21. នោះត្រូវធៀបដូចជាដំបែ ដែលស្ត្រីម្នាក់យកទៅលាយនឹងម្សៅ៣រង្វាល់ ទាល់តែដោរឡើងសព្វទាំងអស់។
22. ទ្រង់ក៏យាងកាត់អស់ទាំងក្រុង អស់ទាំងភូមិ ទាំងបង្រៀនបណ្តើរ ហើយចេះតែដំរង់ត្រង់ឆ្ពោះទៅឯក្រុងយេរូសាឡិម
23. ក៏មានម្នាក់ទូលសួរថា ព្រះអម្ចាស់អើយ តើមនុស្សដែលបានសង្គ្រោះ មានគ្នាតែបន្តិចទេឬអី តែទ្រង់មានព្រះបន្ទូលទៅគេថា
24. ចូរខំប្រឹងយ៉ាងអស់ពីចិត្ត ឲ្យបានចូលទៅតាមទ្វារចង្អៀត ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា នឹងមានមនុស្សជាច្រើនខំប្រឹងរកចូលដែរ តែចូលមិនបានទេ
25. កាលណាម្ចាស់ផ្ទះបានក្រោកឡើងបិទទ្វារ នោះអ្នករាល់គ្នានឹងចាប់តាំងឈរពីខាងក្រៅ គោះទ្វារទូលថា ឱព្រះអម្ចាស់ៗអើយ សូមបើកឲ្យយើងខ្ញុំផង នោះទ្រង់នឹងមានព្រះបន្ទូលឆ្លើយថា អញមិនស្គាល់ឯងរាល់គ្នាដែលមកពីណាទេ
26. រួចអ្នករាល់គ្នានឹងតាំងទូលថា យើងខ្ញុំបានទទួលទាននៅចំពោះទ្រង់ ហើយទ្រង់បានបង្រៀនតាមផ្លូវយើងខ្ញុំដែរ
27. តែទ្រង់នឹងមានព្រះបន្ទូលថា អញប្រាប់ឯងរាល់គ្នាថា អញមិនស្គាល់ឯងរាល់គ្នាដែលមកពីណាទេ នែ អស់អ្នកដែលប្រព្រឹត្តសេចក្ដីទុច្ចរិតអើយ ចូរថយចេញពីអញទៅ
28. ដូច្នេះ កាលណាឯងរាល់គ្នាត្រូវបោះទៅក្រៅ នោះនឹងយំ ហើយសង្កៀតធ្មេញ នៅទីនោះ ដោយឃើញលោកអ័ប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប ហើយអស់ទាំងហោរានៅក្នុងនគរព្រះ
29. ដ្បិតនឹងមានមនុស្សពីទិសខាងកើត ខាងលិច ខាងជើង ហើយខាងត្បូង មកអង្គុយក្នុងនគរព្រះដែរ
30. ហើយមើលនឹងមានមនុស្សក្រោយទៅជាមុន និងមនុស្សមុនទៅជាក្រោយវិញ។
31. នៅថ្ងៃនោះឯង មានពួកផារីស៊ីខ្លះមកទូលទ្រង់ថា ចូរថយចេញពីនេះទៅ ដ្បិតស្តេចហេរ៉ូឌរកចង់សំឡាប់លោក
32. តែទ្រង់មានព្រះបន្ទូលទៅគេថា ចូរអ្នករាល់គ្នាទៅប្រាប់សត្វកញ្ជ្រោងនោះថា មើលខ្ញុំដេញអារក្ស ហើយប្រោសមនុស្សឲ្យជា នៅថ្ងៃនេះ ហើយថ្ងៃស្អែក លុះដល់ថ្ងៃទី៣ ខ្ញុំនឹងបានសំរេចការ
33. ប៉ុន្តែ ត្រូវឲ្យខ្ញុំដើរតាមផ្លូវខ្ញុំទៅ នៅក្នុងថ្ងៃនេះ ថ្ងៃស្អែក ហើយខានស្អែកទៀត ដ្បិតគ្មានទំនងឲ្យហោរាណាវិនាស ក្រៅពីក្រុងយេរូសាឡិមទេ
34. ឱយេរូសាឡិម ក្រុងយេរូសាឡិម ជាទីក្រុងដែលសំឡាប់ពួកហោរា ហើយចោលថ្មទៅអស់អ្នក ដែលបានចាត់មកឯឯងអើយ តើប៉ុន្មានដងហើយ ដែលអញចង់ប្រមូលកូនឯងរាល់គ្នា ដូចជាមេមាន់ប្រមូលកូនក្រុងក្រោមស្លាប តែឯងមិនព្រមសោះនោះ