3. ទ្រង់យាងចុះទូក១នោះ ជាទូករបស់ស៊ីម៉ូន ក៏សូមឲ្យគាត់ចេញទូកពីដីបន្តិចទៅ រួចទ្រង់គង់បង្រៀនដល់បណ្តាមនុស្សពីក្នុងទូកវិញ
4. លុះឈប់អធិប្បាយហើយ នោះទ្រង់មានព្រះបន្ទូលទៅស៊ីម៉ូនថា ឲ្យចេញទូកទៅឯកន្លែងទឹកជ្រៅទំលាក់អួនចាប់ត្រីចុះ
5. ស៊ីម៉ូនទូលឆ្លើយថា លោកគ្រូអើយ យប់មិញ យើងខ្ញុំបានខំដឹកអួនទាល់ភ្លឺ គ្មានបានអ្វីសោះ តែខ្ញុំនឹងទំលាក់អួន តាមពាក្យលោកមើល
6. កាលទំលាក់ទៅ នោះក៏ជាប់បានត្រីសន្ធឹក ដល់ម៉្លេះបានជាអួនចាប់តាំងធ្លាយ
7. នោះគេបោយដៃហៅគូកន ដែលនៅក្នុងទូក១ទៀត ឲ្យមកជួយគ្នា គេក៏មក ហើយចាប់ដាក់បានពេញទូកទាំង២ ទាល់តែពៀបស្ទើរនឹងលិច
8. កាលស៊ីម៉ូន-ពេត្រុសបានឃើញដូច្នោះ នោះគាត់ក្រាបនៅទៀបព្រះជង្ឃព្រះយេស៊ូវ ទូលថា ព្រះអម្ចាស់អើយ សូមថយចេញពីទូលបង្គំ ដ្បិតទូលបង្គំជាមនុស្សមានបាប
9. គាត់ទូលដូច្នោះ ដោយហេតុគាត់ និងពួកអ្នកនៅជាមួយ នឹកស្ងើចក្នុងចិត្ត ពីត្រីដែលបានច្រើនដល់ម៉្លោះ
10. ហើយយ៉ាកុប និងយ៉ូហាន ជាកូនសេបេដេ ដែលជាពួកហ៊ុននឹងស៊ីម៉ូន ក៏ដូច្នោះដែរ តែព្រះយេស៊ូវមានព្រះបន្ទូលទៅស៊ីម៉ូនថា កុំខ្លាចអី ពីនេះទៅមុខ អ្នកនឹងចាប់មនុស្សវិញ
11. រួចកាលទូកបានដល់គោក នោះគេទុករបស់ទាំងអស់ចោល ហើយដើរតាមទ្រង់ទៅ។
12. កាលព្រះយេស៊ូវគង់នៅក្នុងទីក្រុង១ នោះមានមនុស្សម្នាក់កើតឃ្លង់ពេញទាំងខ្លួន គាត់ឃើញទ្រង់ ក៏ទំលាក់ខ្លួនផ្កាប់មុខទូលអង្វរថា ព្រះអម្ចាស់អើយ បើទ្រង់សព្វព្រះហឫទ័យ នោះទ្រង់អាចនឹងប្រោសឲ្យទូលបង្គំជាស្អាតបាន