19. រួចទ្រង់មានព្រះបន្ទូលទៅអ្នកនោះថា ចូរក្រោកឡើងទៅចុះ សេចក្ដីជំនឿអ្នកបានសង្គ្រោះអ្នកហើយ។
20. ឯពួកផារីស៊ី គេទូលសួរទ្រង់ពីនគរព្រះ ដែលត្រូវមកដល់នៅវេលាណា នោះទ្រង់មានព្រះបន្ទូលឆ្លើយថា នគរព្រះមិនមែនមកបែបឲ្យមើលឃើញទេ
21. គ្មានអ្នកណានឹងថា មើលនៅទីនេះ ឬថា មើល នៅទីនោះបានឡើយ ដ្បិតមើលនគរព្រះក៏នៅកណ្តាលអ្នករាល់គ្នាហើយ។
22. រួចទ្រង់មានព្រះបន្ទូលទៅពួកសិស្សថា នឹងមានគ្រាមកដល់ ដែលអ្នករាល់គ្នានឹងចង់ឃើញថ្ងៃមួយរបស់កូនមនុស្ស តែមិនឃើញទេ
23. ហើយគេនឹងប្រាប់អ្នករាល់គ្នាថា មើល នៅទីនេះ ឬថា មើល នៅទីនោះ នោះកុំឲ្យចេញទៅតាមឡើយ
24. ដ្បិតនៅថ្ងៃរបស់កូនមនុស្ស នោះលោកនឹងបានដូចជាផ្លេកបន្ទោរ ដែលភ្លឺផ្លេកៗ ពីជើងមេឃម្ខាង ដល់ជើងមេឃម្ខាងដូច្នោះដែរ
25. ប៉ុន្តែ មុនដំបូងត្រូវឲ្យលោករងទុក្ខលំបាកជាច្រើន ហើយត្រូវមនុស្សដំណនេះ បោះបង់ចោលលោកផង
26. នៅគ្រារបស់កូនមនុស្ស នោះនឹងកើតមានដូចជានៅជំនាន់លោកណូអេដែរ
27. ដ្បិតនៅជំនាន់នោះ គេកំពុងតែស៊ីផឹក រៀបការប្ដីប្រពន្ធ ដរាបដល់ថ្ងៃដែលលោកណូអេបានចូលទៅក្នុងទូកធំ នោះទឹកក៏ជន់មកលិចបំផ្លាញគ្រប់គ្នាទៅ
28. ក៏ដូចជានៅជំនាន់លោកឡុតដែរ គេកំពុងតែស៊ីផឹក លក់ដូរ ដាំដំណាំ ហើយសង់ផ្ទះ
29. តែនៅថ្ងៃដែលលោកឡុតចេញពីក្រុងសូដុំមមក នោះមានភ្លៀង ជាភ្លើង និងស្ពាន់ធ័រ ធ្លាក់ពីលើមេឃមក បំផ្លាញគេទាំងអស់គ្នាបង់
30. នៅថ្ងៃដែលកូនមនុស្សលេចមក នោះក៏នឹងកើតមានដូច្នោះដែរ