លូកា 23:34-40 ព្រះគម្ពីរបរិសុទ្ធ (KHOV)

34. ឯ​ព្រះ‌យេស៊ូវ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ឱ​ព្រះ‌វរ‌បិតា​អើយ សូម​អត់​ទោស​ដល់​អ្នក​ទាំង​នេះ​ផង ដ្បិត​គេ​មិន​ដឹង​ជា​គេ​ធ្វើ​អ្វី​ទេ គេ​ក៏​នាំ​គ្នា​ធ្វើ​ឆ្នោត​ចាប់​ព្រះ‌ពស្ត្រ​ទ្រង់​ចែក​គ្នា

35. ឯ​បណ្តា‌ជន​ដែល​ឈរ​មើល​និង​ពួក​នាម៉ឺន ដែល​ឈរ​ជា​មួយ ក៏​បន្តុះ​ទ្រង់​ថា វា​បាន​ជួយ​សង្គ្រោះ​មនុស្ស​ឯ​ទៀត បើ​វា​ជា​ព្រះ‌គ្រីស្ទ ជា​អ្នក​រើស​តាំង​របស់​ព្រះ​មែន នោះ​ឲ្យ​វា​ជួយ​សង្គ្រោះ​ខ្លួន​វា​ទៅ

36. ពួក​ទាហាន​ក៏​បង្អាប់​ទ្រង់​ដែរ ហើយ​គេ​យក​ទឹក‌ខ្មេះ ចូល​ទៅ​ជិត​ថ្វាយ​ទ្រង់ ដោយ​ថា

37. បើ​ឯង​ជា​ស្តេច​សាសន៍​យូដា​មែន ចូរ​ជួយ​សង្គ្រោះ​ខ្លួន​ចុះ

38. ហើយ​នៅ​ពី​លើ​ទ្រង់ មាន​អក្សរ​ជា​ភាសា​ក្រេក ឡាតាំង និង​ហេព្រើរ​ថា «នេះ​ជា​ស្តេច​សាសន៍​យូដា»។

39. រីឯ​ចោរ​កំណាច​ម្នាក់​ដែល​ជាប់​ព្យួរ វា​ប្រមាថ​មើល‌ងាយ​ដល់​ទ្រង់​ថា បើ​ឯង​ជា​ព្រះ‌គ្រីស្ទ​ពិត នោះ​ចូរ​ជួយ​សង្គ្រោះ​ខ្លួន​ឯង ហើយ​នឹង​យើង​ផង

40. ប៉ុន្តែ ម្នាក់​ទៀត​ឆ្លើយ​បន្ទោស​វា​ថា តើ​ឯង​មិន​ខ្លាច​ព្រះ​ទេ​ឬ​អី ដ្បិត​ឯង​ក៏​ជាប់​ទោស​ដូច​គ្នា

លូកា 23