20. ឯពួកផារីស៊ី គេទូលសួរទ្រង់ពីនគរព្រះ ដែលត្រូវមកដល់នៅវេលាណា នោះទ្រង់មានព្រះបន្ទូលឆ្លើយថា នគរព្រះមិនមែនមកបែបឲ្យមើលឃើញទេ
21. គ្មានអ្នកណានឹងថា មើលនៅទីនេះ ឬថា មើល នៅទីនោះបានឡើយ ដ្បិតមើលនគរព្រះក៏នៅកណ្តាលអ្នករាល់គ្នាហើយ។
22. រួចទ្រង់មានព្រះបន្ទូលទៅពួកសិស្សថា នឹងមានគ្រាមកដល់ ដែលអ្នករាល់គ្នានឹងចង់ឃើញថ្ងៃមួយរបស់កូនមនុស្ស តែមិនឃើញទេ
23. ហើយគេនឹងប្រាប់អ្នករាល់គ្នាថា មើល នៅទីនេះ ឬថា មើល នៅទីនោះ នោះកុំឲ្យចេញទៅតាមឡើយ
24. ដ្បិតនៅថ្ងៃរបស់កូនមនុស្ស នោះលោកនឹងបានដូចជាផ្លេកបន្ទោរ ដែលភ្លឺផ្លេកៗ ពីជើងមេឃម្ខាង ដល់ជើងមេឃម្ខាងដូច្នោះដែរ
25. ប៉ុន្តែ មុនដំបូងត្រូវឲ្យលោករងទុក្ខលំបាកជាច្រើន ហើយត្រូវមនុស្សដំណនេះ បោះបង់ចោលលោកផង
26. នៅគ្រារបស់កូនមនុស្ស នោះនឹងកើតមានដូចជានៅជំនាន់លោកណូអេដែរ
27. ដ្បិតនៅជំនាន់នោះ គេកំពុងតែស៊ីផឹក រៀបការប្ដីប្រពន្ធ ដរាបដល់ថ្ងៃដែលលោកណូអេបានចូលទៅក្នុងទូកធំ នោះទឹកក៏ជន់មកលិចបំផ្លាញគ្រប់គ្នាទៅ
28. ក៏ដូចជានៅជំនាន់លោកឡុតដែរ គេកំពុងតែស៊ីផឹក លក់ដូរ ដាំដំណាំ ហើយសង់ផ្ទះ
29. តែនៅថ្ងៃដែលលោកឡុតចេញពីក្រុងសូដុំមមក នោះមានភ្លៀង ជាភ្លើង និងស្ពាន់ធ័រ ធ្លាក់ពីលើមេឃមក បំផ្លាញគេទាំងអស់គ្នាបង់
30. នៅថ្ងៃដែលកូនមនុស្សលេចមក នោះក៏នឹងកើតមានដូច្នោះដែរ
31. ថ្ងៃនោះឯង បើអ្នកណានៅលើដំបូល ហើយមានទ្រព្យសម្បត្តិនៅក្នុងផ្ទះ នោះកុំឲ្យចុះមកយកឡើយ ឯអ្នកណាដែលនៅចំការក៏ដូច្នោះដែរ កុំឲ្យត្រឡប់មកវិញឲ្យសោះ
32. ចូរនឹកចាំពីប្រពន្ធលោកឡុត
33. អ្នកណាដែលរកចង់ឲ្យរួចជីវិត នោះនឹងបាត់ជីវិតទៅ ហើយអ្នកណាដែលបាត់ជីវិត នោះនឹងបានគង់នៅវិញ
34. ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅយប់នោះ នឹងមានមនុស្ស២នាក់ដេកនៅដំណេកជាមួយគ្នា ម្នាក់នឹងបានយកទៅ ម្នាក់ត្រូវទុកនៅ
35. នឹងមានស្ត្រី២នាក់ កិនម្សៅជាមួយគ្នា ម្នាក់នឹងបានយកទៅ ម្នាក់ត្រូវទុកនៅ
36. នឹងមានមនុស្ស២នាក់នៅចំការ ម្នាក់នឹងបានយកទៅ ហើយម្នាក់ត្រូវទុកនៅ
37. នោះគេទូលសួរថា ព្រះអម្ចាស់អើយ តើនៅឯណា ទ្រង់មានព្រះបន្ទូលឆ្លើយថា ខ្មោចនៅកន្លែងណា ឥន្ទ្រីនឹងប្រជុំគ្នានៅទីនោះឯង។