លូកា 3:1-13 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. នៅ​ឆ្នាំ​ទី​១៥ ក្នុង​រាជ្យ​សេសារ-ទីប៊ើរ កាល​លោក​ប៉ុនទាស-ពីឡាត់ ធ្វើ​ជា​ចៅ‌ហ្វាយ​នៅ​ស្រុក​យូដា ហេរ៉ូឌ ជា​ស្តេច​អនុ‌រាជ​នៅ​ស្រុក​កាលី‌ឡេ ភីលីព អនុជ​ទ្រង់ ជា​ស្តេច​អនុ‌រាជ​នៅ​ស្រុក​អ៊ីទូរេ និង​នៅ​ក្រវល់​ស្រុក​ត្រាខូ‌នីត លីសា‌នាស ជា​ស្តេច​អនុ‌រាជ​នៅ​ស្រុក​អាប៊ីលេន

2. ហើយ​ក្នុង​កាល​ដែល​លោក​អាណ និង​លោក​កៃផា​ធ្វើ​ជា​សំដេច​សង្ឃ នោះ​ព្រះ​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​យ៉ូហាន ជា​កូន​សាការី នៅ​ទី​រហោ‌ស្ថាន

3. គាត់​ក៏​ទៅ​ពេញ​ក្នុង​ស្រុក​ជុំ‌វិញ​ទន្លេ​យ័រដាន់​ទាំង​អស់ ព្រម​ទាំង​ប្រកាស​ប្រាប់​ពី​បុណ្យ​ជ្រមុជ‌ទឹក ខាង​ឯ​ការ​ប្រែ​ចិត្ត ប្រយោជន៍​ឲ្យ​បាន​រួច​ពី​បាប

4. ដូច​ជា​មាន​សេចក្ដី​ចែង​ទុក​មក​ក្នុង​គម្ពីរ ដែល​កត់​ពាក្យ​ទំនាយ​របស់​ហោរា​អេសាយថា «ជា​សំឡេង​មនុស្ស​ម្នាក់ ដែល​កំពុង​តែ​ស្រែក​នៅ​ទី​រហោ‌ស្ថាន​ថា ចូរ​រៀប‌ចំ​ផ្លូវ​ទទួល​ព្រះ‌អម្ចាស់ ចូរ​ដំរង់​ផ្លូវ​តូច​ថ្វាយ​ទ្រង់​ចុះ

5. គ្រប់​ទាំង​ច្រក​ភ្នំ​នឹង​បាន​លុប​ឲ្យ​ពេញ គ្រប់​ទាំង​ភ្នំ​ធំ​តូច​នឹង​ត្រូវ​បន្ទាប​ទៅ ផ្លូវ​ក្ងិច‌ក្ងក់​នឹង​ទៅ​ជា​ត្រង់ ហើយ​ផ្លូវ​រដិប‌រដុប​នឹង​បាន​រាប​ស្មើ​ទៅ​វិញ

6. នៅ​គ្រប់​ទាំង​មនុស្ស​នឹង​ឃើញ​សេចក្ដី​សង្គ្រោះ​របស់​ព្រះ»។

7. គាត់​ក៏​ពោល​ដល់​មនុស្ស​ទាំង​ហ្វូង ដែល​មក​ទទួល​បុណ្យ​ជ្រមុជ​ពី​គាត់​ថា ឱ​ពូជ​ពស់‌វែក​អើយ តើ​អ្នក​ណា​បាន​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​រត់​ពី​សេចក្ដី​ក្រោធ ដែល​ត្រូវ​មក​ដូច្នេះ

8. បើ​ដូច្នេះ ចូរ​បង្កើត​ផល​ដែល​សំណំ​នឹង​ការ​ប្រែ​ចិត្ត​ចុះ កុំ​ឲ្យ​ចាប់​តាំង​នឹក​ក្នុង​ចិត្ត​ថា មាន​លោក​អ័ប្រាហាំ​ជា​អយ្យកោ​ខ្លួន​នោះ​ឡើយ ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ព្រះ​ទ្រង់​អាច​នឹង​បង្កើត​កូន​ឲ្យ​លោក​អ័ប្រាហាំ ពី​ថ្ម​ទាំង​នេះ​ក៏​បាន​ដែរ

9. ប៉ុន្តែ ពូថៅ​បាន​ដាក់​នៅ​ឫស​ដើម​ឈើ​ហើយ ដូច្នេះ អស់​ទាំង​ដើម​ណា​ដែល​មាន​ផ្លែ​មិន​ល្អ នោះ​ត្រូវ​កាប់​បោះ​ចោល​ទៅ​ក្នុង​ភ្លើង​ចេញ

10. បណ្តា​មនុស្ស​ក៏​សួរ​គាត់​ថា តើ​ត្រូវ​ឲ្យ​យើង​ខ្ញុំ​ធ្វើ​ដូច​ម្តេច​វិញ

11. គាត់​ឆ្លើយ​ថា អ្នក​ណា​ដែល​មាន​អាវ​២ ត្រូវ​ឲ្យ​អ្នក​នោះ​ចែក​ដល់​អ្នក​ដែល​គ្មាន​ផង ហើយ​អ្នក​ណា​ដែល​មាន​ស្បៀង​អាហារ ក៏​ត្រូវ​ធ្វើ​ដូច្នោះ​ដែរ

12. មាន​ពួក​អ្នក​យក​ពន្ធ​មក ដើម្បី​ទទួល​បុណ្យ​ជ្រមុជ‌ទឹក​ដែរ គេ​ក៏​សួរ​គាត់​ថា លោក​គ្រូ តើ​ត្រូវ​ឲ្យ​យើង​ខ្ញុំ​ធ្វើ​ដូច​ម្តេច

13. គាត់​ឆ្លើយ​ថា កុំ​ឲ្យ​ទារ​ពន្ធ​ហួស​កំរិត​ដែល​បាន​កំណត់​មក​ឡើយ

លូកា 3