20. លុះទ្រង់បានឃើញសេចក្ដីជំនឿរបស់គេដូច្នោះ ក៏មានព្រះបន្ទូលថា អ្នកអើយ បាបអ្នកបានអត់ទោសឲ្យអ្នកហើយ
21. នោះពួកអាចារ្យ និងពួកផារីស៊ី ចាប់តាំងរិះគិតគ្នាថា តើអ្នកណានេះ ដែលពោលពាក្យប្រមាថព្រះដូច្នេះ ក្រៅពីព្រះ១ តើមានអ្នកណាអាចនឹងអត់ទោសបាបបាន
22. តែព្រះយេស៊ូវបានជ្រាបគំនិតគេ ក៏មានព្រះបន្ទូលសួរថា ហេតុអ្វីបានជាអ្នករិះគិតក្នុងចិត្តដូច្នេះ
23. ដ្បិតដែលថា បាបអ្នកបានអត់ទោសឲ្យអ្នកហើយ ឬថា ចូរអ្នកក្រោកឡើងដើរទៅ នោះតើពាក្យណាដែលងាយថាជាជាង
24. ប៉ុន្តែ ដើម្បីឲ្យអ្នករាល់គ្នាដឹងថា កូនមនុស្សមានអំណាចនឹងអត់ទោសបាបនៅផែនដីបាន (នោះទ្រង់ក៏មានព្រះបន្ទូលទៅអ្នកស្លាប់ដៃស្លាប់ជើងវិញ) ខ្ញុំប្រាប់អ្នកថា ចូរក្រោកឡើង យកគ្រែអ្នកដើរទៅផ្ទះទៅ
25. គាត់ក៏ក្រោកឈរឡើងនៅមុខគេជា១រំពេច ហើយលើកគ្រែ ដែលបានដេក ចេញទៅឯផ្ទះ ទាំងសរសើរដំកើងដល់ព្រះបណ្តើរ
26. នោះបណ្តាមនុស្សកើតមានសេចក្ដីអស្ចារ្យទាំងអស់គ្នា ក៏សរសើរដំកើងព្រះ ហើយមានសេចក្ដីភ័យខ្លាចជាខ្លាំងថា យើងបានឃើញការចំឡែកណាស់នៅថ្ងៃនេះ។
27. ក្រោយការទាំងនោះ ទ្រង់យាងចេញទៅ ឃើញអ្នកយកពន្ធម្នាក់ ឈ្មោះលេវី កំពុងអង្គុយនៅទីយកពន្ធ ទ្រង់មានព្រះបន្ទូលហៅគាត់ថា ចូរមកតាមខ្ញុំឯណេះ
28. គាត់ក៏ទុករបស់ទាំងអស់ចោល ក្រោកតាមទ្រង់ទៅ
29. លេវីបានរៀបជប់លៀងជាធំថ្វាយទ្រង់នៅផ្ទះគាត់ ហើយមានអ្នកយកពន្ធទាំងហ្វូង និងមនុស្សឯទៀតមកអង្គុយនៅតុជាមួយគ្នាដែរ