លូកា 18:6-19 ព្រះគម្ពីរបរិសុទ្ធ (KHOV)

6. នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ចូរ​ពិចារណា​សេចក្ដី ដែល​ចៅ‌ក្រម​ទុច្ចរិត​នោះ​និយាយ​ចុះ

7. ចំណែក​ព្រះ​វិញ ដែល​ទ្រង់​មាន​ព្រះ‌ហឫ‌ទ័យ​អត់‌ធ្មត់ ដល់​ពួក​រើស​តាំង​របស់​ទ្រង់ ដែល​គេ​អំពាវ‌នាវ​រក​ទ្រង់​ទាំង​យប់​ទាំង​ថ្ងៃ នោះ​តើ​ទ្រង់​មិន​សង‌សឹក​ជំនួស​គេ​ដែរ​ទេ​ឬ​អី

8. ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ទ្រង់​នឹង​សង‌សឹក​ជំនួស​អ្នក​ទាំង​នោះ ជា​ប្រញាប់​មិន​ខាន ប៉ុន្តែ កាល​ណា​កូន​មនុស្ស​នឹង​មក តើ​នឹង​ឃើញ​នៅ​មាន​សេចក្ដី​ជំនឿ​នៅ​ផែនដី​ដែរ​ឬ​ដូច​ម្តេច។

9. ឯ​ពួក​អ្នក​ខ្លះ​ដែល​ទុក​ចិត្ត​នឹង​ខ្លួន​គេ​ថា គេ​សុចរិត ហើយ​ក៏​មើល‌ងាយ​ដល់​មនុស្ស​ឯ​ទៀត​ផង នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល ជា​ពាក្យ​ប្រៀប​ប្រដូច​នេះ​ថា

10. មាន​បុរស​២​នាក់​ឡើង​ទៅ​អធិស្ឋាន​ក្នុង​ព្រះ‌វិហារ មួយ​ជា​ពួក​ផារី‌ស៊ី មួយ​ទៀត​ជា​អ្នក​យក​ពន្ធ

11. អ្នក​ផារី‌ស៊ី​ក៏​ឈរ​តាំង​អធិស្ឋាន​តែ​ម្នាក់​ឯង​ដូច្នេះ​ថា ឱ​ព្រះ‌អង្គ​អើយ ទូល‌បង្គំ​អរ​ព្រះ‌គុណ​ដល់​ទ្រង់ ព្រោះ​ទូល‌បង្គំ​មិន​ដូច​ជា​មនុស្ស​ឯ​ទៀត ដែល​ជា​មនុស្ស​ប្លន់ ទុច្ចរិត ហើយ​កំផិត ឬ​ដូច​ជា​អ្នក​យក​ពន្ធ​នេះ​ទេ

12. ទូល‌បង្គំ​តម​ក្នុង​១​អាទិត្យ​២​ដង ហើយ​ក៏​ថ្វាយ​១​ភាគ​ក្នុង​១០ ពី​របស់​ទាំង​អម្បាលម៉ាន​ដែល​ទូល‌បង្គំ​បាន​ចំណេញ​ផង

13. ឯ​អ្នក​យក​ពន្ធ គាត់​ឈរ​នៅ​ទី​ឆ្ងាយ មិន​ទាំង​ងើប​មើល​ទៅ​លើ​មេឃ​ផង ក៏​គក់​ដើម​ទ្រូង​ទូល​ថា ឱ​ព្រះ‌អង្គ​អើយ សូម​ទ្រង់​មេត្តា​អត់​ទោស​ដល់​ទូល‌បង្គំ ដែល​ជា​អ្នក​មាន​បាប​ផង

14. ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា កាល​ចុះ​ទៅ​ដល់​ផ្ទះ អ្នក​នេះ​បាន​រាប់​ជា​សុចរិត ជា​ជាង​អ្នក​១​នោះ ដ្បិត​អស់​អ្នក​ណា​ដែល​ដំកើង​ខ្លួន នោះ​នឹង​ត្រូវ​បន្ទាប​វិញ ហើយ​អ្នក​ណា​ដែល​បន្ទាប​ខ្លួន នោះ​នឹង​បាន​ដំកើង​ឡើង។

15. មាន​គេ​នាំ​កូន​តូចៗ មក​ឯ​ព្រះ‌យេស៊ូវ​ដែរ ដើម្បី​ឲ្យ​ទ្រង់​បាន​ពាល់​វា តែ​កាល​ពួក​សិស្ស​បាន​ឃើញ នោះ​ក៏​បន្ទោស​ដល់​គេ

16. ប៉ុន្តែ ទ្រង់​ហៅ​ពួក​សិស្ស​មក​មាន​ព្រះ‌បន្ទូល​ថា ទុក​ឲ្យ​កូន​តូច​មក​ឯ​ខ្ញុំ​ឯ​ណេះ កុំ​ឃាត់​វា​ឡើយ ព្រោះ​នគរ​ព្រះ​មាន​សុទ្ធ​តែ​មនុស្ស​ដូច​វា​រាល់​គ្នា​ដែរ

17. ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​ណា​ដែល​មិន​ទទួល​នគរ​ព្រះ ដូច​ជា​កូន​តូចៗ នោះ​មិន​បាន​ចូល​ទៅ​ក្នុង​នគរ​នោះ​ឡើយ។

18. មាន​នាម៉ឺន​ម្នាក់​ទូល​សួរ​ទ្រង់​ថា ឱ​លោក​គ្រូ​ល្អ​អើយ តើ​ត្រូវ​ឲ្យ​ខ្ញុំ​ធ្វើ​ដូច​ម្តេច ឲ្យ​បាន​ជីវិត​រស់​អស់​កល្ប‌ជានិច្ច

19. ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​តប​ថា ហេតុ​អ្វី​បាន​ជា​អ្នក​ហៅ​ខ្ញុំ​ថា ល្អ ដូច្នេះ គ្មាន​អ្នក​ណា​ល្អ​ឡើយ មាន​តែ​មួយ​ប៉ុណ្ណោះ គឺ​ជា​ព្រះ

លូកា 18