1. នៅវេលានោះឯង មានអ្នកខ្លះនៅទីនោះ គេទូលព្រះយេស៊ូវ ពីរឿងពួកសាសន៍កាលីឡេ ដែលលោកពីឡាត់បានយកឈាមគេ លាយនឹងយញ្ញបូជា ដែលគេកំពុងតែថ្វាយ
2. តែទ្រង់មានព្រះបន្ទូលឆ្លើយទៅអ្នកទាំងនោះថា តើអ្នករាល់គ្នាស្មានថា ពួកកាលីឡេទាំងនោះមានបាប លើសជាងសាសន៍កាលីឡេឯទៀត ដោយព្រោះគេបានរងទុក្ខលំបាកយ៉ាងនោះឬអី
3. ខ្ញុំប្រាប់អ្នករាល់គ្នាថា មិនមែនទេ ប៉ុន្តែ បើអ្នករាល់គ្នាមិនប្រែចិត្តទេ នោះនឹងត្រូវវិនាសទាំងអស់គ្នាដូច្នោះដែរ
4. ឬស្មានថា ពួក១៨នាក់ដែលប៉មស៊ីឡោមបានរលំមកលើកិនស្លាប់នោះ គេមានទោសលើសជាងមនុស្សទាំងប៉ុន្មាន ដែលនៅក្រុងយេរូសាឡិមឬអី
5. ខ្ញុំប្រាប់អ្នករាល់គ្នាថា មិនមែនទេ ប៉ុន្តែ បើអ្នករាល់គ្នាមិនប្រែចិត្តទេ នោះនឹងត្រូវវិនាសទាំងអស់គ្នាដូច្នោះដែរ។
6. រួចទ្រង់មានព្រះបន្ទូលពាក្យប្រៀបប្រដូចនេះថា មានបុរសម្នាក់ មានដើមល្វាដុះក្នុងចំការខ្លួន គាត់បានមករកផលផ្លែពីដើមនោះ តែគ្មានសោះ
7. ក៏និយាយទៅអ្នករក្សាចំការថា មើល ៣ឆ្នាំមកហើយ ខ្ញុំមករកផលផ្លែពីដើមល្វានេះ មិនដែលបានសោះ ដូច្នេះ ចូរកាប់ចោលទៅ ទុកឲ្យនៅបង្ខាតដីធ្វើអី
8. តែអ្នកនោះឆ្លើយថា សូមលោកទុកនៅ១ឆ្នាំទៀតសិន ចាំខ្ញុំជ្រួយដី ហើយដាក់ជី លមើល
9. ក្រែងកើតមានផលផ្លែឡើង បើគ្មានទេ នោះសូមកាប់ចោលទៅចុះ។
10. កាលព្រះយេស៊ូវ ទ្រង់កំពុងតែបង្រៀនក្នុងសាលាប្រជុំ១ នៅថ្ងៃឈប់សំរាក
11. នោះឃើញមានស្ត្រីម្នាក់ ដែលអារក្សធ្វើឲ្យពិការ អស់១៨ឆ្នាំមកហើយ មានខ្នងកោង ងើបត្រង់ពុំបានសោះ
12. លុះទ្រង់បានឃើញគាត់ ក៏មានព្រះបន្ទូលហៅគាត់មក ប្រាប់ថា នាងអើយ នាងបានរួចពីជរាពិការហើយ
13. រួចទ្រង់ដាក់ព្រះហស្តលើគាត់ នោះគាត់ក៏ងើបត្រង់ឡើងជា១រំពេច ហើយពោលពណ៌នាសរសើរដល់ព្រះ