12. លុះទ្រង់បានឃើញគាត់ ក៏មានព្រះបន្ទូលហៅគាត់មក ប្រាប់ថា នាងអើយ នាងបានរួចពីជរាពិការហើយ
13. រួចទ្រង់ដាក់ព្រះហស្តលើគាត់ នោះគាត់ក៏ងើបត្រង់ឡើងជា១រំពេច ហើយពោលពណ៌នាសរសើរដល់ព្រះ
14. ឯមេសាលាប្រជុំគាត់នឹកគ្នាន់ក្នុងចិត្តណាស់ ដោយព្រោះព្រះយេស៊ូវបានប្រោសឲ្យជា នៅថ្ងៃឈប់សំរាក ក៏និយាយទៅមនុស្សទាំងនោះថា មានតែ៦ថ្ងៃទេ ដែលគួរធ្វើការបាន ដូច្នេះ ចូរមកក្នុងរវាងថ្ងៃទាំងនោះវិញ ដើម្បីឲ្យបានជាចុះ កុំឲ្យមកក្នុងថ្ងៃឈប់សំរាកឡើយ
15. នោះព្រះអម្ចាស់ ទ្រង់មានព្រះបន្ទូលឆ្លើយទៅគាត់ថា មនុស្សមានពុតអើយ តើអ្នករាល់គ្នាមិនស្រាយគោ ស្រាយលាពីចំណង ដឹកទៅឲ្យផឹកទឹក នៅថ្ងៃឈប់សំរាកទេឬអី
16. ឯស្ត្រីនេះ ជាពូជលោកអ័ប្រាហាំ ដែលអារក្សសាតាំងបានចងគាត់១៨ឆ្នាំមកហើយ ដូច្នេះ តើមិនគួរនឹងស្រាយឲ្យ រួចពីចំណងនេះ នៅថ្ងៃឈប់សំរាកដែរទេឬអី
17. កាលទ្រង់មានព្រះបន្ទូលសេចក្ដីទាំងនេះហើយ នោះអស់អ្នកដែលទាស់នឹងទ្រង់ ក៏អៀនខ្មាសគ្រប់គ្នា តែបណ្តាមនុស្ស គេកើតមានសេចក្ដីអំណរ ចំពោះគ្រប់ទាំងការឧត្តម ដែលទ្រង់ធ្វើនោះវិញ។
18. ទ្រង់មានព្រះបន្ទូលថា តើនគរព្រះធៀបដូចជាអ្វី តើត្រូវយកអ្វីមកផ្ទឹមនឹងនគរនោះ
19. គឺធៀបដូចជាគ្រាប់ពូជម្យ៉ាង ដែលមនុស្សម្នាក់យកទៅដាំក្នុងច្បារខ្លួន វាដុះឡើងទៅជាដើមឈើយ៉ាងធំ ហើយសត្វហើរលើមេឃក៏មកទំនៅមែកបាន
20. ទ្រង់ក៏មានព្រះបន្ទូលទៀតថា តើគួរឲ្យខ្ញុំធៀបនគរព្រះដូចជាអ្វី
21. នោះត្រូវធៀបដូចជាដំបែ ដែលស្ត្រីម្នាក់យកទៅលាយនឹងម្សៅ៣រង្វាល់ ទាល់តែដោរឡើងសព្វទាំងអស់។
22. ទ្រង់ក៏យាងកាត់អស់ទាំងក្រុង អស់ទាំងភូមិ ទាំងបង្រៀនបណ្តើរ ហើយចេះតែដំរង់ត្រង់ឆ្ពោះទៅឯក្រុងយេរូសាឡិម
23. ក៏មានម្នាក់ទូលសួរថា ព្រះអម្ចាស់អើយ តើមនុស្សដែលបានសង្គ្រោះ មានគ្នាតែបន្តិចទេឬអី តែទ្រង់មានព្រះបន្ទូលទៅគេថា
24. ចូរខំប្រឹងយ៉ាងអស់ពីចិត្ត ឲ្យបានចូលទៅតាមទ្វារចង្អៀត ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា នឹងមានមនុស្សជាច្រើនខំប្រឹងរកចូលដែរ តែចូលមិនបានទេ
25. កាលណាម្ចាស់ផ្ទះបានក្រោកឡើងបិទទ្វារ នោះអ្នករាល់គ្នានឹងចាប់តាំងឈរពីខាងក្រៅ គោះទ្វារទូលថា ឱព្រះអម្ចាស់ៗអើយ សូមបើកឲ្យយើងខ្ញុំផង នោះទ្រង់នឹងមានព្រះបន្ទូលឆ្លើយថា អញមិនស្គាល់ឯងរាល់គ្នាដែលមកពីណាទេ
26. រួចអ្នករាល់គ្នានឹងតាំងទូលថា យើងខ្ញុំបានទទួលទាននៅចំពោះទ្រង់ ហើយទ្រង់បានបង្រៀនតាមផ្លូវយើងខ្ញុំដែរ
27. តែទ្រង់នឹងមានព្រះបន្ទូលថា អញប្រាប់ឯងរាល់គ្នាថា អញមិនស្គាល់ឯងរាល់គ្នាដែលមកពីណាទេ នែ អស់អ្នកដែលប្រព្រឹត្តសេចក្ដីទុច្ចរិតអើយ ចូរថយចេញពីអញទៅ