22. លុះដល់កំណត់ កាលត្រូវញែកចេញជាបរិសុទ្ធ តាមក្រឹត្យវិន័យរបស់លោកម៉ូសេ នោះក៏នាំយកព្រះឱរសទៅឯក្រុងយេរូសាឡិម ដើម្បីថ្វាយដល់ព្រះអម្ចាស់
23. ដូចជាមានកត់ទុកមកក្នុងក្រឹត្យវិន័យព្រះអម្ចាស់ថា «គ្រប់ទាំងកូនប្រុសៗ ដែលកើតពីផ្ទៃម្តាយមកមុនបង្អស់ នោះត្រូវរាប់ជាបរិសុទ្ធថ្វាយព្រះអម្ចាស់»
24. ហើយនឹងថ្វាយយញ្ញបូជា តាមសេចក្ដីដែលបានកត់ទុកក្នុងក្រឹត្យវិន័យរបស់ព្រះអម្ចាស់ គឺថា «លលក១គូ ឬព្រាបជំទើរ២»។
25. នោះមើល នៅក្រុងយេរូសាឡិម មានមនុស្សម្នាក់ឈ្មោះស៊ីម្មាន ជាអ្នកសុចរិត ដែលកោតខ្លាចដល់ព្រះ គាត់រង់ចាំសេចក្ដីដោះទុក្ខ របស់សាសន៍អ៊ីស្រាអែល ហើយព្រះវិញ្ញាណបរិសុទ្ធក៏សណ្ឋិតលើគាត់
26. ព្រះវិញ្ញាណបរិសុទ្ធបានសំដែងឲ្យគាត់ដឹងថា គាត់មិនស្លាប់ឡើយទាល់តែបានឃើញព្រះគ្រីស្ទនៃព្រះអម្ចាស់
27. គាត់ចូលមកក្នុងព្រះវិហារដោយនូវព្រះវិញ្ញាណ រួចកាលមាតាបិតានាំយកព្រះយេស៊ូវ ជាឱរសចូលមក ដើម្បីធ្វើតាមទំលាប់ក្រឹត្យវិន័យដល់ទ្រង់
28. នោះគាត់ក៏ទទួលមកបី ហើយសរសើរដល់ព្រះ ដោយពាក្យថា
29. ឥឡូវនេះ ឱព្រះដ៏ជាម្ចាស់អើយ សូមបើកឲ្យបាវបំរើទ្រង់ទៅដោយសុខសាន្ត តាមព្រះបន្ទូលទ្រង់ចុះ
30. ដ្បិតភ្នែកទូលបង្គំបានឃើញសេចក្ដីសង្គ្រោះរបស់ផងទ្រង់
31. ដែលទ្រង់បានរៀបចំនៅមុខបណ្តាជនទាំងឡាយ
32. ជាពន្លឺសំរាប់បំភ្លឺដល់សាសន៍ដទៃ ហើយជាសិរីល្អរបស់អ៊ីស្រាអែល ជារាស្ត្រទ្រង់