11. អ្នកផារីស៊ីក៏ឈរតាំងអធិស្ឋានតែម្នាក់ឯងដូច្នេះថា ឱព្រះអង្គអើយ ទូលបង្គំអរព្រះគុណដល់ទ្រង់ ព្រោះទូលបង្គំមិនដូចជាមនុស្សឯទៀត ដែលជាមនុស្សប្លន់ ទុច្ចរិត ហើយកំផិត ឬដូចជាអ្នកយកពន្ធនេះទេ
12. ទូលបង្គំតមក្នុង១អាទិត្យ២ដង ហើយក៏ថ្វាយ១ភាគក្នុង១០ ពីរបស់ទាំងអម្បាលម៉ានដែលទូលបង្គំបានចំណេញផង
13. ឯអ្នកយកពន្ធ គាត់ឈរនៅទីឆ្ងាយ មិនទាំងងើបមើលទៅលើមេឃផង ក៏គក់ដើមទ្រូងទូលថា ឱព្រះអង្គអើយ សូមទ្រង់មេត្តាអត់ទោសដល់ទូលបង្គំ ដែលជាអ្នកមានបាបផង
14. ខ្ញុំប្រាប់អ្នករាល់គ្នាថា កាលចុះទៅដល់ផ្ទះ អ្នកនេះបានរាប់ជាសុចរិត ជាជាងអ្នក១នោះ ដ្បិតអស់អ្នកណាដែលដំកើងខ្លួន នោះនឹងត្រូវបន្ទាបវិញ ហើយអ្នកណាដែលបន្ទាបខ្លួន នោះនឹងបានដំកើងឡើង។
15. មានគេនាំកូនតូចៗ មកឯព្រះយេស៊ូវដែរ ដើម្បីឲ្យទ្រង់បានពាល់វា តែកាលពួកសិស្សបានឃើញ នោះក៏បន្ទោសដល់គេ
16. ប៉ុន្តែ ទ្រង់ហៅពួកសិស្សមកមានព្រះបន្ទូលថា ទុកឲ្យកូនតូចមកឯខ្ញុំឯណេះ កុំឃាត់វាឡើយ ព្រោះនគរព្រះមានសុទ្ធតែមនុស្សដូចវារាល់គ្នាដែរ
17. ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកណាដែលមិនទទួលនគរព្រះ ដូចជាកូនតូចៗ នោះមិនបានចូលទៅក្នុងនគរនោះឡើយ។
18. មាននាម៉ឺនម្នាក់ទូលសួរទ្រង់ថា ឱលោកគ្រូល្អអើយ តើត្រូវឲ្យខ្ញុំធ្វើដូចម្តេច ឲ្យបានជីវិតរស់អស់កល្បជានិច្ច
19. ព្រះយេស៊ូវមានព្រះបន្ទូលតបថា ហេតុអ្វីបានជាអ្នកហៅខ្ញុំថា ល្អ ដូច្នេះ គ្មានអ្នកណាល្អឡើយ មានតែមួយប៉ុណ្ណោះ គឺជាព្រះ
20. អ្នកបានស្គាល់បញ្ញត្តទាំងប៉ុន្មានហើយ ដែលថា «កុំឲ្យផិតឲ្យសោះ កុំឲ្យសំឡាប់មនុស្សឲ្យសោះ កុំឲ្យលួចឲ្យសោះ កុំឲ្យធ្វើជាទីបន្ទាល់ក្លែងឲ្យសោះ ចូរគោរពប្រតិបត្តិដល់ឪពុកម្តាយ»
21. តែគាត់ទូលឆ្លើយថា ខ្ញុំបានកាន់តាមសេចក្ដីទាំងនេះ តាំងតែពីក្មេងមកហើយ
22. កាលព្រះយេស៊ូវបានឮដូច្នោះ នោះក៏មានព្រះបន្ទូលទៅគាត់ថា អ្នកនៅខ្វះសេចក្ដី១ទៀត ដូច្នេះ ចូរទៅលក់របស់ទ្រព្យអ្នកទាំងប៉ុន្មាន ចែកទានឲ្យដល់ពួកអ្នកក្រីក្រទៅ នោះអ្នកនឹងបានទ្រព្យសម្បត្តិ នៅលើស្ថានសួគ៌វិញ រួចចូរមកតាមខ្ញុំចុះ
23. កាលគាត់បានឮសេចក្ដីទាំងនេះហើយ នោះក៏កើតមានចិត្តព្រួយជាខ្លាំង ព្រោះគាត់មានសម្បត្តិទ្រព្យច្រើនណាស់។