24. ប៉ុន្តែ ដើម្បីឲ្យអ្នករាល់គ្នាដឹងថា កូនមនុស្សមានអំណាចនឹងអត់ទោសបាបនៅផែនដីបាន (នោះទ្រង់ក៏មានព្រះបន្ទូលទៅអ្នកស្លាប់ដៃស្លាប់ជើងវិញ) ខ្ញុំប្រាប់អ្នកថា ចូរក្រោកឡើង យកគ្រែអ្នកដើរទៅផ្ទះទៅ
25. គាត់ក៏ក្រោកឈរឡើងនៅមុខគេជា១រំពេច ហើយលើកគ្រែ ដែលបានដេក ចេញទៅឯផ្ទះ ទាំងសរសើរដំកើងដល់ព្រះបណ្តើរ
26. នោះបណ្តាមនុស្សកើតមានសេចក្ដីអស្ចារ្យទាំងអស់គ្នា ក៏សរសើរដំកើងព្រះ ហើយមានសេចក្ដីភ័យខ្លាចជាខ្លាំងថា យើងបានឃើញការចំឡែកណាស់នៅថ្ងៃនេះ។
27. ក្រោយការទាំងនោះ ទ្រង់យាងចេញទៅ ឃើញអ្នកយកពន្ធម្នាក់ ឈ្មោះលេវី កំពុងអង្គុយនៅទីយកពន្ធ ទ្រង់មានព្រះបន្ទូលហៅគាត់ថា ចូរមកតាមខ្ញុំឯណេះ
28. គាត់ក៏ទុករបស់ទាំងអស់ចោល ក្រោកតាមទ្រង់ទៅ
29. លេវីបានរៀបជប់លៀងជាធំថ្វាយទ្រង់នៅផ្ទះគាត់ ហើយមានអ្នកយកពន្ធទាំងហ្វូង និងមនុស្សឯទៀតមកអង្គុយនៅតុជាមួយគ្នាដែរ
30. ពួកអាចារ្យ និងពួកផារីស៊ី គេឌុកដាន់ពួកសិស្សទ្រង់ថា ហេតុអ្វីបានជាបរិភោគ ជាមួយនឹងពួកអ្នកយកពន្ធ និងមនុស្សមានបាបដូច្នេះ
31. តែព្រះយេស៊ូវទ្រង់ឆ្លើយទៅគេថា ពួកអ្នកជាមិនត្រូវការនឹងគ្រូពេទ្យទេ ត្រូវការតែពួកអ្នកដែលឈឺប៉ុណ្ណោះ
32. ខ្ញុំមិនបានហៅពួកមនុស្សសុចរិតទេ គឺមកហៅតែមនុស្សមានបាប ឲ្យគេប្រែចិត្តវិញទេតើ។
33. គេទូលទ្រង់ថា ហេតុអ្វីបានជាពួកសិស្សលោកយ៉ូហានតម ហើយអធិស្ឋានជាញយៗ ដូចជាសិស្សរបស់ពួកផារីស៊ីដែរ តែសិស្សលោកតែងតែបរិភោគដូច្នេះវិញ
34. ទ្រង់មានព្រះបន្ទូលតបថា កំពុងដែលប្ដីថ្មោងថ្មីនៅជាមួយគ្នា តើអាចនឹងឲ្យពួកសំឡាញ់គាត់តមអាហារបានឬទេ
35. តែនឹងមានថ្ងៃមកដល់ កាលណោះ ប្ដីនឹងត្រូវដកយកចេញពីគេទៅ នៅគ្រានោះ គេនឹងតមវិញ
36. ទ្រង់ក៏មានព្រះបន្ទូលទៅគេជាពាក្យប្រៀបប្រដូចថា គ្មានអ្នកណាដែលយកកំណាត់ថ្មី មកប៉ះអាវចាស់ទេ បើធ្វើដូច្នោះ នឹងនាំឲ្យរហែកដល់ទាំងកំណាត់ថ្មីដែរ ហើយកំណាត់ដែលយកពីអាវថ្មី ក៏មិនសមនឹងអាវចាស់ផង