5. គេក៏រិះគិតគ្នាថា បើយើងថា មកពីស្ថានសួគ៌ នោះវានឹងសួរយើងវិញថា ដូច្នេះ ហេតុអ្វីបានជាអ្នករាល់គ្នាមិនបានជឿគាត់
6. តែបើយើងឆ្លើយថា មកពីមនុស្ស នោះបណ្តាជននឹងចោលយើងនឹងថ្ម ពីព្រោះគេជឿប្រាកដថា យ៉ូហាននេះជាហោរាមែន
7. រួចគេទូលឆ្លើយថា មិនដឹងជាមកពីណាទេ
8. ទ្រង់ក៏មានព្រះបន្ទូលតបដល់គេថា ដូច្នេះ ខ្ញុំមិនប្រាប់ឲ្យអ្នករាល់គ្នាដឹង ដែលខ្ញុំអាងអំណាចអ្វីនឹងធ្វើការទាំងនេះដែរ។
9. ទ្រង់ក៏ចាប់តាំងមានព្រះបន្ទូលទៅបណ្តាជន ជាពាក្យប្រដូចនេះថា មានបុរសម្នាក់បានដាំចំការទំពាំងបាយជូរ ហើយប្រវាស់ទៅឲ្យពួកអ្នកធ្វើចំការ រួចក៏ចេញពីស្រុកនោះទៅជាយូរ
10. លុះដល់រដូវហើយ គាត់ក៏ចាត់បាវទៅឯពួកធ្វើចំការ ដើម្បីឲ្យគេចែកផលទំពាំងបាយជូរមកគាត់ តែពួកអ្នកទាំងនោះ គេវាយបណ្តេញបាវនោះឲ្យមកវិញទទេ
11. គាត់ចាត់បាវ១ទៅទៀត តែគេវាយបាវនោះដែរ ទាំងដៀលត្មះ ហើយបណ្តេញឲ្យមកវិញទទេ
12. គាត់ក៏ចាត់អ្នកទី៣ឲ្យទៅទៀត តែគេវាយអ្នកនោះឲ្យមានរបួស រួចបោះចោលទៅក្រៅទៅ
13. នោះថៅកែចំការគិតថា តើត្រូវឲ្យអញធ្វើដូចម្តេច អញនឹងចាត់កូនសំឡាញ់របស់អញឲ្យទៅទៀត ក្រែងកាលណាគេឃើញ នោះគេនឹងកោតខ្លាចដល់វា
14. តែកាលពួកធ្វើចំការបានឃើញ នោះគេរិះគិតគ្នាថា នេះជាកូនគ្រងមរដក ចូរយើងសំឡាប់វាចោលទៅ ដើម្បីឲ្យបានមរដកមកយើងវិញ
15. គេក៏បោះទៅក្រៅចំការ ហើយសំឡាប់ចោលទៅ ដូច្នេះ តើថៅកែចំការនោះនឹងធ្វើដូចម្តេច