លូកា 22:38-52 ព្រះគម្ពីរបរិសុទ្ធ (KHOV)

38. រួច​គេ​ទូល​ថា ព្រះ‌អម្ចាស់​អើយ មើល នេះ​មាន​ដាវ​២​ហើយ ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​ថា អើ ល្មម​ហើយ។

39. កាល​ទ្រង់​យាង​ចេញ​ទៅ នោះ​ទ្រង់​ទៅ​ឯ​ភ្នំ​ដើម​អូលីវ តាម​ទំលាប់ ហើយ​ពួក​សិស្ស​ក៏​តាម​ទៅ​ដែរ

40. លុះ​ដល់​កន្លែង​ហើយ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ចូរ​អធិស្ឋាន​ទៅ ដើម្បី​កុំ​ឲ្យ​ត្រូវ​សេចក្ដី​ល្បួង​ឡើយ

41. រួច​ទ្រង់​ថយ​ចេញ​ពី​គេ​ទៅ ចំងាយ​ទី​ប្រហែល​ជា​គេ​ចោល​ថ្ម​១​ទំហឹង​ដៃ ក៏​លុត​ព្រះ‌ជង្ឃ​ក្រាប​ចុះ​អធិស្ឋាន​ថា

42. ឱ​ព្រះ‌វរ‌បិតា​អើយ បើ​សិន​ជា​ទ្រង់​សព្វ​ព្រះ‌ហឫ‌ទ័យ នោះ​សូម​យក​ពែង​នេះ​ចេញ​ពី​ទូល‌បង្គំ​ទៅ ប៉ុន្តែ កុំ​តាម​ចិត្ត​ទូល‌បង្គំ​ឡើយ សូម​តាម​តែ​ព្រះ‌ហឫ‌ទ័យ​ទ្រង់​វិញ

43. នោះ​មាន​ទេវតា​លេច​មក​ឯ​ទ្រង់​អំពី​ស្ថាន‌សួគ៌ មក​ចំរើន​កំឡាំង​ថ្វាយ

44. ហើយ​ដោយ​ទ្រង់​កើត​ទុក្ខ​ជា​ខ្លាំង បាន​ជា​ទ្រង់​អធិស្ឋាន​ទទូច​រឹត​តែ​ខ្លាំង​ឡើង ញើស​ទ្រង់​ក៏​ត្រឡប់​ដូច​ជា​ដំណក់​ឈាម​ដ៏​ធំៗ ស្រក់​ទៅ​ដី

45. រួច​ទ្រង់​ក្រោក​ពី​ទី​អធិស្ឋាន វិល​ទៅ​ឯ​ពួក​សិស្ស​វិញ ក៏​ឃើញ​គេ​ដេក​លក់​ដោយ​ព្រួយ​ចិត្ត

46. ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ហេតុ​អ្វី​បាន​ជា​ដេក​លក់​ដូច្នេះ ចូរ​ក្រោក​ឡើង​អធិស្ឋាន​ចុះ ដើម្បី​កុំ​ឲ្យ​ត្រូវ​សេចក្ដី​ល្បួង​ឡើយ។

47. កំពុង​ដែល​ព្រះ‌យេស៊ូវ ទ្រង់​មាន​ព្រះ‌បន្ទូល​នៅ​ឡើយ នោះ​ឃើញ​មាន​មនុស្ស​ទាំង​ហ្វូង​មក ហើយ​អ្នក​ដែល​មាន​ឈ្មោះ​យូដាស ជា​ម្នាក់​ក្នុង​ពួក​១២ ក៏​នាំ​មុខ​គេ វា​ចូល​មក​ជិត ដើម្បី​ថើប​ព្រះ‌យេស៊ូវ

48. តែ​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​វា​ថា យូដាស​អើយ អ្នក​បញ្ជូន​កូន​មនុស្ស​ទៅ ដោយ​ថើប​១​ខ្សឺត​ឬ​អី

49. កាល​ពួក​អ្នក​ដែល​នៅ​ជុំ‌វិញ​ទ្រង់ ឃើញ​ការ​ដែល​ហៀប​នឹង​កើត​មក​ដូច្នេះ នោះ​ក៏​ទូល​ទ្រង់​ថា ព្រះ‌អម្ចាស់​អើយ តើ​ត្រូវ​ឲ្យ​យើង​ខ្ញុំ​កាប់​នឹង​ដាវ​ឬ​អី

50. មាន​ម្នាក់​ក្នុង​ពួក​គេ ក៏​កាប់​ដាច់​ត្រចៀក​ស្តាំ​របស់​បាវ​សំដេច​សង្ឃ​ម្នាក់

51. ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា ចូរ​ឈប់​ប៉ុណ្ណឹង​ចុះ រួច​ទ្រង់​ពាល់​ត្រចៀក​អ្នក​នោះ​ឲ្យ​ជា​វិញ

52. នោះ​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សង្គ្រាជ ពួក​មេ​ទ័ព​រក្សា​ព្រះ‌វិហារ និង​ពួក​ចាស់‌ទុំ​ដែល​មក​ចាប់​ទ្រង់​ថា តើ​អ្នក​រាល់​គ្នា​ចេញ​មក​ទាំង​កាន់​ដាវ​កាន់​ដំបង ដូច​ជា​មក​ចាប់​ចោរ​ឬ​អី

លូកា 22