25. នោះទ្រង់មានព្រះបន្ទូលទៅគេថា ឱមនុស្សឥតពិចារណា ហើយក្រនឹងជឿអស់ទាំងសេចក្ដី ដែលពួកហោរាបានទាយទុកមកអើយ
26. តើមិនគួរឲ្យព្រះគ្រីស្ទរងទុក្ខទាំងនោះ ហើយចូលទៅក្នុងសិរីល្អនៃទ្រង់វិញទេឬអី
27. រួចទ្រង់ក៏ស្រាយន័យសេចក្ដី ដែលដំរូវដល់ទ្រង់ ពីក្នុងគម្ពីរទាំងឡាយ ឲ្យគេស្តាប់ ចាប់តាំងពីគម្ពីរលោកម៉ូសេ និងគម្ពីរពួកហោរារៀងមក
28. នោះក៏ជិតដល់ភូមិដែលគេគិតទៅ ហើយទ្រង់ធ្វើដូចជាចង់យាងបង្ហួស
29. តែគេឃាត់ទ្រង់ ដោយពាក្យថា សូមនៅជាមួយនឹងយើងខ្ញុំសិន ពីព្រោះល្ងាច ថ្ងៃទាបណាស់ហើយ ដូច្នេះ ទ្រង់ក៏យាងចូលទៅគង់ជាមួយនឹងគេ
30. កាលគង់នៅតុជាមួយគ្នា នោះទ្រង់យកនំបុ័ងមកប្រទានពរ រួចកាច់ប្រទានទៅឲ្យគេ
31. នោះភ្នែកគេបានបើកភ្លឺឡើង ហើយគេបានស្គាល់ទ្រង់ តែទ្រង់បាត់ពីមុខគេទៅភ្លាម
32. នោះគេនិយាយគ្នាថា តើយើងមិនមានសេចក្ដីខ្មួលខ្មាញ់នៅក្នុងចិត្ត ក្នុងពេលដែលទ្រង់កំពុងតែមានព្រះបន្ទូលនឹងយើង ហើយសំដែងពីគម្ពីរ តាមផ្លូវនោះទេឬអី
33. នៅវេលានោះឯង គេក៏ក្រោកឡើងត្រឡប់ទៅឯក្រុងយេរូសាឡិមវិញ ឃើញពួកសាវក១១នាក់ និងអស់អ្នកដែលនៅជាមួយបានប្រជុំគ្នា កំពុងតែនិយាយថា
34. ព្រះអម្ចាស់ ទ្រង់មានព្រះជន្មរស់ឡើងវិញមែន ក៏បានលេចមកមកឲ្យស៊ីម៉ូនឃើញ
35. នោះគេក៏និយាយប្រាប់ពីការដែលកើតមានមកតាមផ្លូវ ហើយដែលគេបានស្គាល់ទ្រង់ជាក់ ដោយទ្រង់កាច់នំបុ័ងឲ្យ។
36. កាលកំពុងតែប្រាប់រឿងទាំងនោះ ស្រាប់តែព្រះយេស៊ូវទ្រង់ឈរនៅកណ្តាលគេ មានព្រះបន្ទូលថា សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខសាន្តចុះ
37. តែគេភ័យញ័រ ទាំងមានសេចក្ដីស្ញែងខ្លាចជាខ្លាំង ដោយស្មានថាជាខ្មោចលងវិញ
38. ទ្រង់មានព្រះបន្ទូលទៅគេថា ហេតុអ្វីបានជាវិលវល់ ហើយសង្ស័យក្នុងចិត្តដូច្នេះ