4. ដូច្នេះ គាត់រត់ទៅពីខាងមុខ ឡើងលើដើមឧទុម្ពរឲ្យបានឃើញទ្រង់ ព្រោះទ្រង់ត្រូវយាងមកតាមនោះ
5. កាលព្រះយេស៊ូវយាងមកដល់ នោះទ្រង់ងើបព្រះនេត្រឡើងឃើញ ហើយមានព្រះបន្ទូលទៅគាត់ថា សាខេ ចូរអ្នកចុះមកជាប្រញាប់ ដ្បិតថ្ងៃនេះ ខ្ញុំត្រូវស្នាក់នៅផ្ទះអ្នក
6. គាត់ក៏ចុះមកជាប្រញាប់ ហើយទទួលទ្រង់ដោយអំណរ
7. កាលមនុស្សទាំងអស់បានឃើញដូច្នោះ នោះគេរទូរទាំថា លោកបានចូលទៅស្នាក់នៅ ក្នុងផ្ទះរបស់មនុស្សមានបាប
8. ឯសាខេ ក៏ឈរទូលទ្រង់ថា មើល ព្រះអម្ចាស់អើយ ទូលបង្គំចែកទ្រព្យទូលបង្គំពាក់កណ្តាលឲ្យដល់មនុស្សក្រីក្រ ហើយបើទូលបង្គំបានហូតពន្ធបំបាត់ចំពោះអ្នកណា នោះទូលបង្គំនឹងសងគេ១ជា៤វិញ
9. ព្រះយេស៊ូវទ្រង់មានព្រះបន្ទូលទៅគាត់ថា ថ្ងៃនេះ សេចក្ដីសង្គ្រោះបានមកដល់ផ្ទះនេះហើយ ពីព្រោះអ្នកនេះជាពូជលោកអ័ប្រាហាំដែរ
10. ដ្បិតកូនមនុស្សបានមក ដើម្បីនឹងរក ហើយជួយសង្គ្រោះដល់មនុស្សបាត់បង់។
11. កាលគេកំពុងតែស្តាប់សេចក្ដីទាំងនោះនៅឡើយ នោះទ្រង់មានព្រះបន្ទូល ជាពាក្យប្រៀបប្រដូច១ថែមទៀត ដោយព្រោះជិតដល់ក្រុងយេរូសាឡិមហើយ គេក៏ស្មានថា នគរព្រះរៀបនឹងលេចមកភ្លាម
12. ដូច្នេះ ទ្រង់មានព្រះបន្ទូលថា មានបុរសត្រកូលខ្ពស់ម្នាក់ រៀបនឹងចេញទៅឯស្រុកឆ្ងាយ ដើម្បីគ្រងរាជ្យ រួចត្រឡប់មកវិញ
13. ក៏ហៅពួកបាវ១០នាក់ មកប្រគល់ប្រាក់១០ណែនដល់គេ ដោយថា ចូរឯងរាល់គ្នាធ្វើជំនួញ ដរាបដល់អញត្រឡប់មកវិញ
14. ប៉ុន្តែ ពួកអ្នកស្រុករបស់លោក គេស្អប់លោកណាស់ ក៏ចាត់សារឲ្យទៅតាមក្រោយលោក ទូលថា យើងរាល់គ្នាមិនចង់ឲ្យមនុស្សនេះសោយរាជ្យលើយើងទេ