10. ហើយយ៉ាកុប និងយ៉ូហាន ជាកូនសេបេដេ ដែលជាពួកហ៊ុននឹងស៊ីម៉ូន ក៏ដូច្នោះដែរ តែព្រះយេស៊ូវមានព្រះបន្ទូលទៅស៊ីម៉ូនថា កុំខ្លាចអី ពីនេះទៅមុខ អ្នកនឹងចាប់មនុស្សវិញ
11. រួចកាលទូកបានដល់គោក នោះគេទុករបស់ទាំងអស់ចោល ហើយដើរតាមទ្រង់ទៅ។
12. កាលព្រះយេស៊ូវគង់នៅក្នុងទីក្រុង១ នោះមានមនុស្សម្នាក់កើតឃ្លង់ពេញទាំងខ្លួន គាត់ឃើញទ្រង់ ក៏ទំលាក់ខ្លួនផ្កាប់មុខទូលអង្វរថា ព្រះអម្ចាស់អើយ បើទ្រង់សព្វព្រះហឫទ័យ នោះទ្រង់អាចនឹងប្រោសឲ្យទូលបង្គំជាស្អាតបាន
13. ទ្រង់ក៏លូកព្រះហស្តទៅពាល់គាត់ ដោយព្រះបន្ទូលថា ខ្ញុំចង់ដែរ ឲ្យជាស្អាតចុះ ស្រាប់តែឃ្លង់ចេញពីគាត់ជា១រំពេចទៅ
14. រួចទ្រង់ហាមមិនឲ្យគាត់ប្រាប់ដល់អ្នកណាឡើយ តែត្រូវទៅបង្ហាញខ្លួនឲ្យសង្ឃពិនិត្យមើល ហើយថ្វាយដង្វាយដោយព្រោះបានជាស្អាតវិញ ដូចជាលោកម៉ូសេបានបង្គាប់មក ទុកជាទីបន្ទាល់ដល់ពួកលោក
15. ប៉ុន្តែ ចេះតែឮនិយាយពីទ្រង់កាន់តែខ្លាំងឡើង ក៏មានមនុស្សកកកុញមកស្តាប់ផង ហើយឲ្យទ្រង់បានប្រោសជំងឺគេឲ្យជាផង
16. តែទ្រង់ថយចេញទៅឯទីស្ងាត់ ដើម្បីអធិស្ឋានវិញ។
17. មានថ្ងៃ១ កាលទ្រង់កំពុងតែបង្រៀន នោះមានពួកផារីស៊ី និងពួកអ្នកប្រាជ្ញច្បាប់ ដែលចេញពីគ្រប់ទាំងភូមិស្រុកកាលីឡេ ស្រុកយូដា និងក្រុងយេរូសាឡិម គេមកអង្គុយស្តាប់ ហើយព្រះចេស្តានៃព្រះអម្ចាស់ក៏នៅទីនោះ បំរុងនឹងប្រោសគេឲ្យជាដែរ
18. នោះឃើញមានគេសែងមនុស្សស្លាប់ដៃស្លាប់ជើងម្នាក់ ដេកលើគ្រែមក គេរកផ្លូវនាំគាត់ចូលទៅដាក់នៅចំពោះទ្រង់
19. តែពុំបានសោះ ដោយព្រោះមានមនុស្សសន្ធឹកណាស់ នោះក៏ឡើងទៅលើដំបូល សំរូតគាត់ទៅ ទាំងដេកលើគ្រែ នៅកណ្តាលជំនុំ ចំពោះព្រះយេស៊ូវ តាមប្រហោងដំបូល
20. លុះទ្រង់បានឃើញសេចក្ដីជំនឿរបស់គេដូច្នោះ ក៏មានព្រះបន្ទូលថា អ្នកអើយ បាបអ្នកបានអត់ទោសឲ្យអ្នកហើយ
21. នោះពួកអាចារ្យ និងពួកផារីស៊ី ចាប់តាំងរិះគិតគ្នាថា តើអ្នកណានេះ ដែលពោលពាក្យប្រមាថព្រះដូច្នេះ ក្រៅពីព្រះ១ តើមានអ្នកណាអាចនឹងអត់ទោសបាបបាន