1. ទ្រង់មានព្រះបន្ទូលទៅពួកសិស្សថា នឹងធ្វើឲ្យបាត់ហេតុដែលនាំឲ្យរវាតចិត្ត នោះមិនបានឡើយ តែវេទនាដល់អ្នកណាដែលបង្កើតហេតុនោះឡើង
2. បើគេយកថ្មត្បាល់កិនយ៉ាងធំ ទៅចងកអ្នកនោះ ទំលាក់ចុះទៅក្នុងសមុទ្រ នោះមានប្រយោជន៍ដល់អ្នកនោះ ជាជាងទុកឲ្យនៅធ្វើហេតុនាំឲ្យកូនតូចណាមួយនេះរវាតចិត្តវិញ
3. ចូរប្រយ័ត្នខ្លួន បើបងប្អូនធ្វើបាបនឹងអ្នក ត្រូវឲ្យអ្នកបន្ទោសដល់គាត់ បើគាត់ប្រែចិត្តមកវិញ នោះចូរអត់ទោសដល់គាត់ចុះ
4. បើគាត់ធ្វើបាបនឹងអ្នក៧ដងក្នុង១ថ្ងៃ ហើយត្រឡប់មកនិយាយនឹងអ្នក៧ដងថា ខ្ញុំប្រែចិត្តហើយ នោះត្រូវឲ្យអ្នកអត់ទោសដល់គាត់ជាកុំខាន។
5. ដូច្នេះ ពួកសាវកទូលដល់ព្រះអម្ចាស់ថា សូមទ្រង់ចំរើនសេចក្ដីជំនឿដល់យើងខ្ញុំទៀតផង
6. តែព្រះអម្ចាស់មានព្រះបន្ទូលថា បើអ្នករាល់គ្នាមានសេចក្ដីជំនឿដូចគ្រាប់ពូជ១យ៉ាងល្អិត នោះនឹងនិយាយទៅដើមមននេះថា ចូរឯងរលើងទៅដុះក្នុងសមុទ្រទៅ នោះគង់តែនឹងស្តាប់បង្គាប់អ្នកដែរ។
7. ក្នុងពួកអ្នករាល់គ្នា បើអ្នកណាមានបាវកំពុងតែភ្ជួរ ឬឃ្វាលសត្វ លុះកាលណាវាវិលមកពីចំការ តើនឹងនិយាយទៅវាភ្លាមថា មកអង្គុយស៊ីបាយសិន ឬអី
8. គឺនឹងប្រាប់វាយ៉ាងនេះវិញទេតើ ថា ចូររៀបចំអាហារឲ្យអញ រួចក្រវាត់ខ្លួនមកបំរើអញដែលកំពុងតែស៊ី រួចសឹមឯងស៊ីជាក្រោយចុះ
9. តើចៅហ្វាយដឹងគុណបាវនោះ ដោយព្រោះវាធ្វើតាមបង្គាប់ ឬដូចម្តេច ខ្ញុំយល់ថា មិនមែនទេ
10. ឯអ្នករាល់គ្នា ក៏ដូច្នោះដែរ កាលណាអ្នករាល់គ្នាបានធ្វើតាមបង្គាប់គ្រប់ជំពូកហើយ នោះត្រូវរាប់ថា យើងជាបាវបំរើឥតកំរៃដល់ម្ចាស់ទេ ដ្បិតយើងបានធ្វើត្រឹមតែការដែលយើងត្រូវធ្វើប៉ុណ្ណោះ។
11. កាលទ្រង់កំពុងឡើងទៅឯក្រុងយេរូសាឡិម នោះក៏យាងតាមព្រំដែនស្រុកសាម៉ារី ហើយនឹងស្រុកកាលីឡេ
12. លុះយាងចូលទៅក្នុងភូមិ១ ក៏មានមនុស្សឃ្លង់១០នាក់មកជួបនឹងទ្រង់ ឈរនៅពីចំងាយ ស្រែកទូលថា
13. ឱព្រះយេស៊ូវ ជាម្ចាស់អើយ សូមមេត្តាប្រោសយើងខ្ញុំផង
14. ទ្រង់ទតឃើញគេ ហើយក៏មានព្រះបន្ទូលថា ចូរអ្នករាល់គ្នាទៅបង្ហាញខ្លួន ឲ្យពួកសង្ឃពិនិត្យមើលចុះ លុះគេកំពុងតែដើរទៅ នោះក៏បានជាស្អាតទាំងអស់គ្នា
15. មានម្នាក់ កាលឃើញថា ខ្លួនបានជាហើយ ក៏វិលមកវិញ ទាំងសរសើរដំកើងព្រះ ដោយសំឡេងជាខ្លាំង
16. គាត់ទំលាក់ខ្លួនផ្កាប់មុខ នៅទៀបព្រះបាទព្រះយេស៊ូវ ទាំងអរព្រះគុណដល់ទ្រង់ផង អ្នកនោះជាសាសន៍សាម៉ារី