24. ទ្រង់ក៏មានព្រះបន្ទូលទៅពួកអ្នក ដែលឈរនៅមុខលោកថា ចូរដកយកប្រាក់១ណែនពីវាចេញ ហើយឲ្យដល់អ្នកដែលមាន១០ណែនវិញ
25. (អ្នកទាំងនោះទូលទ្រង់ថា ព្រះអម្ចាស់អើយ អ្នកនោះមាន១០ណែនហើយ)
26. ដ្បិតអញប្រាប់ឯងរាល់គ្នាថា គេនឹងឲ្យដល់អស់អ្នកណាដែលមាន តែអ្នកណាដែលគ្មាន នោះគេនឹងហូតយកទាំងរបស់ដែលអ្នកនោះមានចេញផង
27. មួយទៀត ឯពួកខ្មាំងសត្រូវ ដែលមិនចង់ឲ្យអញសោយរាជ្យលើគេ នោះចូរនាំគេមកសំឡាប់ទាំងអស់ នៅមុខអញនេះវិញ។
28. លុះទ្រង់មានព្រះបន្ទូលសេចក្ដីទាំងនេះរួចហើយ នោះទ្រង់យាងទៅខាងមុខ ឡើងសំដៅទៅឯក្រុងយេរូសាឡិម
29. កាលយាងទៅជិតដល់ភូមិបេតផាសេ និងភូមិបេថានី នៅក្បែរភ្នំ ដែលហៅថាភ្នំដើមអូលីវហើយ នោះទ្រង់ចាត់សិស្ស២នាក់ឲ្យទៅ ដោយថា
30. ត្រូវចូលទៅក្នុងភូមិនៅខាងមុខនុ៎ះ កាលណាចូលដល់ហើយ នោះនឹងឃើញកូនលា១ គេចងទុក ដែលមិនទាន់មានអ្នកណាជិះនៅឡើយ ចូរស្រាយវាដឹកនាំមក
31. បើអ្នកណាសួរអ្នកថា ស្រាយវាធ្វើអី នោះត្រូវឆ្លើយថា ពីព្រោះព្រះអម្ចាស់ទ្រង់ត្រូវការនឹងវា
32. ពួកអ្នកដែលទ្រង់បានចាត់នោះ ក៏ទៅឃើញមានដូចជាទ្រង់ប្រាប់
33. កំពុងដែលគេស្រាយកូនលា ម្ចាស់វាក៏សួរថា អ្នកស្រាយវាធ្វើអី
34. គេឆ្លើយថា ព្រះអម្ចាស់ទ្រង់ត្រូវការនឹងវា
35. រួចគេដឹកវាទៅ ថ្វាយព្រះយេស៊ូវ ក៏ក្រាលអាវគេលើខ្នង ហើយថ្វាយទ្រង់គង់
36. កំពុងដែលទ្រង់យាងទៅ គេក៏នាំគ្នាយកអាវរបស់ខ្លួនក្រាលតាមផ្លូវ
37. លុះទ្រង់យាងជិតដល់ហើយ គឺត្រង់ផ្លូវចុះពីភ្នំដើមអូលីវមក នោះពួកសិស្សទ្រង់ទាំងហ្វូងចាប់តាំងមានសេចក្ដីរីករាយ ក៏ពោលសរសើរដល់ព្រះ ដោយសំឡេងយ៉ាងខ្លាំង ដោយព្រោះអស់ទាំងការឫទ្ធិបារមី ដែលគេបានឃើញនោះ
38. គឺពោលថា ស្តេចដែលយាងមក ដោយនូវព្រះនាមព្រះអម្ចាស់ ទ្រង់ប្រកបដោយព្រះពរ សូមឲ្យបានសេចក្ដីក្សេមក្សាន្តនៅស្ថានសួគ៌ និងសិរីល្អនៅស្ថានដ៏ខ្ពស់បំផុត
39. នោះពួកផារីស៊ីខ្លះ ដែលនៅក្នុងបណ្តាមនុស្ស គេទូលទ្រង់ថា លោកគ្រូ ត្រូវស្តីបន្ទោសដល់ពួកសិស្សលោកផង