41. ពេត្រុសទូលសួរទ្រង់ថា ព្រះអម្ចាស់អើយ ទ្រង់មានព្រះបន្ទូលពាក្យប្រៀបប្រដូចនេះ ដល់ត្រឹមយើងខ្ញុំប៉ុណ្ណោះ ឬដល់មនុស្សគ្រប់គ្នាដែរ
42. ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលតបថា ចុះតើអ្នកណាជានាយដំរួតការដែលស្មោះត្រង់ មានមារយាទល្អ ដែលចៅហ្វាយនឹងតាំងឲ្យត្រួតលើពួកផ្ទះលោក ដើម្បីនឹងបើកអាហារឲ្យគេបរិភោគតាមត្រូវពេល
43. បើកាលចៅហ្វាយមកដល់ ឃើញអ្នកបំរើនោះកំពុងតែធ្វើដូច្នោះ នោះវាមានពរហើយ
44. ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា លោកនឹងតាំងអ្នកនោះ ឲ្យត្រួតត្រាលើរបស់ទ្រព្យលោកទាំងអស់
45. ប៉ុន្តែ បើអ្នកបំរើនោះគិតស្មានក្នុងចិត្តថា ចៅហ្វាយអញក្រមក ហើយក៏តាំងវាយពួកបាវប្រុសស្រី ទាំងស៊ីផឹកស្រវឹងវិញ
46. ដូច្នេះ ដល់ថ្ងៃដែលអ្នកបំរើនោះមិននៅចាំ ហើយវេលាណាដែលមិនដឹង នោះចៅហ្វាយនឹងមកដល់ ក៏នឹងធ្វើទោសជាយ៉ាងធ្ងន់ ព្រមទាំងឲ្យមានចំណែកជាមួយនឹងពួកមនុស្សមិនជឿផង
47. អ្នកបំរើណាដែលស្គាល់ចិត្តចៅហ្វាយ តែមិនបានរៀបចំ ឬធ្វើតាមចិត្តលោកសោះ នោះនឹងត្រូវរំពាត់ជាយ៉ាងច្រើន
48. ឯអ្នកណាដែលមិនបានស្គាល់ តែបានប្រព្រឹត្តគួរនឹងត្រូវរំពាត់ នោះនឹងត្រូវវាយតិចវិញ ឯអស់អ្នកណាដែលគេប្រគល់ទុកជាច្រើនឲ្យ នោះគេនឹងទារជាច្រើនពីអ្នកនោះវិញ គេនឹងសូមលើសទៅទៀត ពីអ្នកណាដែលគេបានផ្ញើទុកជាច្រើនផង។
49. ខ្ញុំបានមក ដើម្បីនឹងបោះភ្លើងនៅលើផែនដី បើភ្លើងនោះឆេះហើយ តើខ្ញុំនៅចង់បានអ្វីទៀត
50. តែខ្ញុំត្រូវទទួលបុណ្យជ្រមុជ១សិន ហើយខ្ញុំត្រូវចង្អៀតចង្អល់យ៉ាងដូចម្តេចទៅហ្ន៎ ទំរាំតែបុណ្យនោះបានសំរេច
51. តើអ្នករាល់គ្នាស្មានថា ខ្ញុំមកដើម្បីឲ្យមានសេចក្ដីសុខសាន្តនៅផែនដីឬអី ខ្ញុំប្រាប់អ្នករាល់គ្នាថា មិនមែនទេ គឺមកដើម្បីឲ្យកើតប្រដិបក្សវិញទេតើ
52. ដ្បិតពីនេះទៅមុខ នឹងមាន៥នាក់ក្នុងផ្ទះ១បាក់បែកគ្នា គឺ៣នាក់ទាស់នឹង២នាក់ ហើយ២នាក់ទាស់នឹង៣នាក់
53. ឯឪពុក នឹងបាក់បែកទាស់នឹងកូនប្រុស ហើយកូនប្រុសទាស់នឹងឪពុក ម្តាយទាស់នឹងកូនស្រី ហើយកូនស្រីទាស់នឹងម្តាយ ម្តាយក្មេកទាស់នឹងកូនប្រសាស្រី ហើយកូនប្រសាស្រីទាស់នឹងម្តាយក្មេកដែរ។
54. ទ្រង់ក៏មានព្រះបន្ទូលទៅបណ្តាមនុស្សដែរថា កាលណាអ្នករាល់គ្នាឃើញពពកឡើងពីទិសខាងលិច ស្រាប់តែអ្នករាល់គ្នាថា ចង់ភ្លៀងហើយ រួចក៏មានដូច្នោះមែន
55. ហើយកាលណាខ្យល់បក់ពីខាងត្បូង នោះអ្នករាល់គ្នាថា ថ្ងៃនេះ មុខជាក្តៅ នោះក៏មានដែរ