26. ដ្បិតអញប្រាប់ឯងរាល់គ្នាថា គេនឹងឲ្យដល់អស់អ្នកណាដែលមាន តែអ្នកណាដែលគ្មាន នោះគេនឹងហូតយកទាំងរបស់ដែលអ្នកនោះមានចេញផង
27. មួយទៀត ឯពួកខ្មាំងសត្រូវ ដែលមិនចង់ឲ្យអញសោយរាជ្យលើគេ នោះចូរនាំគេមកសំឡាប់ទាំងអស់ នៅមុខអញនេះវិញ។
28. លុះទ្រង់មានព្រះបន្ទូលសេចក្ដីទាំងនេះរួចហើយ នោះទ្រង់យាងទៅខាងមុខ ឡើងសំដៅទៅឯក្រុងយេរូសាឡិម
29. កាលយាងទៅជិតដល់ភូមិបេតផាសេ និងភូមិបេថានី នៅក្បែរភ្នំ ដែលហៅថាភ្នំដើមអូលីវហើយ នោះទ្រង់ចាត់សិស្ស២នាក់ឲ្យទៅ ដោយថា
30. ត្រូវចូលទៅក្នុងភូមិនៅខាងមុខនុ៎ះ កាលណាចូលដល់ហើយ នោះនឹងឃើញកូនលា១ គេចងទុក ដែលមិនទាន់មានអ្នកណាជិះនៅឡើយ ចូរស្រាយវាដឹកនាំមក
31. បើអ្នកណាសួរអ្នកថា ស្រាយវាធ្វើអី នោះត្រូវឆ្លើយថា ពីព្រោះព្រះអម្ចាស់ទ្រង់ត្រូវការនឹងវា
32. ពួកអ្នកដែលទ្រង់បានចាត់នោះ ក៏ទៅឃើញមានដូចជាទ្រង់ប្រាប់
33. កំពុងដែលគេស្រាយកូនលា ម្ចាស់វាក៏សួរថា អ្នកស្រាយវាធ្វើអី
34. គេឆ្លើយថា ព្រះអម្ចាស់ទ្រង់ត្រូវការនឹងវា
35. រួចគេដឹកវាទៅ ថ្វាយព្រះយេស៊ូវ ក៏ក្រាលអាវគេលើខ្នង ហើយថ្វាយទ្រង់គង់
36. កំពុងដែលទ្រង់យាងទៅ គេក៏នាំគ្នាយកអាវរបស់ខ្លួនក្រាលតាមផ្លូវ