6. លុះមកដល់ផ្ទះវិញ អ្នកនោះនឹងហៅពួកសំឡាញ់ និងពួកអ្នកជិតខាងមក ប្រាប់ថា សូមអរសប្បាយជាមួយនឹងខ្ញុំ ដ្បិតចៀមខ្ញុំដែលបាត់ នោះឃើញវិញហើយ
7. ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅស្ថានសួគ៌ នឹងមានសេចក្ដីអំណរយ៉ាងនោះដែរ ដោយសារមនុស្សបាបតែ១នាក់ ដែលប្រែចិត្តវិញ ជាជាងមនុស្សសុចរិត៩៩នាក់ ដែលមិនត្រូវការប្រែចិត្តទេ។
8. ឬមានស្ត្រីឯណា ដែលមានប្រាក់១០ដួង បើបាត់១ តើមិនអុជចង្កៀង ហើយបោសផ្ទះរកអស់ពីចិត្ត ទាល់តែបានឃើញទេឬអី
9. កាលរកឃើញ នោះក៏ហៅពួកសំឡាញ់ និងអ្នកជិតខាងមកប្រាប់ថា សូមអរសប្បាយជាមួយនឹងខ្ញុំចុះ ដ្បិតប្រាក់ខ្ញុំដែលបាត់ នោះរកឃើញវិញហើយ
10. ដូច្នេះ ខ្ញុំប្រាប់អ្នករាល់គ្នាថា ក៏មានសេចក្ដីអំណរ នៅមុខពួកទេវតានៃព្រះយ៉ាងនោះដែរ ដោយសារមនុស្សបាបតែ១នាក់ ដែលប្រែចិត្តវិញ។
11. រួចទ្រង់ក៏មានព្រះបន្ទូលថា មានបុរសម្នាក់មានកូនប្រុស២
12. កូនពៅនិយាយទៅឪពុកថា សូមលោកឪពុកប្រគល់ចំណែកមរដក ដែលត្រូវចែកដល់ខ្ញុំនោះមក គាត់ក៏ចែកទ្រព្យនោះដល់កូន
13. ក្រោយបន្តិចមក កូនពៅប្រមូលទាំងអស់ ចេញទៅឯស្រុកឆ្ងាយ ហើយក៏បង្ហិនទ្រព្យទៅ ដោយល្បែងដ៏ហួសខ្នាត
14. កាលបានចាយអស់រលីងហើយ នោះកើតមានអំណត់ជាខ្លាំងនៅស្រុកនោះ វាក៏មានសេចក្ដីទ័លក្រ
15. រួចទៅបំរើអ្នកស្រុកនោះម្នាក់ ហើយគេប្រើឲ្យទៅឯវាលឃ្វាលហ្វូងជ្រូក
16. វាមានចិត្តចង់ចំអែតពោះ ដោយសំបកដែលជ្រូកស៊ីណាស់ តែគ្មានអ្នកណាឲ្យសោះ
17. កាលវាភ្ញាក់ដឹងខ្លួន នោះក៏គិតថា ឪពុកអញមានជើងឈ្នួលប៉ុន្មានៗ សុទ្ធតែមានអាហារបរិបូរគ្រប់គ្នា តែនៅទីនេះ អញជិតដាច់ពោះស្លាប់ហើយ
18. អញនឹងក្រោកឡើង ទៅនិយាយនឹងគាត់ថា លោកឪពុក ខ្ញុំបានធ្វើបាបនឹងព្រះ ហើយនឹងលោកឪពុកមែន
19. ខ្ញុំនេះមិនគួរឲ្យគេហៅជាកូនលោកឪពុកទៀតទេ សូមទទួលខ្ញុំ ទុកដូចជាជើងឈ្នួលលោកឪពុកវិញចុះ
20. នោះវាក៏ក្រោកឡើងដើរទៅ លុះឪពុកឃើញពីចំងាយហើយ ក៏មានចិត្តអាណិតមេត្តា ហើយរត់ទៅឱបថើបវា
21. ទើបវានិយាយថា លោកឪពុក ខ្ញុំបានធ្វើបាបនឹងព្រះ ហើយនឹងលោកឪពុក ខ្ញុំមិនគួរឲ្យគេហៅជាកូនរបស់លោកឪពុកទៀតទេ
22. តែឪពុកប្រាប់ទៅពួកបាវគាត់ថា ចូរយកអាវល្អបំផុតចេញមកបំពាក់ឲ្យវា ហើយយកចិញ្ចៀន និងស្បែកជើងមកឲ្យផង