9. តែអ្នកណាដែលមិនព្រមទទួលស្គាល់ខ្ញុំ នៅមុខមនុស្សលោក នោះខ្ញុំក៏មិនទទួលស្គាល់អ្នកនោះ នៅចំពោះមុខពួកទេវតានៃព្រះដែរ
10. ឯអស់អ្នកណា ដែលពោលពាក្យ ទាស់នឹងកូនមនុស្ស នោះនឹងបានអត់ទោសឲ្យ តែអ្នកណាដែលប្រមាថដល់ព្រះវិញ្ញាណបរិសុទ្ធវិញ នោះមិនបានអត់ទោសឲ្យឡើយ
11. កាលណាគេបណ្តើរអ្នករាល់គ្នាទៅនៅមុខពួកជំនុំគេ ឬចំពោះចៅក្រម ឬពួកនាម៉ឺន នោះកុំឲ្យបារម្ភព្រួយ ពីបែបយ៉ាងណា ឬពីពាក្យអ្វី ដែលនឹងត្រូវឆ្លើយដោះសា ឬនិយាយនោះឡើយ
12. ដ្បិតគឺព្រះវិញ្ញាណបរិសុទ្ធ ទ្រង់នឹងបង្រៀនសេចក្ដីដែលអ្នករាល់គ្នាត្រូវនិយាយ នៅវេលានោះឯង។
13. មានម្នាក់ក្នុងហ្វូងមនុស្សទូលទ្រង់ថា លោកគ្រូ សូមលោកប្រាប់បងខ្ញុំ ឲ្យគាត់ចែកមរដកមកខ្ញុំផង
14. ទ្រង់ឆ្លើយតបថា ឱអ្នកអើយ តើអ្នកណាបានតាំងខ្ញុំ ឲ្យធ្វើជាចៅក្រម សំរាប់ចែករបស់ទ្រព្យដល់អ្នករាល់គ្នា
15. រួចទ្រង់មានព្រះបន្ទូលទៅគ្រប់គ្នាថា ចូរប្រយ័ត្ន ហើយខំចៀសពីសេចក្ដីលោភចេញ ដ្បិតជីវិតនៃមនុស្សមិនស្រេចនឹងបានទ្រព្យសម្បត្តិជាបរិបូរទេ
16. ទ្រង់ក៏មានព្រះបន្ទូលជាពាក្យប្រៀបធៀបទៅគេថា មានស្រែចំការរបស់អ្នកមានម្នាក់បានកើតផលចំរើនជាបរិបូរ
17. ហើយអ្នកនោះរិះគិតក្នុងចិត្តថា តើត្រូវឲ្យអញធ្វើដូចម្តេច ដ្បិតអញគ្មានកន្លែងណានឹងដាក់ផលរបស់អញទាំងនេះទេ
18. ទើបយល់ថា អញត្រូវធ្វើយ៉ាងនេះ គឺអញនឹងរុះជង្រុកអញ ពង្រីកឲ្យធំជាងទៅទៀត រួចប្រមូលផល និងទ្រព្យសម្បត្តិទៅផ្ទុកនៅទីនោះ
19. នោះអញនឹងប្រាប់ដល់ចិត្តថា ចិត្តអើយ ឯងមានទ្រព្យសម្បត្តិជាច្រើន ល្មមទុកសំរាប់ជាយូរឆ្នាំទៅមុខទៀតបានហើយ ចូរឯងឈប់សំរាកទៅ ហើយស៊ីផឹកសប្បាយចុះ