27. ចូរពិចារណាពីផ្កាឈូកដែរ ដែលវាដុះ តើមានសភាពដូចម្តេច វាមិនដែលនឿយធ្វើការងារ ឬស្រាវរវៃទេ ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា សូម្បីតែហ្លួងសាឡូម៉ូន ក្នុងគ្រាដែលមានគ្រប់ទាំងសេចក្ដីរុងរឿងរបស់ទ្រង់ នោះមិនបានតែងអង្គដូចជាផ្កា១នោះផង
28. ឯតិណជាតិដែលដុះឡើងដូច្នេះ ហើយថ្ងៃនេះមាន តែថ្ងៃស្អែកត្រូវបោះទៅក្នុងជើងក្រាន នោះបើព្រះទ្រង់តុបតែងវាយ៉ាងដូច្នោះ ឱមនុស្សមានជំនឿតិចអើយ តើទ្រង់នឹងបំពាក់ឲ្យអ្នករាល់គ្នា លើសជាងអម្បាលម៉ានទៅទៀត
29. កុំឲ្យស្វែងរកតែគ្រឿងសំរាប់បរិភោគ ហើយកុំថប់បារម្ភឡើយ
30. ដ្បិតអស់ទាំងសាសន៍ដទៃនៅលោកីយ៍នេះ តែងស្វែងរករបស់ទាំងនោះ ឯអ្នករាល់គ្នាវិញ នោះព្រះវរបិតានៃអ្នកទ្រង់ជ្រាបហើយ ថាអ្នករាល់គ្នាត្រូវការនឹងរបស់ទាំងនោះ
31. ចូរខំស្វែងរកនគរព្រះវិញ នោះគ្រប់របស់ទាំងនោះនឹងបានប្រទានមកអ្នករាល់គ្នាផង
32. កុំឲ្យខ្លាច ហ្វូងតូចអើយ ព្រោះព្រះវរបិតានៃអ្នករាល់គ្នា ទ្រង់សព្វព្រះហឫទ័យ នឹងប្រទាននគរមកអ្នករាល់គ្នាពិត
33. ចូរលក់របស់ដែលអ្នករាល់គ្នាមានទាំងប៉ុន្មាន ហើយចែកឲ្យទៅជាទានចុះ ចូរធ្វើថង់ដែលមិនចេះចាស់ សំរាប់ខ្លួន ជាទ្រព្យដែលមិនចេះអស់ នៅឯស្ថានសួគ៌វិញ ដែលជាស្ថានគ្មានចោរចូលទៅជិតឡើយ ហើយកន្លាតក៏មិនកាត់បំផ្លាញដែរ
34. ព្រោះសម្បត្តិទ្រព្យអ្នកនៅកន្លែងណា នោះចិត្តអ្នកក៏នឹងស្ថិតនៅកន្លែងនោះឯង។
35. ចូរឲ្យចង្កេះអ្នករាល់គ្នានៅជាក្រវាត់ ហើយចង្កៀងនៅឆេះ
36. ចូរអ្នករាល់គ្នាធ្វើដូចជាមនុស្ស ដែលនៅរង់ចាំចៅហ្វាយខ្លួន ត្រឡប់មកពីស៊ីការវិញ ដើម្បីកាលណាលោកមកគោះទ្វារហៅ នោះឲ្យបានបើកឲ្យជា១រំពេច
37. បើកាលណាចៅហ្វាយមកដល់ ឃើញពួកបាវកំពុងតែចាំយាមដូច្នោះ នោះគេមានពរណាស់ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា លោកនឹងឲ្យអ្នកទាំងនោះ អង្គុយនៅតុ ហើយលោកនឹងក្រវាត់ខ្លួនលោក មកបំរើគេវិញ