19. ខ្ញុំនេះមិនគួរឲ្យគេហៅជាកូនលោកឪពុកទៀតទេ សូមទទួលខ្ញុំ ទុកដូចជាជើងឈ្នួលលោកឪពុកវិញចុះ
20. នោះវាក៏ក្រោកឡើងដើរទៅ លុះឪពុកឃើញពីចំងាយហើយ ក៏មានចិត្តអាណិតមេត្តា ហើយរត់ទៅឱបថើបវា
21. ទើបវានិយាយថា លោកឪពុក ខ្ញុំបានធ្វើបាបនឹងព្រះ ហើយនឹងលោកឪពុក ខ្ញុំមិនគួរឲ្យគេហៅជាកូនរបស់លោកឪពុកទៀតទេ
22. តែឪពុកប្រាប់ទៅពួកបាវគាត់ថា ចូរយកអាវល្អបំផុតចេញមកបំពាក់ឲ្យវា ហើយយកចិញ្ចៀន និងស្បែកជើងមកឲ្យផង
23. រួចយកកូនគោដែលបំប៉នមកសំឡាប់ចុះ យើងនឹងបរិភោគឲ្យសប្បាយចិត្ត
24. ដ្បិតកូនអញនេះបានស្លាប់ ឥឡូវរស់ឡើងវិញ ក៏បាត់ទៅ ហើយបានឃើញមកវិញ នោះគេក៏បរិភោគសប្បាយទាំងអស់គ្នាទៅ
25. ឯកូនច្បងនៅឯចំការ កាលត្រឡប់មកជិតដល់ផ្ទះ នោះក៏ឮសូរភ្លេង និងរបាំ
26. គាត់ហៅពួកបាវម្នាក់មកសួរថា គេធ្វើអ្វីហ្នឹង
27. បាវនោះជំរាបថា ប្អូនលោកត្រឡប់មកវិញ ហើយលោកឪពុកបានសំឡាប់កូនគោដែលបំប៉ន ដោយព្រោះបានកូនមកវិញដោយសុខសាន្ត
28. ដូច្នេះ គាត់ក៏ខឹង មិនព្រមចូលទៅសោះ បានជាឪពុកចេញមកអង្វរដល់គាត់
29. តែគាត់ឆ្លើយថា មើលខ្ញុំបានបំរើលោកឪពុកប៉ុន្មានឆ្នាំនេះមកហើយ មិនដែលធ្វើខុសអ្វីនឹងបង្គាប់សោះ តែលោកឪពុកមិនដែលឲ្យកូនពពែ សូម្បីតែ១ ឲ្យខ្ញុំបានអរសប្បាយ ជាមួយនឹងពួកមិត្រសំឡាញ់ខ្ញុំឡើយ
30. ឯកូនលោកឪពុក ដែលវាបង្ហិនបំផ្លាញសម្បត្តិលោកឪពុកអស់ ដោយនូវស្រីអ្នកលេងនេះ កាលបានមកដល់ នោះលោកឪពុកសំឡាប់កូនគោ ដែលបំប៉នឲ្យវាភ្លាម