13. កាលព្រះអម្ចាស់បានឃើញ នោះទ្រង់មានព្រះហឫទ័យក្តួលអាណិតអាសូរដល់គាត់ណាស់ ក៏មានព្រះបន្ទូលថា កុំយំអី
14. រួចទ្រង់យាងចូលទៅពាល់ក្តារមឈូស ឯពួកអ្នកសែងក៏ឈប់ ហើយទ្រង់មានព្រះបន្ទូលថា អ្នកកំឡោះអើយ ខ្ញុំបង្គាប់អ្នកថា ចូរក្រោកឡើង
15. អ្នកដែលស្លាប់នោះ ក៏ក្រោកឡើងអង្គុយ ហើយចាប់តាំងនិយាយ រួចទ្រង់ប្រគល់ដល់ម្តាយវិញ
16. មនុស្សទាំងអស់គ្នាកើតមានសេចក្ដីស្ញែងខ្លាច ក៏សរសើរដំកើងដល់ព្រះ ដោយពាក្យថា មានហោរា១ធំបានកើតឡើងក្នុងពួកយើង ហើយថា ព្រះបានប្រោសរាស្ត្រទ្រង់ហើយ
17. ពាក្យគេថ្លែងពីទ្រង់នេះ បានឮសុសសាយពេញទួទៅក្នុងស្រុកយូដា និងស្រុកនៅជុំវិញទាំងអស់។
18. ពួកសិស្សយ៉ូហាន ក៏ទៅប្រាប់គាត់ពីគ្រប់ការទាំងនេះ
19. រួចយ៉ូហានហៅសិស្សគាត់២នាក់មក ប្រើឲ្យទៅទូលសួរព្រះយេស៊ូវថា តើទ្រង់ជាព្រះដែលត្រូវមកពិត ឬត្រូវឲ្យយើងខ្ញុំនៅចាំ១អង្គទៀត
20. កាលអ្នកទាំង២នោះមកដល់ ក៏ទូលទ្រង់ថា លោកយ៉ូហាន-បាទីស្ទបានចាត់យើងខ្ញុំឲ្យមកសួរទ្រង់ថា តើទ្រង់ជាព្រះដែលត្រូវមកពិត ឬត្រូវឲ្យយើងខ្ញុំនៅចាំ១អង្គទៀត
21. នៅវេលានោះឯង ទ្រង់បានប្រោសមនុស្សជំងឺ មនុស្សវេទនា និងមនុស្សអារក្សអសោចចូលជាច្រើនឲ្យបានជា ហើយមនុស្សខ្វាក់ជាច្រើនឲ្យភ្លឺដែរ
22. រួចទ្រង់ក៏ឆ្លើយថា ចូរទៅប្រាប់យ៉ូហានពីការដែលអ្នកបានឃើញហើយឮចុះ គឺមនុស្សខ្វាក់បានភ្លឺ មនុស្សខ្វិនដើរបាន មនុស្សឃ្លង់បានជាស្អាត មនុស្សថ្លង់ស្តាប់ឮ មនុស្សស្លាប់រស់ឡើងវិញ ហើយមនុស្សទាល់ក្រក៏បានឮដំណឹងល្អ
23. មានពរហើយ អ្នកណាដែលមិនរវាតចិត្តដោយព្រោះខ្ញុំ។
24. កាលសិស្សដែលយ៉ូហានចាត់ឲ្យមក បានចេញទៅហើយ នោះទ្រង់ចាប់តាំងមានព្រះបន្ទូលនឹងបណ្តាមនុស្សពីយ៉ូហានថា តើអ្នករាល់គ្នាបានទៅមើលអ្វីនៅទីរហោស្ថាន បានទៅមើលដើមត្រែងរញ្ជួយ និងខ្យល់ឬអី
25. តើអ្នករាល់គ្នាបានទៅមើលអ្វី បានទៅមើលមនុស្សស្លៀកពាក់អាវទន់ភ្លន់ឬអី មើលពួកអ្នកដែលស្លៀកពាក់ល្អប្រសើរ ហើយរស់នៅដោយរុងរឿង នោះសុទ្ធតែនៅក្នុងដំណាក់ស្តេចទេ
26. ចុះអ្នករាល់គ្នា បានទៅមើលអ្វី មើលហោរាឬអី មែនហើយ ខ្ញុំប្រាប់អ្នករាល់គ្នាថា គាត់ក៏លើសជាងហោរាផង