1. កាលទ្រង់មានព្រះបន្ទូលសេចក្ដីទាំងនោះ ឲ្យបណ្តាជនស្តាប់រួចហើយ ក៏យាងចូលទៅក្នុងក្រុងកាពើណិមវិញ
2. នោះមានបាវសំណប់របស់មេទ័ពម្នាក់ វាឈឺហៀបនឹងស្លាប់
3. លោកបានឮនិយាយពីព្រះយេស៊ូវ ក៏ចាត់ពួកចាស់ទុំសាសន៍យូដាខ្លះ ឲ្យទៅអង្វរអញ្ជើញទ្រង់មកជួយសង្គ្រោះបាវនោះ
4. កាលគេបានទៅដល់ព្រះយេស៊ូវហើយ នោះក៏ទទូចអង្វរទ្រង់ថា មេទ័ពនោះមានបំណាច់ណាស់ គួរឲ្យប្រោសមេត្តាដែរ
5. ដ្បិតគាត់ស្រឡាញ់ដល់សាសន៍យើង ហើយបានសង់សាលាប្រជុំ១សំរាប់យើងរាល់គ្នា
6. ព្រះយេស៊ូវក៏យាងទៅជាមួយនឹងគេ កាលហៀបនឹងដល់ផ្ទះហើយ នោះមេទ័ពចាត់ពួកសំឡាញ់ឲ្យមកទូលទ្រង់ថា ព្រះអម្ចាស់អើយ សូមកុំព្រួយព្រះទ័យឡើយ មិនគួរនឹងឲ្យទូលបង្គំទទួលទ្រង់នៅក្នុងផ្ទះទូលបង្គំទេ
7. គឺដោយហេតុនោះបានជាទូលបង្គំមិនបានរាប់ខ្លួនថា គួរនឹងមកឯទ្រង់ដែរ សូមទ្រង់គ្រាន់តែមានព្រះបន្ទូល១ព្រះឱស្ឋប៉ុណ្ណោះចុះ នោះបាវទូលបង្គំបានជាហើយ
8. ដ្បិតទូលបង្គំនៅក្រោមអំណាចគេដែរ ក៏មានទាហាននៅក្រោមឱវាទទូលបង្គំ ទូលបង្គំប្រាប់ទៅម្នាក់ថា ទៅវាក៏ទៅ ប្រាប់ទៅម្នាក់ទៀតថា មក វាក៏មក ហើយប្រាប់ទៅបាវថា ធ្វើការនេះចុះ នោះវាក៏ធ្វើតាម