5. អារក្សក៏នាំទ្រង់ទៅលើកំពូលភ្នំយ៉ាងខ្ពស់ បង្ហាញនគរនៅលោកីយ៍ទាំងអស់ក្នុង១ភ្លែតនោះ
6. ហើយទូលថា ខ្ញុំនឹងឲ្យអំណាច និងសិរីលំអនៃនគរទាំងនេះដល់អ្នក ដ្បិតបានប្រគល់មកខ្ញុំហើយ ខ្ញុំនឹងឲ្យដល់អ្នកណាស្រេចនឹងចិត្តខ្ញុំ
7. ដូច្នេះ បើអ្នកក្រាបថ្វាយបង្គំខ្ញុំ នោះទាំងអស់នឹងបានជារបស់អ្នក
8. តែព្រះយេស៊ូវឆ្លើយតបថា សាតាំងអើយ ចូរថយទៅក្រោយអញទៅ ដ្បិតមានសេចក្ដីចែងទុកមកថា «ត្រូវឲ្យឯងថ្វាយបង្គំដល់ព្រះអម្ចាស់ ជាព្រះនៃឯង ហើយត្រូវគោរពដល់ទ្រង់តែ១ព្រះអង្គប៉ុណ្ណោះ»។
9. រួចវានាំទ្រង់ទៅឯក្រុងយេរូសាឡិម ដាក់នៅលើកំពូលព្រះវិហារ ទូលថា បើអ្នកជាព្រះរាជបុត្រានៃព្រះមែន ចូរទំលាក់ខ្លួនពីនេះទៅក្រោមចុះ
10. ដ្បិតមានសេចក្ដីចែងទុកមកថា «ទ្រង់នឹងបង្គាប់ពួកទេវតាទ្រង់ ពីដំណើរអ្នកឲ្យថែរក្សាអ្នក
11. ទេវតានោះនឹងទ្រអ្នកដោយដៃ ក្រែងជើងអ្នកទង្គិចនឹងថ្ម»
12. តែព្រះយេស៊ូវមានព្រះបន្ទូលតបថា មានបទគម្ពីរដែលថា «កុំឲ្យឯងល្បងព្រះអម្ចាស់ ជាព្រះនៃឯងឡើយ»
13. កាលអារក្សបានល្បួងសព្វគ្រប់ហើយ នោះក៏ថយចេញពីទ្រង់ទៅ ទាល់តែមានឱកាសទៀត។
14. ឯព្រះយេស៊ូវទ្រង់វិលទៅស្រុកកាលីឡេវិញ ទាំងមានព្រះចេស្តានៃព្រះវិញ្ញាណសណ្ឋិតលើទ្រង់ នោះមានឮល្បីពីទ្រង់សុសសាយទួទៅក្នុងស្រុកនៅជុំវិញ
15. ទ្រង់បង្រៀនក្នុងសាលាប្រជុំរបស់គេ ហើយគេក៏សរសើរដំកើងទ្រង់ទាំងអស់គ្នា
16. រួចទ្រង់យាងមកដល់ណាសារ៉ែត ជាស្រុកដែលទ្រង់គង់នៅពីកុមារ ក៏ចូលទៅក្នុងសាលាប្រជុំ នៅថ្ងៃឈប់សំរាក តាមទំលាប់ទ្រង់ ហើយឈរឡើង ដើម្បីអានមើលគម្ពីរ