លូកា 2:14-24 ព្រះគម្ពីរបរិសុទ្ធ (KHOV)

14. សួស្តី​ដល់​ព្រះ​នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត ហើយ​សេចក្ដី​សុខ‌សាន្ត​នៅ​ផែនដី នៅ​កណ្តាល​មនុស្ស ដែល​ជា​ទី​គាប់​ព្រះ‌ហឫ‌ទ័យ​ដល់​ទ្រង់

15. កាល​ពួក​ទេវតា​បាន​ឃ្លាត​ចេញ ហោះ​ទៅ​ស្ថាន‌សួគ៌​វិញ​ហើយ នោះ​ពួក​អ្នក​គង្វាល​និយាយ​គ្នា​ថា ចូរ​យើង​ទៅ​ឯ​បេថ្លេ‌ហិម មើល​ការ​ដែល​បាន​កើត​មក​នោះ ដែល​ព្រះ‌អម្ចាស់​បាន​ប្រាប់​ឲ្យ​យើង​ដឹង

16. គេ​ក៏​ទៅ​ជា​ប្រញាប់ ឃើញ​ម៉ារា និង​យ៉ូសែប​នៅ​ទី​នោះ ព្រម​ទាំង​ព្រះ‌ឱរស​ផ្តេក​នៅ​ក្នុង​ស្នូក​ផង

17. កាល​បាន​ឃើញ​ហើយ នោះ​គេ​ក៏​រ៉ាយ‌រ៉ាប់​រឿង ពី​សេចក្ដី​ដែល​ទេវតា​បាន​ប្រាប់​ពី​ព្រះ‌ឱរស

18. ហើយ​អស់​អ្នក​ណា​ដែល​ឮ ក៏​មាន​សេចក្ដី​អស្ចារ្យ ពី​ពាក្យ​ដែល​ពួក​អ្នក​គង្វាល​បាន​ប្រាប់​មក

19. តែ​ម៉ារា នាង​រក្សា​ទុក​រឿង​ទាំង​នោះ ដោយ​រំពឹង​គិត​តែ​ក្នុង​ចិត្ត

20. ឯ​ពួក​អ្នក​គង្វាល ក៏​វិល​ត្រឡប់​ទៅ​វិញ ទាំង​សរសើរ‌ដំកើង​ដល់​ព្រះ ដោយ​ព្រោះ​គ្រប់​ទាំង​ការ ដែល​គេ​បាន​ឮ ហើយ​ឃើញ​នោះ ដូច​ជា​ទេវតា​បាន​ប្រាប់​មក។

21. លុះ​ដល់​គំរប់​៨​ថ្ងៃ កាល​ត្រូវ​កាត់​ស្បែក​ព្រះ‌ឱរស នោះ​គេ​ថ្វាយ​ព្រះ‌នាម​ថា «យេស៊ូវ» ជា​នាម​ដែល​ទេវតា​បាន​ប្រាប់ មុន​ដែល​ទ្រង់​មក​ចាប់​ទំ​ផ្ទៃ។

22. លុះ​ដល់​កំណត់ កាល​ត្រូវ​ញែក​ចេញ​ជា​បរិសុទ្ធ តាម​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ នោះ​ក៏​នាំ​យក​ព្រះ‌ឱរស​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម ដើម្បី​ថ្វាយ​ដល់​ព្រះ‌អម្ចាស់

23. ដូច​ជា​មាន​កត់​ទុក​មក​ក្នុង​ក្រឹត្យ‌វិន័យ​ព្រះ‌អម្ចាស់​ថា «គ្រប់​ទាំង​កូន​ប្រុសៗ ដែល​កើត​ពី​ផ្ទៃ​ម្តាយ​មក​មុន​បង្អស់ នោះ​ត្រូវ​រាប់​ជា​បរិសុទ្ធ​ថ្វាយ​ព្រះ‌អម្ចាស់»

24. ហើយ​នឹង​ថ្វាយ​យញ្ញ‌បូជា តាម​សេចក្ដី​ដែល​បាន​កត់​ទុក​ក្នុង​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អម្ចាស់ គឺ​ថា «លលក​១​គូ ឬ​ព្រាប​ជំទើរ​២»។

លូកា 2