លូកា 17:14-23 ព្រះគម្ពីរបរិសុទ្ធ (KHOV)

14. ទ្រង់​ទត​ឃើញ​គេ ហើយ​ក៏​មាន​ព្រះ‌បន្ទូល​ថា ចូរ​អ្នក​រាល់​គ្នា​ទៅ​បង្ហាញ​ខ្លួន ឲ្យ​ពួក​សង្ឃ​ពិនិត្យ​មើល​ចុះ លុះ​គេ​កំពុង​តែ​ដើរ​ទៅ នោះ​ក៏​បាន​ជា​ស្អាត​ទាំង​អស់​គ្នា

15. មាន​ម្នាក់ កាល​ឃើញ​ថា ខ្លួន​បាន​ជា​ហើយ ក៏​វិល​មក​វិញ ទាំង​សរសើរ‌ដំកើង​ព្រះ ដោយ​សំឡេង​ជា​ខ្លាំង

16. គាត់​ទំលាក់​ខ្លួន​ផ្កាប់​មុខ នៅ​ទៀប​ព្រះ‌បាទ​ព្រះ‌យេស៊ូវ ទាំង​អរ​ព្រះ‌គុណ​ដល់​ទ្រង់​ផង អ្នក​នោះ​ជា​សាសន៍​សាម៉ារី

17. ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ថា តើ​អ្នក​ទាំង​១០​នោះ​មិន​បាន​ជា​ស្អាត​ទេ​ឬ​អី ចុះ​៩​នាក់​ឯ​ទៀត​នៅ​ឯ​ណា

18. តើ​ឃើញ​មាន​តែ​សាសន៍​ដទៃ​១​នេះ វិល​មក​សរសើរ​ដល់​ព្រះ​ទេ​ឬ

19. រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​អ្នក​នោះ​ថា ចូរ​ក្រោក​ឡើង​ទៅ​ចុះ សេចក្ដី​ជំនឿ​អ្នក​បាន​សង្គ្រោះ​អ្នក​ហើយ។

20. ឯ​ពួក​ផារី‌ស៊ី គេ​ទូល​សួរ​ទ្រង់​ពី​នគរ​ព្រះ ដែល​ត្រូវ​មក​ដល់​នៅ​វេលា​ណា នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា នគរ​ព្រះ​មិន​មែន​មក​បែប​ឲ្យ​មើល​ឃើញ​ទេ

21. គ្មាន​អ្នក​ណា​នឹង​ថា មើល​នៅ​ទី​នេះ ឬ​ថា មើល នៅ​ទី​នោះ​បាន​ឡើយ ដ្បិត​មើល​នគរ​ព្រះ​ក៏​នៅ​កណ្តាល​អ្នក​រាល់​គ្នា​ហើយ។

22. រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សិស្ស​ថា នឹង​មាន​គ្រា​មក​ដល់ ដែល​អ្នក​រាល់​គ្នា​នឹង​ចង់​ឃើញ​ថ្ងៃ​មួយ​របស់​កូន​មនុស្ស តែ​មិន​ឃើញ​ទេ

23. ហើយ​គេ​នឹង​ប្រាប់​អ្នក​រាល់​គ្នា​ថា មើល នៅ​ទី​នេះ ឬ​ថា មើល នៅ​ទី​នោះ នោះ​កុំ​ឲ្យ​ចេញ​ទៅ​តាម​ឡើយ

លូកា 17