លូកា 5:15-28 ព្រះគម្ពីរបរិសុទ្ធ (KHOV)

15. ប៉ុន្តែ ចេះ​តែ​ឮ​និយាយ​ពី​ទ្រង់​កាន់​តែ​ខ្លាំង​ឡើង ក៏​មាន​មនុស្ស​កក‌កុញ​មក​ស្តាប់​ផង ហើយ​ឲ្យ​ទ្រង់​បាន​ប្រោស​ជំងឺ​គេ​ឲ្យ​ជា​ផង

16. តែ​ទ្រង់​ថយ​ចេញ​ទៅ​ឯ​ទី​ស្ងាត់ ដើម្បី​អធិស្ឋាន​វិញ។

17. មាន​ថ្ងៃ​១ កាល​ទ្រង់​កំពុង​តែ​បង្រៀន នោះ​មាន​ពួក​ផារី‌ស៊ី និង​ពួក​អ្នក​ប្រាជ្ញ​ច្បាប់ ដែល​ចេញ​ពី​គ្រប់​ទាំង​ភូមិ​ស្រុក​កាលី‌ឡេ ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡិម គេ​មក​អង្គុយ​ស្តាប់ ហើយ​ព្រះ‌ចេស្តា​នៃ​ព្រះ‌អម្ចាស់​ក៏​នៅ​ទី​នោះ បំរុង​នឹង​ប្រោស​គេ​ឲ្យ​ជា​ដែរ

18. នោះ​ឃើញ​មាន​គេ​សែង​មនុស្ស​ស្លាប់​ដៃ​ស្លាប់​ជើង​ម្នាក់ ដេក​លើ​គ្រែ​មក គេ​រក​ផ្លូវ​នាំ​គាត់​ចូល​ទៅ​ដាក់​នៅ​ចំពោះ​ទ្រង់

19. តែ​ពុំ​បាន​សោះ ដោយ​ព្រោះ​មាន​មនុស្ស​សន្ធឹក​ណាស់ នោះ​ក៏​ឡើង​ទៅ​លើ​ដំបូល សំរូត​គាត់​ទៅ ទាំង​ដេក​លើ​គ្រែ នៅ​កណ្តាល​ជំនុំ ចំពោះ​ព្រះ‌យេស៊ូវ តាម​ប្រហោង​ដំបូល

20. លុះ​ទ្រង់​បាន​ឃើញ​សេចក្ដី​ជំនឿ​របស់​គេ​ដូច្នោះ ក៏​មាន​ព្រះ‌បន្ទូល​ថា អ្នក​អើយ បាប​អ្នក​បាន​អត់​ទោស​ឲ្យ​អ្នក​ហើយ

21. នោះ​ពួក​អាចារ្យ និង​ពួក​ផារី‌ស៊ី ចាប់​តាំង​រិះ‌គិត​គ្នា​ថា តើ​អ្នក​ណា​នេះ ដែល​ពោល​ពាក្យ​ប្រមាថ​ព្រះ​ដូច្នេះ ក្រៅ​ពី​ព្រះ​១ តើ​មាន​អ្នក​ណា​អាច​នឹង​អត់​ទោស​បាប​បាន

22. តែ​ព្រះ‌យេស៊ូវ​បាន​ជ្រាប​គំនិត​គេ ក៏​មាន​ព្រះ‌បន្ទូល​សួរ​ថា ហេតុ​អ្វី​បាន​ជា​អ្នក​រិះ‌គិត​ក្នុង​ចិត្ត​ដូច្នេះ

23. ដ្បិត​ដែល​ថា បាប​អ្នក​បាន​អត់​ទោស​ឲ្យ​អ្នក​ហើយ ឬ​ថា ចូរ​អ្នក​ក្រោក​ឡើង​ដើរ​ទៅ នោះ​តើ​ពាក្យ​ណា​ដែល​ងាយ​ថា​ជា​ជាង

24. ប៉ុន្តែ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា កូន​មនុស្ស​មាន​អំណាច​នឹង​អត់​ទោស​បាប​នៅ​ផែនដី​បាន (នោះ​ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​អ្នក​ស្លាប់​ដៃ​ស្លាប់​ជើង​វិញ) ខ្ញុំ​ប្រាប់​អ្នក​ថា ចូរ​ក្រោក​ឡើង យក​គ្រែ​អ្នក​ដើរ​ទៅ​ផ្ទះ​ទៅ

25. គាត់​ក៏​ក្រោក​ឈរ​ឡើង​នៅ​មុខ​គេ​ជា​១​រំពេច ហើយ​លើក​គ្រែ ដែល​បាន​ដេក ចេញ​ទៅ​ឯ​ផ្ទះ ទាំង​សរសើរ‌ដំកើង​ដល់​ព្រះ​បណ្តើរ

26. នោះ​បណ្តា​មនុស្ស​កើត​មាន​សេចក្ដី​អស្ចារ្យ​ទាំង​អស់​គ្នា ក៏​សរសើរ‌ដំកើង​ព្រះ ហើយ​មាន​សេចក្ដី​ភ័យ​ខ្លាច​ជា​ខ្លាំង​ថា យើង​បាន​ឃើញ​ការ​ចំឡែក​ណាស់​នៅ​ថ្ងៃ​នេះ។

27. ក្រោយ​ការ​ទាំង​នោះ ទ្រង់​យាង​ចេញ​ទៅ ឃើញ​អ្នក​យក​ពន្ធ​ម្នាក់ ឈ្មោះ​លេវី កំពុង​អង្គុយ​នៅ​ទី​យក​ពន្ធ ទ្រង់​មាន​ព្រះ‌បន្ទូល​ហៅ​គាត់​ថា ចូរ​មក​តាម​ខ្ញុំ​ឯ​ណេះ

28. គាត់​ក៏​ទុក​របស់​ទាំង​អស់​ចោល ក្រោក​តាម​ទ្រង់​ទៅ

លូកា 5