លូកា 17:10-26 ព្រះគម្ពីរបរិសុទ្ធ (KHOV)

10. ឯ​អ្នក​រាល់​គ្នា ក៏​ដូច្នោះ​ដែរ កាល​ណា​អ្នក​រាល់​គ្នា​បាន​ធ្វើ​តាម​បង្គាប់​គ្រប់​ជំពូក​ហើយ នោះ​ត្រូវ​រាប់​ថា យើង​ជា​បាវ​បំរើ​ឥត​កំរៃ​ដល់​ម្ចាស់​ទេ ដ្បិត​យើង​បាន​ធ្វើ​ត្រឹម​តែ​ការ​ដែល​យើង​ត្រូវ​ធ្វើ​ប៉ុណ្ណោះ។

11. កាល​ទ្រង់​កំពុង​ឡើង​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម នោះ​ក៏​យាង​តាម​ព្រំ‌ដែន​ស្រុក​សាម៉ារី ហើយ​នឹង​ស្រុក​កាលី‌ឡេ

12. លុះ​យាង​ចូល​ទៅ​ក្នុង​ភូមិ​១ ក៏​មាន​មនុស្ស​ឃ្លង់​១០​នាក់​មក​ជួប​នឹង​ទ្រង់ ឈរ​នៅ​ពី​ចំងាយ ស្រែក​ទូល​ថា

13. ឱ​ព្រះ‌យេស៊ូវ ជា​ម្ចាស់​អើយ សូម​មេត្តា​ប្រោស​យើង​ខ្ញុំ​ផង

14. ទ្រង់​ទត​ឃើញ​គេ ហើយ​ក៏​មាន​ព្រះ‌បន្ទូល​ថា ចូរ​អ្នក​រាល់​គ្នា​ទៅ​បង្ហាញ​ខ្លួន ឲ្យ​ពួក​សង្ឃ​ពិនិត្យ​មើល​ចុះ លុះ​គេ​កំពុង​តែ​ដើរ​ទៅ នោះ​ក៏​បាន​ជា​ស្អាត​ទាំង​អស់​គ្នា

15. មាន​ម្នាក់ កាល​ឃើញ​ថា ខ្លួន​បាន​ជា​ហើយ ក៏​វិល​មក​វិញ ទាំង​សរសើរ‌ដំកើង​ព្រះ ដោយ​សំឡេង​ជា​ខ្លាំង

16. គាត់​ទំលាក់​ខ្លួន​ផ្កាប់​មុខ នៅ​ទៀប​ព្រះ‌បាទ​ព្រះ‌យេស៊ូវ ទាំង​អរ​ព្រះ‌គុណ​ដល់​ទ្រង់​ផង អ្នក​នោះ​ជា​សាសន៍​សាម៉ារី

17. ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ថា តើ​អ្នក​ទាំង​១០​នោះ​មិន​បាន​ជា​ស្អាត​ទេ​ឬ​អី ចុះ​៩​នាក់​ឯ​ទៀត​នៅ​ឯ​ណា

18. តើ​ឃើញ​មាន​តែ​សាសន៍​ដទៃ​១​នេះ វិល​មក​សរសើរ​ដល់​ព្រះ​ទេ​ឬ

19. រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​អ្នក​នោះ​ថា ចូរ​ក្រោក​ឡើង​ទៅ​ចុះ សេចក្ដី​ជំនឿ​អ្នក​បាន​សង្គ្រោះ​អ្នក​ហើយ។

20. ឯ​ពួក​ផារី‌ស៊ី គេ​ទូល​សួរ​ទ្រង់​ពី​នគរ​ព្រះ ដែល​ត្រូវ​មក​ដល់​នៅ​វេលា​ណា នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា នគរ​ព្រះ​មិន​មែន​មក​បែប​ឲ្យ​មើល​ឃើញ​ទេ

21. គ្មាន​អ្នក​ណា​នឹង​ថា មើល​នៅ​ទី​នេះ ឬ​ថា មើល នៅ​ទី​នោះ​បាន​ឡើយ ដ្បិត​មើល​នគរ​ព្រះ​ក៏​នៅ​កណ្តាល​អ្នក​រាល់​គ្នា​ហើយ។

22. រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សិស្ស​ថា នឹង​មាន​គ្រា​មក​ដល់ ដែល​អ្នក​រាល់​គ្នា​នឹង​ចង់​ឃើញ​ថ្ងៃ​មួយ​របស់​កូន​មនុស្ស តែ​មិន​ឃើញ​ទេ

23. ហើយ​គេ​នឹង​ប្រាប់​អ្នក​រាល់​គ្នា​ថា មើល នៅ​ទី​នេះ ឬ​ថា មើល នៅ​ទី​នោះ នោះ​កុំ​ឲ្យ​ចេញ​ទៅ​តាម​ឡើយ

24. ដ្បិត​នៅ​ថ្ងៃ​របស់​កូន​មនុស្ស នោះ​លោក​នឹង​បាន​ដូច​ជា​ផ្លេក‌បន្ទោរ ដែល​ភ្លឺ‌ផ្លេកៗ ពី​ជើង​មេឃ​ម្ខាង ដល់​ជើង​មេឃ​ម្ខាង​ដូច្នោះ​ដែរ

25. ប៉ុន្តែ មុន​ដំបូង​ត្រូវ​ឲ្យ​លោក​រង​ទុក្ខ​លំបាក​ជា​ច្រើន ហើយ​ត្រូវ​មនុស្ស​ដំណ​នេះ បោះ​បង់​ចោល​លោក​ផង

26. នៅ​គ្រា​របស់​កូន​មនុស្ស នោះ​នឹង​កើត​មាន​ដូច​ជា​នៅ​ជំនាន់​លោក​ណូអេ​ដែរ

លូកា 17