12. នៅគ្រានោះ ទ្រង់ចេញទៅឯភ្នំ ដើម្បីនឹងអធិស្ឋាន រួចទ្រង់អធិស្ឋានដល់ព្រះ ដរាបទាល់ភ្លឺ
13. លុះភ្លឺឡើង ទ្រង់ហៅពួកសិស្សមក ក៏រើសយក១២នាក់ ដែលទ្រង់ហៅថា សាវក
14. គឺស៊ីម៉ូន ដែលហៅថា ពេត្រុស១ អនទ្រេ ជាប្អូនគាត់១ យ៉ាកុប១ យ៉ូហាន១ ភីលីព១ បារថូល៉ូមេ១
15. ម៉ាថាយ១ ថូម៉ាស១ យ៉ាកុប ជាកូនអាល់ផាយ១ ស៊ីម៉ូន ដែលហៅជាអ្នកឧស្សាហ៍១
16. និងយូដាស ជាញាតិនឹងយ៉ាកុប១ ហើយយូដាស-អ៊ីស្ការីយ៉ុត ដែលត្រឡប់ជាអ្នកក្បត់១
17. ទ្រង់យាងចុះមកជាមួយនឹងអ្នកទាំងនោះ ក៏ឈប់នៅត្រង់កន្លែងរាបស្មើ នោះមានសិស្សទ្រង់ជាច្រើន និងបណ្តាជនកកកុញ មកពីគ្រប់កន្លែងនៅស្រុកយូដា ក្រុងយេរូសាឡិម ហើយពីស្រុកទីរ៉ុស ស្រុកស៊ីដូន ដែលនៅក្បែរសមុទ្រ ដើម្បីនឹងស្តាប់ទ្រង់ ហើយប្រយោជន៍ឲ្យបានជាជំងឺគេផង
18. ក៏មានមនុស្សអារក្សអសោចចូលបានជាដែរ
19. មនុស្សទាំងអស់រកពាល់ទ្រង់ ដ្បិតមានព្រះចេស្តាចេញពីទ្រង់ មកប្រោសឲ្យជាទាំងអស់គ្នា។
20. ទ្រង់ងើបព្រះនេត្រឡើង ទតទៅពួកសិស្ស មានព្រះបន្ទូលថា មានពរហើយ អ្នករាល់គ្នាដែលក្រអើយ ដ្បិតនគរព្រះជារបស់ផងអ្នករាល់គ្នា
21. មានពរហើយ អ្នករាល់គ្នាដែលឃ្លានឥឡូវនេះ ដ្បិតអ្នករាល់គ្នានឹងបានឆ្អែត មានពរហើយ អ្នករាល់គ្នាដែលយំឥឡូវនេះ ដ្បិតអ្នករាល់គ្នានឹងបានសើចវិញ
22. មានពរហើយ កាលណាមនុស្សនឹងស្អប់អ្នករាល់គ្នា ព្រមទាំងកាត់កាល់ ត្មះតិះដៀល ហើយចោលឈ្មោះអ្នករាល់គ្នាចេញ ទុកដូចជាអាក្រក់ ដោយព្រោះកូនមនុស្ស
23. ចូរអ្នករាល់គ្នាអរសប្បាយឡើងនៅថ្ងៃនោះ ហើយលោតកញ្ឆេងចុះ ដ្បិតមើលអ្នករាល់គ្នាមានរង្វាន់ជាយ៉ាងធំ នៅឯស្ថានសួគ៌ ឯពួកអយ្យកោរបស់គេ ក៏បានប្រព្រឹត្តចំពោះពួកហោរាពីដើមយ៉ាងដូច្នោះដែរ