35. ចូរស្រឡាញ់ដល់ខ្មាំងសត្រូវរបស់អ្នករាល់គ្នា ឲ្យប្រព្រឹត្តល្អនឹងគេ ហើយឲ្យគេខ្ចី ដោយឥតសង្ឃឹមនឹងបានអ្វីមកវិញចុះ នោះអ្នករាល់គ្នានឹងបានរង្វាន់ជាយ៉ាងធំ ហើយនឹងធ្វើជាកូននៃព្រះដ៏ខ្ពស់បំផុត ដ្បិតទ្រង់តែងល្អ ដល់ទាំងមនុស្សអកតញ្ញូ និងមនុស្សអាក្រក់ដែរ
36. ដូច្នេះ ចូរអ្នករាល់គ្នាមានចិត្តមេត្តាករុណា ដូចជាព្រះវរបិតានៃអ្នក ទ្រង់មានព្រះហឫទ័យមេត្តាករុណាដែរ។
37. កុំឲ្យថ្កោលទោសគេឲ្យសោះ ដើម្បីកុំឲ្យមានគេថ្កោលទោសអ្នកវិញ កុំឲ្យនិន្ទាគេឡើយ ដើម្បីកុំឲ្យមានគេនិន្ទាអ្នកវិញដែរ ចូរលើកលែងឲ្យគេ នោះគេនឹងលើកលែងឲ្យអ្នកវិញ
38. ចូរឲ្យទៅគេ នោះនឹងបានមកអ្នកដែរ គេនឹងវាល់ឲ្យអ្នកយ៉ាងល្អ ទាំងញាត់ ទាំងរលាក់ ហើយដាក់ឲ្យហៀរ និងយកមកដាក់បំពេញចិត្តអ្នកផង ដ្បិតគេនឹងវាល់ឲ្យអ្នក តាមរង្វាល់ណាដែលអ្នកវាល់ឲ្យគេ។
39. ទ្រង់ក៏មានព្រះបន្ទូលពាក្យប្រៀបទៅគេថា តើមនុស្សខ្វាក់អាចនឹងដឹកមនុស្សខ្វាក់បានឬទេ តើមិនធ្លាក់ទៅក្នុងរណ្តៅទាំង២នាក់ទេឬអី
40. សិស្សមិនមែនលើសជាងគ្រូទេ តែអ្នកណាដែលបានគ្រប់លក្ខណ៍ នោះនឹងបានដូចជាគ្រូដែរ
41. ហេតុអ្វីបានជាមើលឃើញកំទេច ដែលនៅក្នុងភ្នែកប្អូនអ្នក តែមិនឃើញធ្នឹម ដែលនៅក្នុងភ្នែកខ្លួនវិញសោះ
42. ធ្វើដូចម្តេចឲ្យអ្នក ដែលមើលធ្នឹមក្នុងភ្នែកខ្លួនមិនឃើញ អាចនិយាយទៅប្អូនបានថា ប្អូនអើយ ឲ្យអញយកកំទេច ពីភ្នែកឯងចេញដូច្នេះ ឱអ្នកមានពុតអើយ ចូរយកធ្នឹមពីភ្នែកអ្នកចេញជាមុនសិន នោះទើបនឹងបានឃើញច្បាស់ អាចនឹងយកកំទេចចេញពីភ្នែកប្អូនអ្នកបានដែរ។
43. ដ្បិតគ្មានដើមឈើល្អណា ដែលមានផលផ្លែអាក្រក់ទេ ក៏គ្មានដើមអាក្រក់ណា ដែលមានផលផ្លែល្អដែរ
44. ពីព្រោះគេស្គាល់ដើមឈើនីមួយៗ ដោយសារតែផ្លែទេ គេមិនដែលបេះផ្លែល្វាពីគុម្ពបន្លា ឬផ្លែទំពាំងបាយជូរពីអញ្ចាញឡើយ
45. ឯមនុស្សល្អ គេក៏យកសេចក្ដីល្អ ពីកំណប់ល្អ ដែលកប់ទុកក្នុងចិត្តគេ ហើយមនុស្សអាក្រក់ក៏យកសេចក្ដីអាក្រក់ ចេញពីកំណប់អាក្រក់ក្នុងចិត្តខ្លួនដែរ ដ្បិតមាត់គេពោលបញ្ចេញសេចក្ដីបរិបូរ ដែលនៅក្នុងចិត្តជានិច្ច។
46. ហេតុអ្វីបានជាហៅខ្ញុំថា ឱព្រះអម្ចាស់ៗអើយ តែមិនធ្វើតាមពាក្យខ្ញុំវិញដូច្នេះ
47. ឯអស់អ្នកដែលមកស្តាប់ពាក្យខ្ញុំទាំងនេះ ហើយប្រព្រឹត្តតាម នោះខ្ញុំនឹងបង្ហាញឲ្យអ្នករាល់គ្នាដឹងថា អ្នកនោះធៀបដូចជាអ្វី
48. គឺធៀបដូចជាមនុស្សម្នាក់ដែលសង់ផ្ទះ គាត់បានជីកយ៉ាងជ្រៅ ដាក់ជើងសសរនៅលើថ្ម កាលមានទឹកជន់ឡើង ហូរគំហុកមកប៉ះនឹងផ្ទះនោះ នោះធ្វើឲ្យរញ្ជួយមិនបានឡើយ ពីព្រោះបានសង់នៅលើថ្ម
49. តែអ្នកដែលឮ ហើយមិនប្រព្រឹត្តតាម នោះប្រៀបដូចជាមនុស្សម្នាក់ដែលសង់ផ្ទះនៅលើដី ឥតដាំជើងសសរសោះ លុះទឹកហូរគំហុកមកប៉ះត្រូវ ផ្ទះនោះក៏រលំទៅភ្លាម ហើយត្រូវខូចខាតជាច្រើនផង។