លូកា 4:24-35 ព្រះគម្ពីរបរិសុទ្ធ (KHOV)

24. ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​ទៀត​ថា ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា គ្មាន​ហោរា​ណា​ដែល​គេ​រាប់​អាន​នៅ​ក្នុង​ស្រុក​របស់​ខ្លួន​នោះ​ទេ

25. ខ្ញុំ​ក៏​និយាយ​ប្រាកដ​នឹង​អ្នក​រាល់​គ្នា​ថា នៅ​ជាន់​លោក​អេលីយ៉ា កាល​រាំង​៣​ឆ្នាំ​៦​ខែ ហើយ​មាន​អំណត់​អត់​ជា​ខ្លាំង នៅ​ពេញ​ក្នុង​ស្រុក នោះ​មាន​មេម៉ាយ​ជា​ច្រើន នៅ​ស្រុក​អ៊ីស្រា‌អែល​ដែរ

26. តែ​ព្រះ​ទ្រង់​មិន​បាន​ចាត់​លោក​អេលីយ៉ា ឲ្យ​ទៅ​ឯ​មេម៉ាយ​ណា​មួយ​នោះ​សោះ គឺ​បាន​ចាត់​លោក​ទៅ​ឯ​ស្រី​មេម៉ាយ​ម្នាក់ នៅ​ក្រុង​សារិបតា ក្នុង​ស្រុក​ស៊ីដូន​វិញ

27. ហើយ​នៅ​ជាន់​ហោរា​អេលី‌សេ ក៏​មាន​មនុស្ស​ឃ្លង់​ជា​ច្រើន ក្នុង​ស្រុក​អ៊ីស្រា‌អែល​ដែរ តែ​គ្មាន​អ្នក​ណា​មួយ បាន​ជា​ស្អាត​សោះ បាន​ជា​តែ​លោក​ណាម៉ាន ជា​សាសន៍​ស៊ីរី​១​ប៉ុណ្ណោះ

28. កាល​ពួក​អ្នក​នៅ​ក្នុង​សាលា​ប្រជុំ បាន​ឮ​សេចក្ដី​ទាំង​នោះ​ហើយ គេ​មាន​ពេញ​ដោយ​សេចក្ដី​ក្រោធ

29. ក៏​ក្រោក​ឡើង ដេញ​ទ្រង់​ចេញ​ពី​ភូមិ បណ្តើរ​ទៅ​ដល់​ចំរែះ​នៅ​លើ​ភ្នំ​ដែល​គេ​បាន​ក​ធ្វើ​ភូមិ ដើម្បី​នឹង​ច្រាន​ទំលាក់​ចុះ​ទៅ​ក្រោម

30. ប៉ុន្តែ ទ្រង់​យាង​កាត់​កណ្តាល​ពួក​គេ​ចេញ​បាត់​ទៅ។

31. ទ្រង់​យាង​ចុះ​ទៅ​ដល់​កាពើ‌ណិម ជា​ទី​ក្រុង​ស្រុក​កាលី‌ឡេ ក៏​តែង​តែ​បង្រៀន​គេ​រាល់​ថ្ងៃ​ឈប់​សំរាក

32. គេ​ក៏​នឹក​ប្លែក​ពី​សេចក្ដី​ដែល​ទ្រង់​បង្រៀន​ណាស់ ពី​ព្រោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ដោយ​អំណាច

33. រីឯ​នៅ​ក្នុង​សាលា​នោះ មាន​មនុស្ស​ម្នាក់ ដែល​មាន​វិញ្ញាណ​អារក្ស‌អសោច​ចូល វា​ស្រែក​ឡើង​ជា​ខ្លាំង​ថា

34. ហ៊ឹះ នែ ព្រះ‌យេស៊ូវ​ពី​ណា‌សារ៉ែត​អើយ តើ​យើង ហើយ​នឹង​ទ្រង់​មាន​ហេតុ​អ្វី​នឹង​គ្នា តើ​ទ្រង់​មក​បំផ្លាញ​យើង​ឬ​អី ខ្ញុំ​ស្គាល់​ជាក់​ហើយ ទ្រង់​ជា​ព្រះ‌អង្គ​បរិសុទ្ធ​នៃ​ព្រះ

35. ព្រះ‌យេស៊ូវ​ក៏​កំហែង​វា​ថា ចូរ​ស្ងៀម​ចុះ ហើយ​ចេញ​ពី​មនុស្ស​នេះ​ទៅ លុះ​អារក្ស​បាន​ផ្តួល​អ្នក​នោះ​ទៅ​កណ្តាល​ពួក​គេ នោះ​ក៏​ចេញ​ទៅ​ឥត​មាន​ធ្វើ​ឲ្យ​ឈឺ​អ្វី​ឡើយ

លូកា 4