8. ចៅហ្វាយក៏សរសើរអ្នកត្រួតត្រាទុច្ចរិតនោះ ពីព្រោះគាត់បានប្រព្រឹត្តដោយឆ្លៀវឆ្លាត ដ្បិតមនុស្សរបស់ផងលោកីយ៍នេះ គេមានប្រាជ្ញាចំពោះជំនាន់គេ ជាជាងមនុស្សរបស់ផងពន្លឺទៅទៀត។
9. ខ្ញុំក៏ប្រាប់អ្នករាល់គ្នាថា ចូរប្រើទ្រព្យសម្បត្តិលោកីយ៍នេះ ឲ្យបានមិត្រសំឡាញ់ដល់ខ្លួន ដើម្បីកាលណាអ្នករាល់គ្នាខាននៅ នោះនឹងមានគេទទួលអ្នករាល់គ្នា ឲ្យនៅក្នុងទីលំនៅដ៏ស្ថិតស្ថេរអស់កល្បជានិច្ចវិញ
10. អ្នកណាដែលស្មោះត្រង់ក្នុងការតូចបំផុត នោះក៏ឈ្មោះថា ស្មោះត្រង់ក្នុងការធំ ហើយអ្នកណាដែលទុច្ចរិតក្នុងការតូចបំផុត នោះក៏ឈ្មោះថាទុច្ចរិតក្នុងការដ៏ធំដែរ
11. ដូច្នេះ បើអ្នករាល់គ្នាមិនស្មោះត្រង់ ចំពោះទ្រព្យសម្បត្តិរបស់លោកីយ៍ទេ តើអ្នកណាហ៊ានផ្ញើសម្បត្តិដ៏ពិត ទុកនឹងអ្នករាល់គ្នាបាន
12. ហើយបើអ្នករាល់គ្នាមិនស្មោះត្រង់នឹងរបស់គេទេ តើអ្នកណានឹងហ៊ានឲ្យរបស់អ្វីដាច់ជារបស់ផងអ្នកបាន
13. គ្មានបាវណាដែលបំរើចៅហ្វាយ២បានទេ ពីព្រោះបាវនោះនឹងស្អប់១ ស្រឡាញ់១ ឬនឹងកាន់ខាង១ ហើយមើលងាយ១ ដូច្នេះ អ្នករាល់គ្នាក៏បំរើព្រះផង ទ្រព្យសម្បត្តិផងពុំបានដែរ។
14. ឯពួកផារីស៊ី ដែលជាពួកអ្នកមានចិត្តលោភ គេក៏បានស្តាប់គ្រប់សេចក្ដីទាំងនោះដែរ ហើយគេចំអកឲ្យទ្រង់
15. នោះទ្រង់មានព្រះបន្ទូលទៅគេថា អ្នករាល់គ្នាជាពួកដែលសំដែងខ្លួនជាសុចរិត នៅចំពោះមុខមនុស្ស តែព្រះទ្រង់ជ្រាបចិត្តអ្នករាល់គ្នាហើយ ដ្បិតរបស់ណាដែលមនុស្សគាប់ចិត្តរាប់អានជាច្រើន នោះជាទីស្អប់ខ្ពើមនៅចំពោះព្រះវិញ
16. មានក្រឹត្យវិន័យ និងទំនាយនៃពួកហោរា ដរាបមកដល់យ៉ូហាន តាំងពីនោះមក គេបានផ្សាយដំណឹងពីនគរព្រះទួទៅ ហើយមនុស្សទាំងអស់កំពុងតែខំប្រឹងចូល
17. ប៉ុន្តែ ដែលផ្ទៃមេឃ និងផែនដីបាត់ទៅ នោះងាយជាជាងបាត់ក្បៀស១ ក្នុងក្រឹត្យវិន័យទៅទៀត។
18. អស់អ្នកណាដែលលែងប្រពន្ធ ទៅយក១ទៀត នោះឈ្មោះថាប្រព្រឹត្តអំពើកំផិត ហើយអស់អ្នកណាដែលយកស្ត្រីប្ដីលែង នោះក៏ឈ្មោះថាប្រព្រឹត្តសេចក្ដីកំផិតដែរ។
19. មានបុរសម្នាក់មានទ្រព្យសម្បត្តិច្រើន គាត់ស្លៀកពាក់សំពត់ពណ៌ស្វាយ និងសំពត់ទេសឯកយ៉ាងម៉ដ្ត តែងតែស៊ីលៀងដ៏ឧត្តមប្រសើររាល់តែថ្ងៃ
20. ក៏មានបុរសក្រម្នាក់ ឈ្មោះឡាសារ កើតដំបៅពេញទាំងខ្លួន គេនាំយកមកផ្តេកនៅមាត់ទ្វាររបស់អ្នកមាននោះ
21. គាត់មានប្រាថ្នាចង់ចំអែតពោះ ដោយចំណិតដែលធ្លាក់ចុះពីតុអ្នកមានមកណាស់ ក៏មានឆ្កែមកលិទ្ធដំបៅគាត់ដែរ
22. ចំណេរក្រោយមក អ្នកក្រនោះក៏ស្លាប់ទៅ ហើយពួកទេវតានាំយកគាត់ ទៅដាក់នៅស្ថានបរមសុខ នាដើមទ្រូងលោកអ័ប្រាហាំ ឯអ្នកមាននោះ ក៏ស្លាប់ទៅដែរ ហើយគេនាំយកទៅកប់