32. ជាពន្លឺសំរាប់បំភ្លឺដល់សាសន៍ដទៃ ហើយជាសិរីល្អរបស់អ៊ីស្រាអែល ជារាស្ត្រទ្រង់
33. ឯយ៉ូសែប និងមាតាទ្រង់ ក៏អស្ចារ្យពីសេចក្ដីទាំងប៉ុន្មាន ដែលគេថ្លែងពីទ្រង់។
34. ស៊ីម្មានក៏ឲ្យពរ ហើយនិយាយទៅម៉ារា ជាមាតាទ្រង់ថា មើល បុត្រនេះបានតាំងឡើង សំរាប់ធ្វើឲ្យពួកសាសន៍អ៊ីស្រាអែលជាច្រើនដួល ហើយងើបឡើងវិញ ក៏សំរាប់ជាទីសំគាល់ ដែលគេនឹងស្រដីទទឹងផង
35. ឯនាងវិញ នឹងមានដាវចាក់ទំលុះព្រលឹងនាងដែរ ដើម្បីឲ្យគំនិតក្នុងចិត្តរបស់មនុស្សជាច្រើនបានសំដែងចេញមក។
36. ហើយមានហោរាស្រីម្នាក់ឈ្មោះ អាណ ជាកូនផាញូអែល ក្នុងពូជអំបូរអេស៊ើរ គាត់មានប្ដី៧ឆ្នាំ តាំងតែពីក្រមុំមក ឥឡូវនេះគាត់ចាស់ណាស់ហើយ
37. នៅជាមេម៉ាយប្រហែលជា៨៤ឆ្នាំ ក៏នៅតែក្នុងព្រះវិហារ មិនដែលចេញឡើយ គាត់គោរពទាំងយប់ទាំងថ្ងៃ ដោយការតម ហើយអធិស្ឋាន
38. គាត់បានឡើងមកនៅវេលានោះឯង ក៏អរព្រះគុណដល់ព្រះ ព្រមទាំងប្រកាសប្រាប់ពីព្រះឱរស ដល់អស់អ្នកដែលនៅរង់ចាំសេចក្ដីប្រោសលោះនៅក្រុងយេរូសាឡិម។
39. កាលបានធ្វើសំរេចគ្រប់ទាំងអស់ តាមក្រឹត្យវិន័យព្រះអម្ចាស់ហើយ នោះក៏នាំគ្នាត្រឡប់ទៅស្រុកវិញ គឺទៅឯភូមិណាសារ៉ែត ក្នុងស្រុកកាលីឡេ
40. ឯព្រះឱរស ក៏កាន់តែមានវ័យចំរើនធំឡើង មានកំឡាំងខាងវិញ្ញាណរឹតតែច្រើនឡើង ប្រកបដោយប្រាជ្ញាដ៏ពោរពេញ ហើយព្រះគុណនៃព្រះក៏សណ្ឋិតលើទ្រង់ផង។
41. រីឯមាតាបិតាទ្រង់ តែងតែទៅឯក្រុងយេរូសាឡិម នៅវេលាបុណ្យរំលង រាល់តែឆ្នាំ
42. លុះទ្រង់មានព្រះជន្មបាន១២ឆ្នាំ នោះក៏នាំគ្នាឡើងទៅ តាមទំលាប់បុណ្យ
43. តែដល់ថ្ងៃរួចបុណ្យ ក្នុងកាលដែលគេកំពុងតែត្រឡប់ទៅវិញ នោះព្រះកុមារយេស៊ូវ ទ្រង់បានគង់នៅក្រុងយេរូសាឡិមនៅឡើយ ចំណែកយ៉ូសែប និងមាតាទ្រង់ ឥតបានដឹងទេ
44. ស្មានថា ទ្រង់គង់នៅក្នុងពួកគេ ក៏ដើរទៅបាន១ថ្ងៃ ទើបចាប់ភ្លឹកសួររកទ្រង់ ក្នុងពួកញាតិសន្តាន និងពួកអ្នកដែលស្គាល់គ្នា
45. កាលមិនឃើញ នោះក៏ត្រឡប់ទៅរកទ្រង់ឯក្រុងយេរូសាឡិមវិញ
46. លុះកន្លងក្រោយមក៣ថ្ងៃ នោះទើបឃើញទ្រង់គង់នៅកណ្តាលពួកអាចារ្យក្នុងព្រះវិហារ កំពុងតែស្តាប់ ហើយនឹងសួរគេ
47. ពួកអស់អ្នកដែលឮទ្រង់ក៏អស្ចារ្យក្នុងចិត្តពីប្រាជ្ញា ហើយនឹងពាក្យចំឡើយរបស់ទ្រង់