លូកា 14:1-11 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. មាន​កាល​១​ថ្ងៃ ជា​ថ្ងៃ​ឈប់​សំរាក ព្រះ‌យេស៊ូវ​យាង​ចូល​ទៅ​សោយ​ព្រះ‌ស្ងោយ ក្នុង​ផ្ទះ​នាម៉ឺន​ម្នាក់ ដែល​ជា​ពួក​ផារី‌ស៊ី ពួក​នោះ​ក៏​រិះ‌គន់​មើល​ទ្រង់

2. គ្រា​នោះ ឃើញ​មាន​មនុស្ស​កើត​ទាច​ម្នាក់ នៅ​ចំពោះ​ទ្រង់

3. ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ពួក​អ្នក​ប្រាជ្ញ​ច្បាប់ និង​ពួក​ផារី‌ស៊ី​ថា តើ​មាន​ច្បាប់​នឹង​មើល​ឲ្យ​ជា នៅ​ថ្ងៃ​ឈប់​សំរាក​ឬ​ទេ

4. តែ​គេ​នៅ​តែ​ស្ងៀម នោះ​ទ្រង់​ក៏​យក​គាត់​មក​ប្រោស​ឲ្យ​ជា រួច​ឲ្យ​គាត់​ទៅ​វិញ

5. ហើយ​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា ក្នុង​ពួក​អ្នក​រាល់​គ្នា បើ​អ្នក​ណា​មាន​លា ឬ​គោ ធ្លាក់​ចុះ​ក្នុង​រណ្តៅ នៅ​ថ្ងៃ​ឈប់​សំរាក តើ​មិន​ស្រង់​យក​ចេញ ក្នុង​១​រំពេច​នោះ​ទេ​ឬ​អី

6. តែ​គេ​ពុំ​អាច​នឹង​ឆ្លើយ​អ្វី​ទូល​ទ្រង់ ពី​ដំណើរ​នោះ​បាន​ទេ។

7. កាល​ទ្រង់​ឃើញ​ពួក​ភ្ញៀវ ដែល​គេ​រើស​យក​កន្លែង​ប្រសើរៗ នោះ​ក៏​មាន​ព្រះ‌បន្ទូល​ជា​ពាក្យ​ប្រៀប​ធៀប​ទៅ​គេ​ថា

8. បើ​មាន​អ្នក​ណា​អញ្ជើញ​អ្នក​រាល់​គ្នា​ទៅ​បរិភោគ​ការ នោះ​កុំ​ឲ្យ​អង្គុយ​ត្រង់​កន្លែង​ដ៏​ប្រសើរ​ឡើយ ក្រែង​ចួន​ជា​គេ​បាន​អញ្ជើញ​អ្នក​ណា​ដែល​ធំ​ជាង​អ្នក

9. ហើយ​កាល​ណា​អ្នក​មង្គល‌ការ ដែល​បាន​អញ្ជើញ​អ្នក និង​អ្នក​នោះ​ផង គាត់​មក​និយាយ​នឹង​អ្នក​ថា ទុក​កន្លែង​នេះ​ឲ្យ​អ្នក​នេះ​អង្គុយ​វិញ នោះ​អ្នក​នឹង​ថយ​ទៅ​អង្គុយ​នៅ​កន្លែង​ក្រោយ​បង្អស់ ទាំង​ខ្មាស​គេ​ផង

10. ដូច្នេះ កាល​ណា​គេ​អញ្ជើញ​អ្នក នោះ​ត្រូវ​ទៅ​អង្គុយ​នៅ​កន្លែង​ក្រោយ​បង្អស់​សិន ដើម្បី​កាល​ណា​អ្នក​មង្គល‌ការ​មក​ដល់ នោះ​គាត់​នឹង​និយាយ​ថា សំឡាញ់​អើយ សូម​អញ្ជើញ​មក​អង្គុយ​នៅ​ខាង​មុខ​វិញ នោះ​អ្នក​នឹង​បាន​ថ្កើង​ឡើង នៅ​មុខ​ពួក​អ្នក​ដែល​អង្គុយ​នៅ​តុ​ជា​មួយ​គ្នា

11. ដ្បិត​អស់​អ្នក​ណា​ដែល​ដំកើង​ខ្លួន នោះ​នឹង​ត្រូវ​បន្ទាប​ចុះ តែ​អ្នក​ណា​ដែល​បន្ទាប​ខ្លួន នោះ​នឹង​បាន​ដំកើង​ឡើង​វិញ។

លូកា 14