4. នោះលោកពីឡាត់មានប្រសាសន៍ដល់ពួកសង្គ្រាជ និងបណ្តាមនុស្សថា ខ្ញុំមិនឃើញជាមនុស្សនេះមានទោសអ្វីសោះ
5. ប៉ុន្តែ គេនិយាយទទូចថា វាញុះញង់បណ្តាជន ហើយក៏បង្រៀនពេញក្នុងស្រុកយូដាទាំងមូល ចាប់តាំងពីស្រុកកាលីឡេ រហូតមកដល់ទីនេះ
6. កាលលោកពីឡាត់ឮនិយាយពីស្រុកកាលីឡេ នោះលោកសួរថា មនុស្សនេះជាអ្នកស្រុកកាលីឡេឬអី
7. លុះបានជ្រាបថា ទ្រង់នៅក្នុងអំណាចនៃស្តេចហេរ៉ូឌ នោះលោកក៏បញ្ជូនទ្រង់ទៅឯស្តេចហេរ៉ូឌទៅ ដ្បិតគ្រានោះ ស្តេចគង់នៅក្រុងយេរូសាឡិមដែរ។
8. កាលស្តេចហេរ៉ូឌបានឃើញព្រះយេស៊ូវ នោះក៏អរណាស់ ដ្បិតស្តេចចង់ឃើញទ្រង់ជាយូរមកហើយ ព្រោះបានឮរឿងពីទ្រង់ជាច្រើន ហើយបានសង្ឃឹមថា នឹងឃើញទ្រង់ធ្វើទីសំគាល់ណាមួយ
9. នោះស្តេចមានព្រះបន្ទូលសួរទ្រង់ជាច្រើន ប៉ុន្តែ ទ្រង់មិនព្រមឆ្លើយសោះ
10. ឯពួកសង្គ្រាជ និងពួកអាចារ្យ គេឈរនៅទីនោះកំពុងតែចោទប្រកាន់ទ្រង់ជាខ្លាំង
11. លុះស្តេចហេរ៉ូឌ ព្រមទាំងពួកទាហាន បានចំអកមើលងាយព្រះយេស៊ូវរួចហើយ នោះក៏យកអាវដ៏រុងរឿងមកបំពាក់ទ្រង់ រួចបញ្ជូនត្រឡប់ទៅឯលោកពីឡាត់វិញ
12. នៅថ្ងៃនោះ លោកពីឡាត់ និងស្តេចហេរ៉ូឌ ក៏បានជានឹងគ្នា ដ្បិតពីមុន លោកទាំង២នោះបានទាស់ទែងគ្នា។
13. កាលលោកពីឡាត់បានប្រមូលពួកសង្គ្រាជ ពួកនាម៉ឺន និងបណ្តាមនុស្សទាំងអស់មក
14. នោះលោកមានប្រសាសន៍ទៅគេថា អ្នករាល់គ្នាបាននាំមនុស្សនេះមកឯខ្ញុំ ទុកជាមនុស្សដែលនាំបណ្តាជនឲ្យវង្វេង តែមើលខ្ញុំបានពិចារណាសួរនៅមុខអ្នករាល់គ្នាហើយ មិនឃើញជាមានទោសអ្វី តាមដែលអ្នករាល់គ្នាចោទប្រកាន់នោះសោះ