លូកា 20:29-47 ព្រះគម្ពីរបរិសុទ្ធ (KHOV)

29. ដូច្នេះ មាន​បង​ប្អូន​៧​នាក់ បង​ច្បង​បាន​យក​ប្រពន្ធ ហើយ​ស្លាប់​ទៅ​គ្មាន​កូន​សោះ

30. ប្អូន​បន្ទាប់​ក៏​យក​នាង ហើយ​ស្លាប់​ទៅ​ឥត​កូន​ដែរ

31. អ្នក​ទី​៣​ក៏​យក​នាង​ទៀត បណ្តា​ទាំង​៧​នាក់​នោះ​ក៏​យក​នាង​គ្រប់ៗ​គ្នា ហើយ​ស្លាប់​ទៅ​ឥត​មាន​កូន​ដូច​គ្នា​ទាំង​អស់

32. ក្រោយ​បង្អស់​មក នាង​នោះ​ស្លាប់​ទៅ​ដែរ

33. ដូច្នេះ ដល់​គ្រា​ដែល​រស់​ឡើង​វិញ តើ​នាង​នោះ​នឹង​ធ្វើ​ជា​ប្រពន្ធ​របស់​អ្នក​ណា ដ្បិត​អ្នក​ទាំង​៧​នោះ​បាន​យក​នាង​ធ្វើ​ជា​ប្រពន្ធ​គ្រប់ៗ​គ្នា

34. នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា ធម្មតា​មនុស្ស​នៅ​លោកីយ៍​នេះ គេ​តែង​យក​ប្ដី​ប្រពន្ធ

35. តែ​អស់​អ្នក​ដែល​បាន​រាប់​ជា​គួរ ឲ្យ​បាន​ទៅ​ឯ​បរ‌លោក​នាយ ហើយ​ឲ្យ​បាន​រស់​ពី​ស្លាប់​ឡើង​វិញ នៅ​ស្ថាន​នោះ​គេ​មិន​ដែល​យក​ប្ដី​ប្រពន្ធ​ទៀត​ទេ

36. ពី​ព្រោះ​គេ​មិន​ចេះ​ស្លាប់​ទៀត គឺ​ដូច​ជា​ទេវតា ហើយ​ជា​ពួក​កូន​របស់​ព្រះ​ផង ដោយ​បាន​រស់​ពី​ស្លាប់​ឡើង​វិញ

37. រីឯ​ដំណើរ​ដែល​មនុស្ស​រស់​ពី​ស្លាប់​ឡើង​វិញ នោះ​ទាំង​លោក​ម៉ូសេ​ក៏​បាន​បង្ហាញ ក្នុង​រឿង​ពី​គុម្ព​បន្លា​ហើយ ក្នុង​កាល​ដែល​លោក​ហៅ​ព្រះ‌អម្ចាស់ ថា​ជា​ព្រះ​នៃ​លោក​អ័ប្រាហាំ នៃ​លោក​អ៊ីសាក ហើយ​នៃ​លោក​យ៉ាកុប

38. ដ្បិត​ទ្រង់​មិន​មែន​ជា​ព្រះ​នៃ​មនុស្ស​ស្លាប់​ទេ គឺ​ជា​ព្រះ​នៃ​មនុស្ស​រស់​វិញ ព្រោះ​មនុស្ស​ទាំង​អស់​រស់​សំរាប់​ទ្រង់

39. នោះ​មាន​ពួក​អាចារ្យ​ខ្លះ​ឆ្លើយ​ឡើង​ថា លោក​គ្រូ លោក​មាន​ប្រសាសន៍​ត្រូវ​ណាស់

40. រួច​គេ​មិន​ហ៊ាន​ទូល​សួរ​ទ្រង់​ទៀត​ឡើយ។

41. ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​សួរ​គេ​ថា ដូច​ម្តេច​បាន​ជា​គេ​ថា ព្រះ‌គ្រីស្ទ​ជា​ព្រះ‌វង្ស​ហ្លួង​ដាវីឌ

42. ព្រោះ​ហ្លួង​ដាវីឌ​នោះ​ឯង ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ក្នុង​គម្ពីរ​ទំនុក​ដំកើង​ថា «ព្រះ‌អម្ចាស់​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​ព្រះ‌អម្ចាស់​ខ្ញុំ​ថា ចូរ​ឯង​អង្គុយ​ខាង​ស្តាំ​អញ

43. ទាល់​តែ​អញ​ដាក់​ពួក​ខ្មាំង​សត្រូវ​ឯង ឲ្យ​ធ្វើ​ជា​កំណល់​កល់​ជើង​ឯង»

44. ដូច្នេះ បើ​ហ្លួង​ដាវីឌ​នោះ​ឯង ទ្រង់​ហៅ​ព្រះ‌គ្រីស្ទ​ជា​ព្រះ‌អម្ចាស់ នោះ​ធ្វើ​ដូច​ម្តេច​ឲ្យ​ព្រះ‌គ្រីស្ទ​ធ្វើ​ជា​ព្រះ‌វង្ស​ទ្រង់​បាន។

45. កាល​បណ្តា‌ជន​កំពុង​តែ​ស្តាប់​ទ្រង់ នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សិស្ស​ថា

46. ចូរ​ប្រុង​ប្រយ័ត្ន​នឹង​ពួក​អាចារ្យ ដែល​គេ​ចូល​ចិត្ត​ពាក់​អាវ​វែង​ដើរ​ចុះ​ឡើង ក៏​គាប់​ចិត្ត​ឲ្យ​មនុស្ស​គំនាប់​គេ​នៅ​ទី​ផ្សារ ហើយ​ចង់​អង្គុយ​កន្លែង​មុខ​គេ ក្នុង​សាលា​ប្រជុំ និង​កន្លែង​ដ៏​ប្រសើរ​បំផុត ក្នុង​ការ​ស៊ី​លៀង

47. តែ​គេ​ឆ​ស៊ី​ផ្ទះ​ស្រី​មេម៉ាយ ទាំង​ដោះ​សា​ខ្លួន ដោយ​សូត្រ​ធម៌​ឲ្យ​ច្រើន អ្នក​ទាំង​នោះ​ឯង​នឹង​ត្រូវ​ទោស​ធ្ងន់​ជាង​ទៅ​ទៀត។

លូកា 20