លូកា 16:15-29 ព្រះគម្ពីរបរិសុទ្ធ (KHOV)

15. នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា អ្នក​រាល់​គ្នា​ជា​ពួក​ដែល​សំដែង​ខ្លួន​ជា​សុចរិត នៅ​ចំពោះ​មុខ​មនុស្ស តែ​ព្រះ​ទ្រង់​ជ្រាប​ចិត្ត​អ្នក​រាល់​គ្នា​ហើយ ដ្បិត​របស់​ណា​ដែល​មនុស្ស​គាប់​ចិត្ត​រាប់​អាន​ជា​ច្រើន នោះ​ជា​ទី​ស្អប់​ខ្ពើម​នៅ​ចំពោះ​ព្រះ​វិញ

16. មាន​ក្រឹត្យ‌វិន័យ និង​ទំនាយ​នៃ​ពួក​ហោរា ដរាប​មក​ដល់​យ៉ូហាន តាំង​ពី​នោះ​មក គេ​បាន​ផ្សាយ​ដំណឹង​ពី​នគរ​ព្រះ​ទួទៅ ហើយ​មនុស្ស​ទាំង​អស់​កំពុង​តែ​ខំ​ប្រឹង​ចូល

17. ប៉ុន្តែ ដែល​ផ្ទៃ​មេឃ និង​ផែនដី​បាត់​ទៅ នោះ​ងាយ​ជា​ជាង​បាត់​ក្បៀស​១ ក្នុង​ក្រឹត្យ‌វិន័យ​ទៅ​ទៀត។

18. អស់​អ្នក​ណា​ដែល​លែង​ប្រពន្ធ ទៅ​យក​១​ទៀត នោះ​ឈ្មោះ​ថា​ប្រព្រឹត្ត​អំពើ​កំផិត ហើយ​អស់​អ្នក​ណា​ដែល​យក​ស្ត្រី​ប្ដី​លែង នោះ​ក៏​ឈ្មោះ​ថា​ប្រព្រឹត្ត​សេចក្ដី​កំផិត​ដែរ។

19. មាន​បុរស​ម្នាក់​មាន​ទ្រព្យ‌សម្បត្តិ​ច្រើន គាត់​ស្លៀក‌ពាក់​សំពត់​ពណ៌​ស្វាយ និង​សំពត់​ទេស‌ឯក​យ៉ាង​ម៉ដ្ត តែង​តែ​ស៊ី​លៀង​ដ៏​ឧត្តម​ប្រសើរ​រាល់​តែ​ថ្ងៃ

20. ក៏​មាន​បុរស​ក្រ​ម្នាក់ ឈ្មោះ​ឡាសារ កើត​ដំបៅ​ពេញ​ទាំង​ខ្លួន គេ​នាំ​យក​មក​ផ្តេក​នៅ​មាត់​ទ្វារ​របស់​អ្នក​មាន​នោះ

21. គាត់​មាន​ប្រាថ្នា​ចង់​ចំអែត​ពោះ ដោយ​ចំណិត​ដែល​ធ្លាក់​ចុះ​ពី​តុ​អ្នក​មាន​មក​ណាស់ ក៏​មាន​ឆ្កែ​មក​លិទ្ធ​ដំបៅ​គាត់​ដែរ

22. ចំណេរ​ក្រោយ​មក អ្នក​ក្រ​នោះ​ក៏​ស្លាប់​ទៅ ហើយ​ពួក​ទេវតា​នាំ​យក​គាត់ ទៅ​ដាក់​នៅ​ស្ថាន‌បរម‌សុខ នា​ដើម​ទ្រូង​លោក​អ័ប្រាហាំ ឯ​អ្នក​មាន​នោះ ក៏​ស្លាប់​ទៅ​ដែរ ហើយ​គេ​នាំ​យក​ទៅ​កប់

23. គាត់​រង​ទុក្ខ​វេទនា នៅ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ក៏​ងើប​ភ្នែក​ឡើង ឃើញ​លោក​អ័ប្រាហាំ​ពី​ចំងាយ និង​ឡាសារ​នៅ​ដើម​ទ្រូង​លោក

24. នោះ​គាត់​ស្រែក​ឡើង​ថា ឱ​លោក​អ័ប្រាហាំ ជា​ឪពុក​អើយ សូម​អាណិត​មេត្តា​ខ្ញុំ​ផង សូម​ឲ្យ​ឡាសារ​មក​ជ្រលក់​ចុង​ម្រាម​ដៃ​ទៅ​ក្នុង​ទឹក ដាក់​លើ​អណ្តាត​ខ្ញុំ​ឲ្យ​ត្រជាក់​បាន​បន្តិច​ផង ដ្បិត​ខ្ញុំ​វេទនា​នៅ​ក្នុង​ភ្លើង​នេះ

25. តែ​លោក​អ័ប្រាហាំ​ឆ្លើយ​ថា កូន​អើយ ចូរ​នឹក​ចាំ​ថា កាល​ឯង​នៅ​រស់​នៅ​ឡើយ ឯង​បាន​ទទួល​សុទ្ធ​តែ​សេចក្ដី​ល្អ ឯ​ឡាសារ គាត់​បាន​តែ​សេចក្ដី​អាក្រក់​ទេ ឥឡូវ​នេះ គាត់​បាន​សេចក្ដី​កំសាន្ត​ចិត្ត​វិញ ហើយ​ឯង​ត្រូវ​វេទនា

26. មួយ​វិញ​សោត មាន​ជង្ហុក​មួយ​យ៉ាង​ធំ តាំង​នៅ​ជា​កណ្តាល​យើង ហើយ​នឹង​ឯង​រាល់​គ្នា បាន​ជា​អស់​អ្នក​ណា ដែល​ចង់​ឆ្លង​ពី​ទី​នេះ​ទៅ​ឯ​ឯង ឬ​ពី​នោះ​មក​ឯ​យើង នោះ​មិន​បាន​ឡើយ

27. គាត់​ក៏​និយាយ​ថា លោក​ឪពុក​អើយ បើ​ដូច្នេះ សូម​លោក​ចាត់​ឲ្យ​គាត់​ទៅ​ឯ​ផ្ទះ​ឪពុក​ខ្ញុំ​បន្តិច

28. ដ្បិត​ខ្ញុំ​មាន​បង​ប្អូន​៥​នាក់ សូម​ឲ្យ​គាត់​ទៅ​ធ្វើ​បន្ទាល់​ប្រាប់​គេ​ផង ក្រែង​លោ​គេ​ភ្លាត់​មក​ក្នុង​ស្ថាន​វេទនា​នេះ​ដែរ

29. លោក​អ័ប្រាហាំ​ឆ្លើយ​ថា គេ​មាន​លោក​ម៉ូសេ និង​ពួក​ហោរា​ហើយ ចូរ​ឲ្យ​គេ​ស្តាប់​តាម​លោក​ទាំង​នោះ​ចុះ

លូកា 16