1. អស់ទាំងអ្នកយកពន្ធ និងអ្នកមានបាប គេក៏ចូលមកជិត ដើម្បីស្តាប់ទ្រង់
2. នោះពួកផារីស៊ី និងពួកអាចារ្យគេឌុកដាន់ថា អ្នកនេះទទួលមនុស្សបាប ហើយក៏ស៊ីជាមួយនឹងគេផង
3. តែទ្រង់មានព្រះបន្ទូល ជាពាក្យប្រៀបប្រដូចនេះ ដល់គេថា
4. ក្នុងពួកអ្នករាល់គ្នា បើអ្នកណាមានចៀម១រយ តែបាត់១ តើមិនទុកចៀម៩៩ឲ្យនៅទីរហោស្ថាន ដើម្បីនឹងទៅតាមរកចៀម១ដែលបាត់ ទាល់តែឃើញទេឬអី
5. កាលណារកឃើញហើយ នោះក៏លើកព្រនរមក ដោយអំណរ
6. លុះមកដល់ផ្ទះវិញ អ្នកនោះនឹងហៅពួកសំឡាញ់ និងពួកអ្នកជិតខាងមក ប្រាប់ថា សូមអរសប្បាយជាមួយនឹងខ្ញុំ ដ្បិតចៀមខ្ញុំដែលបាត់ នោះឃើញវិញហើយ
7. ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅស្ថានសួគ៌ នឹងមានសេចក្ដីអំណរយ៉ាងនោះដែរ ដោយសារមនុស្សបាបតែ១នាក់ ដែលប្រែចិត្តវិញ ជាជាងមនុស្សសុចរិត៩៩នាក់ ដែលមិនត្រូវការប្រែចិត្តទេ។
8. ឬមានស្ត្រីឯណា ដែលមានប្រាក់១០ដួង បើបាត់១ តើមិនអុជចង្កៀង ហើយបោសផ្ទះរកអស់ពីចិត្ត ទាល់តែបានឃើញទេឬអី
9. កាលរកឃើញ នោះក៏ហៅពួកសំឡាញ់ និងអ្នកជិតខាងមកប្រាប់ថា សូមអរសប្បាយជាមួយនឹងខ្ញុំចុះ ដ្បិតប្រាក់ខ្ញុំដែលបាត់ នោះរកឃើញវិញហើយ
10. ដូច្នេះ ខ្ញុំប្រាប់អ្នករាល់គ្នាថា ក៏មានសេចក្ដីអំណរ នៅមុខពួកទេវតានៃព្រះយ៉ាងនោះដែរ ដោយសារមនុស្សបាបតែ១នាក់ ដែលប្រែចិត្តវិញ។
11. រួចទ្រង់ក៏មានព្រះបន្ទូលថា មានបុរសម្នាក់មានកូនប្រុស២
12. កូនពៅនិយាយទៅឪពុកថា សូមលោកឪពុកប្រគល់ចំណែកមរដក ដែលត្រូវចែកដល់ខ្ញុំនោះមក គាត់ក៏ចែកទ្រព្យនោះដល់កូន
13. ក្រោយបន្តិចមក កូនពៅប្រមូលទាំងអស់ ចេញទៅឯស្រុកឆ្ងាយ ហើយក៏បង្ហិនទ្រព្យទៅ ដោយល្បែងដ៏ហួសខ្នាត
14. កាលបានចាយអស់រលីងហើយ នោះកើតមានអំណត់ជាខ្លាំងនៅស្រុកនោះ វាក៏មានសេចក្ដីទ័លក្រ