24. តែវេទនាដល់អ្នករាល់គ្នា ជាអ្នកមាន ដ្បិតអ្នករាល់គ្នាកំពុងតែមានសេចក្ដីកំសាន្តចិត្តក្នុងសម័យនេះ
25. វេទនាដល់អ្នករាល់គ្នាដែលឆ្អែត ដ្បិតនឹងត្រូវឃ្លានវិញ វេទនាដល់អ្នករាល់គ្នា ដែលសើចក្នុងជាន់ឥឡូវនេះ ដ្បិតនឹងកើតទុក្ខព្រួយ ហើយយំសោកវិញ
26. វេទនាដល់អ្នករាល់គ្នា កាលណាមនុស្សទាំងអស់និយាយល្អពីអ្នករាល់គ្នា ពីព្រោះកាលពីដើម ពួកអយ្យកោបានប្រព្រឹត្តនឹងពួកហោរាក្លែងក្លាយយ៉ាងដូច្នោះដែរ។
27. ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នា ដែលកំពុងស្តាប់ថា ចូរអ្នករាល់គ្នាស្រឡាញ់ពួកខ្មាំងសត្រូវ ហើយប្រព្រឹត្តល្អនឹងពួកអ្នក ដែលស្អប់អ្នករាល់គ្នាវិញ
28. ចូរឲ្យពរដល់អ្នកណាដែលគេប្រទេចផ្តាសាអ្នក ហើយអធិស្ឋានឲ្យអ្នកណាដែលធ្វើទុក្ខអ្នក
29. ឯអ្នកណាដែលទះកំផ្លៀងអ្នកម្ខាង នោះត្រូវបែរម្ខាងទៅឲ្យគេទៀត ហើយបើអ្នកណាយកអាវវែងរបស់អ្នក នោះកុំឲ្យឃាត់មិនឲ្យគេយកអាវតូចអ្នកផងឡើយ
30. ចូរឲ្យដល់អ្នកណាដែលសូមអ្នក ហើយបើអ្នកណាយករបស់អ្វីផងអ្នក នោះកុំឲ្យទារវិញឡើយ
31. ដែលអ្នករាល់គ្នាចង់ឲ្យគេប្រព្រឹត្តនឹងខ្លួនជាយ៉ាងណា នោះត្រូវតែប្រព្រឹត្តនឹងគេយ៉ាងនោះដែរ
32. បើអ្នករាល់គ្នាស្រឡាញ់តែពួកអ្នកដែលស្រឡាញ់ដល់អ្នក នោះតើមានគុណបំណាច់អ្វី ដ្បិតទាំងមនុស្សមានបាបក៏ស្រឡាញ់ដល់ពួកអ្នក ដែលស្រឡាញ់គេដូចគ្នាដែរ
33. ហើយបើអ្នករាល់គ្នាប្រព្រឹត្តល្អ ចំពោះតែពួកអ្នកដែលប្រព្រឹត្តល្អនឹងខ្លួនអ្នក នោះតើមានគុណបំណាច់អ្វី ដ្បិតទាំងមនុស្សមានបាបក៏ប្រព្រឹត្តដូច្នោះដែរ