសក់ជូតផង
45. អ្នកមិនបានថើបខ្ញុំសោះ តែតាំងពីខ្ញុំចូលមក នាងចេះតែថើបជើងខ្ញុំដោយស្រឡាញ់