1. មានកាល១ថ្ងៃនោះ កំពុងដែលព្រះយេស៊ូវទ្រង់បង្រៀនដល់ពួកជន ព្រមទាំងប្រាប់ដំណឹងល្អនៅក្នុងព្រះវិហារ នោះពួកសង្គ្រាជ ពួកអាចារ្យ និងពួកចាស់ទុំ ក៏មកដល់
2. គេទូលទ្រង់ថា សូមប្រាប់យើងខ្ញុំ តើអ្នកធ្វើការទាំងនេះ ដោយអាងអំណាចអ្វី អ្នកណាបានបើកអំណាចនេះឲ្យអ្នក
3. តែទ្រង់មានព្រះបន្ទូលឆ្លើយថា ខ្ញុំនឹងសួរអ្នករាល់គ្នាពីសេចក្ដី១ដែរ ចូរប្រាប់មកខ្ញុំសិន
4. ឯបុណ្យជ្រមុជរបស់យ៉ូហាន តើមកពីស្ថានសួគ៌ ឬពីមនុស្ស
5. គេក៏រិះគិតគ្នាថា បើយើងថា មកពីស្ថានសួគ៌ នោះវានឹងសួរយើងវិញថា ដូច្នេះ ហេតុអ្វីបានជាអ្នករាល់គ្នាមិនបានជឿគាត់
6. តែបើយើងឆ្លើយថា មកពីមនុស្ស នោះបណ្តាជននឹងចោលយើងនឹងថ្ម ពីព្រោះគេជឿប្រាកដថា យ៉ូហាននេះជាហោរាមែន
7. រួចគេទូលឆ្លើយថា មិនដឹងជាមកពីណាទេ
8. ទ្រង់ក៏មានព្រះបន្ទូលតបដល់គេថា ដូច្នេះ ខ្ញុំមិនប្រាប់ឲ្យអ្នករាល់គ្នាដឹង ដែលខ្ញុំអាងអំណាចអ្វីនឹងធ្វើការទាំងនេះដែរ។
9. ទ្រង់ក៏ចាប់តាំងមានព្រះបន្ទូលទៅបណ្តាជន ជាពាក្យប្រដូចនេះថា មានបុរសម្នាក់បានដាំចំការទំពាំងបាយជូរ ហើយប្រវាស់ទៅឲ្យពួកអ្នកធ្វើចំការ រួចក៏ចេញពីស្រុកនោះទៅជាយូរ
10. លុះដល់រដូវហើយ គាត់ក៏ចាត់បាវទៅឯពួកធ្វើចំការ ដើម្បីឲ្យគេចែកផលទំពាំងបាយជូរមកគាត់ តែពួកអ្នកទាំងនោះ គេវាយបណ្តេញបាវនោះឲ្យមកវិញទទេ
11. គាត់ចាត់បាវ១ទៅទៀត តែគេវាយបាវនោះដែរ ទាំងដៀលត្មះ ហើយបណ្តេញឲ្យមកវិញទទេ
12. គាត់ក៏ចាត់អ្នកទី៣ឲ្យទៅទៀត តែគេវាយអ្នកនោះឲ្យមានរបួស រួចបោះចោលទៅក្រៅទៅ
13. នោះថៅកែចំការគិតថា តើត្រូវឲ្យអញធ្វើដូចម្តេច អញនឹងចាត់កូនសំឡាញ់របស់អញឲ្យទៅទៀត ក្រែងកាលណាគេឃើញ នោះគេនឹងកោតខ្លាចដល់វា
14. តែកាលពួកធ្វើចំការបានឃើញ នោះគេរិះគិតគ្នាថា នេះជាកូនគ្រងមរដក ចូរយើងសំឡាប់វាចោលទៅ ដើម្បីឲ្យបានមរដកមកយើងវិញ
15. គេក៏បោះទៅក្រៅចំការ ហើយសំឡាប់ចោលទៅ ដូច្នេះ តើថៅកែចំការនោះនឹងធ្វើដូចម្តេច
16. គឺគាត់នឹងមកបំផ្លាញដល់ពួកធ្វើចំការនោះ រួចប្រវាស់ទៅឲ្យអ្នកឯទៀតវិញ កាលបានឮសេចក្ដីនោះហើយ គេក៏ទូលថា សូមកុំឲ្យបានដូច្នោះឡើយ
17. តែទ្រង់ទតទៅគេ មានព្រះបន្ទូលថា ឯសេចក្ដីដែលចែងទុកមកថា «ថ្មដែលជាងសង់ផ្ទះបានចោលចេញ នោះបានត្រឡប់ជាថ្មជ្រុងយ៉ាងឯក» តើមានន័យដូចម្តេច
18. អស់អ្នកណាដែលធ្លាក់លើថ្មនោះ នឹងត្រូវបាក់បែក តែអ្នកណាដែលថ្មនោះធ្លាក់លើ នោះនឹងត្រូវកិនខ្ទេចខ្ទីទៅ។
19. នៅវេលានោះឯង ពួកសង្គ្រាជ និងពួកអាចារ្យក៏រកចាប់ទ្រង់ ដ្បិតគេដឹងថា ទ្រង់មានព្រះបន្ទូលពាក្យប្រៀបនោះដាក់គេ តែគេនឹកខ្លាចបណ្តាជន។