10. ទ្រង់ក៏មានព្រះបន្ទូលទៅគេថា សាសន៍១នឹងលើកគ្នាទាស់នឹងសាសន៍១ ហើយនគរ១ទាស់នឹងនគរ១
11. ក៏នឹងមានកក្រើកដីជាខ្លាំង និងអំណត់ ហើយអាសន្នរោគនៅកន្លែងផ្សេងៗ ទាំងមានហេតុនាំឲ្យភ័យ និងទីសំគាល់យ៉ាងធំពីលើមេឃផង
12. តែមុនការទាំងនោះ គេនឹងចាប់អ្នករាល់គ្នាធ្វើទុក្ខ បញ្ជូនទៅសាលាប្រជុំ ហើយដាក់គុក ព្រមទាំងនាំអ្នករាល់គ្នាទៅចំពោះស្តេច និងចៅហ្វាយខេត្ត ដោយព្រោះឈ្មោះខ្ញុំផង
13. ប៉ុន្តែ ការនោះនឹងត្រឡប់ប្រែជាឱកាស ឲ្យអ្នករាល់គ្នាធ្វើបន្ទាល់វិញ
14. ដូច្នេះ ចូរសំរេចក្នុងចិត្តថា អ្នករាល់គ្នានឹងមិនគិតជាមុន អំពីពាក្យដែលត្រូវដោះសាទេ
15. ដ្បិតខ្ញុំនឹងឲ្យអ្នករាល់គ្នាមានថ្វីមាត់ ហើយនឹងប្រាជ្ញាវិញ ដែលពួកអ្នកតតាំងពុំអាចនឹងឆ្លើយឆ្លង ឬទទឹងទាស់បានឡើយ
16. ប៉ុន្តែ ទោះទាំងឪពុកម្តាយ បងប្អូន ញាតិសន្តាន ហើយមិត្រសំឡាញ់ក៏នឹងបញ្ជូនអ្នករាល់គ្នា ហើយនឹងសំឡាប់អ្នករាល់គ្នាខ្លះដែរ
17. មនុស្សទាំងអស់នឹងស្អប់អ្នករាល់គ្នា ដោយព្រោះឈ្មោះខ្ញុំ
18. តែសូម្បីសក់១សរសៃលើក្បាលអ្នករាល់គ្នា ក៏មិនត្រូវវិនាសបាត់ផង
19. អ្នករាល់គ្នានឹងបានជីវិតគង់នៅវិញ ដោយមានចិត្តខ្ជាប់ខ្ជួន។
20. ប៉ុន្តែ កាលណាឃើញពលទ័ពឡោមព័ទ្ធក្រុងយេរូសាឡិម នោះត្រូវឲ្យដឹងថា សេចក្ដីហិនវិនាសនៃក្រុងនោះជិតដល់ហើយ
21. គ្រានោះ ត្រូវឲ្យអ្នកនៅស្រុកយូដា រត់ទៅឯភ្នំ ហើយពួកអ្នកនៅកណ្តាលទីក្រុង ត្រូវរត់ចេញឲ្យផុត ក៏កុំឲ្យពួកអ្នកដែលនៅស្រុកស្រែ ចូលទៅក្នុងទីក្រុងឡើយ
22. ដ្បិតគ្រានោះជាគ្រាសងសឹក ដើម្បីនឹងសំរេចតាមគ្រប់ទាំងសេចក្ដីដែលបានចែងទុកមក
23. ឯពួកស្រីៗ ដែលមានផ្ទៃពោះ ហើយពួកដែលបំបៅកូន នៅគ្រានោះ នឹងវេទនាណាស់ ដ្បិតនឹងមានសេចក្ដីវេទនាជាខ្លាំងនៅក្នុងស្រុក ហើយនឹងសេចក្ដីក្រោធដល់បណ្តាជននេះ
24. គេនឹងដួលនៅក្រោមមុខដាវ ហើយនឹងត្រូវដឹកនាំទៅជាឈ្លើយ ដល់អស់ទាំងនគរ ក្រុងយេរូសាឡិមនឹងត្រូវសាសន៍ដទៃជាន់ឈ្លី ដរាបដល់គ្រារបស់សាសន៍ដទៃបានសំរេច។